ប្រពន្ធ កូន ទ្រព្យសម្បត្តិទាំងឡាយគឺសុទ្ធតែជាគ្រឿងចងឬជាចំណងដ៏ស្វិតស្វាញ មិនមែនជាចំណងធូររលុងនោះឡើយ គឺជាចំណងដ៏រឹងមាំមិនងាយនឹងស្រាយ មិនងាយនឹងដាច់នោះឡើយ ។
ពុទ្ធគាថាបានសម្តែងថា បុត្តគីវី ភរិយាហត្ថេ ធនំបាទេ ។ ប្រែថា កូនចង.ក ភរិយាចងដៃ ទ្រព្យសម្បត្តិចងជើង ។ ចំណងទាំងបីនេះរមែងចងក្រៀកបុគ្គលមិនឱ្យទៅណារួចឡើយ បើបុគ្គលនោះមិនមានបញ្ញាថែមទៀតនោះ ចំណងនេះនឹងទាញទម្លាក់ឲ្យធ្លាក់ទៅក្នុងសេចក្តីទុក្ខមិនខាន ។
មានមនុស្សមិនតិចនាក់ទេ ដែលបានត្អូញត្អែររៀបរាប់ពីទុក្ខលំបាក យ៉ាងនេះមួយ យ៉ាងនោះមួយព្រោះតែចំណងទាំងបីនេះចងក្រៀកទុកមិនឲ្យរើរួចចេញពីវដ្តទុក្ខនេះបាន ទុក្ខព្រោះស្រឡាញ់ជាប់ចិត្ត ទុក្ខព្រោះការហួងហែងនេះឯង ។
ព្រះពុទ្ធជាម្ចាស់ កាលទ្រង់នៅជាព្រះពោធិសត្វក៏ត្រូវជាប់ជំពាក់ក្នុងចំណងទាំងបីនេះមិនធម្មតាដែរ ព្រះអង្គត្រូវពន្យារពេលរហូតដល់ទៅ២៩ឆ្នាំទើបស្ដេចយាងចេញទៅសាងផ្នួសបាន នេះក៏ព្រោះតែ ភរិយា កូន ទ្រព្យនេះឯងជាចំណងមាំណាស់ ចងក្រៀកទុកអស់ជាច្រើនឆ្នាំ ។
ហេតុនោះទើបអ្នកពុទ្ធនិយមពោលថា ប្រពន្ធ កូន ទ្រព្យ ជាចំណងធំ អ្នកឈ្លាសប្រតិពលទើបអាចស្រាយចំណងនេះបាន ៕ សាន សារិន
ចែករំលែកព័តមាននេះ