រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ថាបានរកឃើញអ្នកឆ្លងជំងឺកូវី១៩ចំនួន២នាក់ ខណៈបានព្យាបាលជាសះស្បើយចំនួន១នាក់។
ក្រសួងបានឲ្យដឹងថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ជាអ្នកដំណើរមិនមែនជាពលករខ្មែរមកពីប្រទេសថៃនោះទេ។ អ្នកឆ្លងគឺ ១-ស្ត្រីជនជាតិខ្មែរ អាយុ៧៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិច បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួង សុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិ កំចាត់ រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ក្រសួងបានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៩៧នាក់ ដែលនៅក្នុង ចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៥៦នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញចំនួន១នាក់ សណ្ឋាគារ មួយទៀតចំនួន០៣នាក់ សណ្ឋាគារ មួយទៀត ចំនួន៣៧នាក់ សណ្ឋាគារមួយផ្សេងទៀត ចំនួន ៥៤នាក់ និងស្ថានទូតអាមេរិក ចំនួន១នាក់។
២-ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុ សំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសូមកត់សម្គាល់ថាអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១១០នាក់ ដែលនៅក្នុង ចំនួននេះមាន ស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១០៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញ ចំនួន ១នាក់ សណ្ឋាគារ មួយទៀត ចំនួន ៥១នាក់ និងសណ្ឋាគារ មួយផ្សេងទៀត ចំនួន ៥៧នាក់។
ក្រសួងបានឲ្យដឹងថា មានករណីជាសះស្បើយ សរុបចំនួន ១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃជា ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បង្អែក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩មកដល់ថ្ងៃទី៧កុម្ភះឆ្នាំ២០២១សរុបចំនួន៤៧៤នាក់និងបានព្យាបាលជាសះស្បើយចំនួន៤៥៤នាក់និងកំពុងសម្រាកព្យាបាលចំនួន២០នាក់៕

ចែករំលែកព័តមាននេះ