ករណីឆេះឃ្លាំង ទំហំខូចខាតអាចខ្ទង់រាប់លានដុល្លារឯណោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅចំណុចឃ្លាំងដីឡូតិ៍លេខ៥ ផ្លូវលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចប៉ាន់ស្មានទំហំនៃការខូចខាតជាបឋមថាអាចមានចំនួនរហូតដល់ខ្ទង់រាប់លានដុល្លារឯណោះ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងខាងលើនេះដែរ បានបណ្តាលឱ្យបុរសជាកម្មករចំនួន២នាក់បានឆេះបាត់បង់ជីវិត និងឃ្លាំងស្តុកទំនិញដែលមានទំហំ១៧ម៉ែត្រគុណ២៥ម៉ែត្រ ធ្វើអំពីដែក ប្រក់សង្កសី ត្រូវភ្លើងឆេះអស់ទាំងស្រុង រួមទាំងទំនិញយ៉ាងច្រើននៅខាងក្នុងនោះ ដែលមានដូចជា ថង់ប្លាស្ទិក កៅស៊ូកងពាក់ដៃ កេសស្នោរ ប្រអប់បាយ រួមទាំងទំនិញជាច្រើនមុខផ្សេងៗទៀតត្រូវបានភ្លើងឆេះអស់ទាំងស្រុងគ្នាសល់ផងដែរ ។ ដោយឡែក ផ្ទះចំនួន២ល្វែង ដែលនៅក្បែរនោះក៏រងការខូចខាតអស់ទាំងស្រុង និង១ល្វែងទៀតត្រូវភ្លើងឆេះរោលខ្លោចយ៉ាងធ្ងន់ធ្ងរ និងផ្ទះល្វែងខាងក្រោយចំនួន៥ល្វែងទៀត ក៏រងការរោលផ្សែងភ្លើងផងដែរ (សរុបផ្ទះរងផលប៉ះពាល់មានចំនួន៨ល្វែង) និងបើនិយាយពីទំហំនៃការខូចខាត ក្នុងករណីអគ្គីភ័យនេះដែរ គឺអាចបាត់បង់ប្រាក់រហូតទៅដល់ខ្ទង់រាប់លានដុល្លារឯណ្ណោះ។
តាមប្រភពខាងលើបានបន្តថា ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញខាងលើនេះដែរ មានរថយន្តពន្លត់អគ្គិភ័យមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់សរុបប្រមាណជាជាង១០០គ្រឿង បានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយសារស្ថានភាពមានការលំបាក ណាមួយនៅក្នុងឃ្លាំងមានស្តុកទុកសុទ្ធតែគ្រឿងងាយឆេះយ៉ាងច្រើននៅខាងក្នុង ក៏បានយកគ្រឿងចក្រចំនួន២គ្រឿងបន្ថែមទៀតមកជួយកាយ ដើម្បីអាចចូលទៅបាញ់ទឹកពន្លត់ដល់ខាងក្នុងបាន ។
តាមប្រភពខាងលើបានបន្តថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើគឺតាំងពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៩ មករា រហូតដល់ព្រឹកថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២១ ទើបបានភ្លើងថមថយ និងគ្រប់គ្រងបាន ហើយក្រុមអ្នកសង្គ្រោះកាយរកឃើញសាកសពរបស់បុរសរងគ្រោះទាំង២នាក់ ស្ថិតក្នុងស្ថានភាពដេកស្លា.ប់ក្នុងបន្ទប់មួយជាមួយគ្នា និងយកសពចេញមកក្រៅបាន។
ជុំវិញករណីអគ្គិភ័យឆេះឃ្លាំងខាងលើនេះ គេមិនដឹងមកពីមូលហេតុអ្វីឱ្យច្បាស់លាស់នោះទេ បើតាមការសន្និដ្ឋានជាជំហ៊ានដំបូង គេសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ចំណែកឯទំហំនៃកាខូចខាតវិញក៏នៅមិនទាន់បានដឹងច្បាស់នៅឡើយដែរ ដោយគ្រាន់តែសន្និដ្ឋានថា អាចអស់ខ្ទង់រាប់លានដុល្លារ និងរង់ចាំបង្កើតគណៈកម្មការចុះមកធ្វើការស៊ើបអង្កេត និងស្រាវជ្រាវនៅពេលក្រោយជាបន្តទៀត ។
ដោយឡែកសពបុរសជាកម្មកររងគ្រោះទាំង២នាក់ ក្រោយពីកាយរុករកឃើញនាវេលាម៉ោងប្រមាណ៩ជាងព្រឹកនាថ្ងៃដដែលនោះ ក៏បានបញ្ជូនយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យ បន្ទាប់ពីពិនិត្យរួចរាល់ ទើបប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
គួររំលឹកថា ត្រឹមព្រឹកនេះ! បន្តរុករកកម្មករ២នាក់ជាប់ក្នុងគំនរឃ្លាំងឆេះ (វីដេអូ)
គួររំលឹកថា រកឃើញហើយ! កម្មករទាំង២នាក់ជាប់ក្នុងគំនរឃ្លាំងឆេះ
គួររំលឹកថា កម្មកររួចផុតជីវិតម្នាក់ប្រាប់រឿងរ៉ាវអគ្គិភ័យដែលឆក់យកជីវិតមនុស្ស២នាក់





















































ចែករំលែកព័តមាននេះ