រាជធានីភ្នំពេញ ៖ ទីសត្តឃាតដ្ឋាន សេនគ្រីយ៉ា (កុងស៊ីកាប់គោ ក្របី) ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចុះធ្វើការសាកសួរ និងពិនិត្យជាក់ស្តែង បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលរស់នៅជុំវិញទៅសាលារាជធានីភ្នំពេញ ដោយចោទប្រកាន់ថា ទីសត្តឃាតនេះបង្កអោយប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយសារតែបង្ហូរកាកសំណល់ និងឈាមចូលទៅក្នុងព្រែក(ប្រឡាយ)។

ការចុះសាកសួរ និងត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីមានការជួបប្រជុំពាក់ព័ន្ធ ស្តីពីការចុះផ្សាយរបស់សារព័ត៌មានពីទីតាំង សត្តឃាតនេះ ដែលបានបង្ហូរកាកសំណល់ធ្វើអោយមានក្លិនស្អុយ និងបង្កសម្លេងប៉ះពាល់ដល់បរិស្ថាន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងមក ក្រោមអធិបតីភាពលោក លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ។

តាមព័ត៌មានឱ្យដឹងថា ជុំវិញពាក្យបណ្តឹងនេះ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ អាជ្ញាធរសង្កាត់និងខណ្ឌជ្រោយចង្វារ ក៏បានចុះទៅសាកសួរ និងស្រាវជ្រាយស្នាមមេដៃប្រជាពលរដ្ឋចំនួន ១៦នាក់ដែលបានផ្តិតមេដៃប្តឹងកុងស៊ីនេះ ។ នៅក្នុងនោះ ប្រជាពលររដ្ឋខ្លះក៏បានអះអាងថា ខ្លួនមិនបានប្តឹងនោះទេ គឺគ្រាន់តេស្នើសុំអោយម្ចាស់កុងស៊ីជួយស្ថាបនាផ្លូវ និងកុំអោយដុតឆ្លងបង្កអោយប៉ះពាក់ពាល់ដល់អ្នករស់នៅក្បែរនោះ និងអ្នកខ្លះទៀតបានអះអាងមិនបានផ្តិតមេដៃនោះទេ ។

ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ មន្ត្រីជំនាញក៏បានចុះទៅសាកសួរជុំវិញ និងបានចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំង ដែលមានការចោទប្រកាន់នោះ ។ តាមការត្រួតពិនិត្យមន្ត្រីជំនាញក៏បានឃើញមានអាងចំនួន២ ដែលម្ចាស់កុងស៊ីធ្វើសម្រាប់បង្ហូរឈាម និងកាកសំណល់ស្តុកទុករួចដឹកចេញទៅខាងក្រៅ ។

ទន្ទឹមនោះ មន្ត្រីជំនាញ និងអាជ្ញាធរ ក៏បានណែនាំដល់ម្ចាស់កុងស៊ី អោយធ្វើការកែលំអ លាងសំអាតជាច្រាំរាល់ថ្ងៃ ហើយត្រូវដឹកកាកសំណល់នោះចេញ ដោយកុំអោយមានការជ្រុះប៉ះពាល់ដល់អ្នករស់នៅជុំវិញ ព្រមទាំងធ្វើយ៉ាងណាកុំបង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ ។ ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើប្រព័ន្ធ បង្ហូរទឹក និងហាមរថយន្តដឹកធ្ងន់ចេញ-ចូលបំផ្លាញផ្លូវ ។

ជាការឆ្លើយតប លោកសេន គ្រីយ៉ា ម្ចាស់កុងស៊ីក៏បានទទួលយកតាមការណែនាំរបស់មន្ត្រីជំនាញ និងអាជ្ញាធរធ្វើយ៉ាងកែលំអរកុំអោយប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋផងដែរ ៕





ចែករំលែកព័តមាននេះ