កម្មកររួចផុតជីវិតម្នាក់ប្រាប់រឿងរ៉ាវអគ្គិភ័យដែលឆក់យកជីវិតមនុស្ស២នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចឃ្លាំងដីឡូតិ៍លេខ៥ ផ្លូវលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យមកពីតាមបណ្តាអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនគ្រឿង និងគ្រឿងចក្រចំនួន២គ្រឿងទៀត ចុះមកជួយអន្តរាគមន៍កាយ និងបាញ់ទឹកពន្លត់អស់ជាច្រើនម៉ោង រហូតដល់វេលាម៉ោងជាង៩ព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ ទើបកាយរកឃើញសពកម្មកររងគ្រោះទាំង២រូបនោះ ។ គួររំលឹកថា រកឃើញហើយ! កម្មករទាំង២នាក់ជាប់ក្នុងគំនរឃ្លាំងឆេះ
តាមប្រភពពីបុរសជាកម្មករម្នាក់ដែលធ្វើការនៅឃ្លាំងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលបាត់បង់ជីវិតក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងខាងលើរួមមាន ម្នាក់ឈ្មោះសយ តារា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិតាស្អាង ឃុំ កំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវជាបងថ្លៃរបស់គាត់ និងម្នាក់ទៀតគ្រាន់តែដឹងថាឈ្មោះ វ័ន្ត អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឯខេត្តតាកែវប៉ុណ្ណោះ (មិនដែលបានស្គាល់សាច់ញាតិ ឬក្រុមគ្រួសារបស់ឈ្មោះវ័ន្ត នេះឡើយ) ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជាង១យប់ រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៩ មករា នោះ រូបគាត់ក៏ដូចជាអ្នកធ្វើការជាមួយគ្នាដែលជាក្រុមកម្មករបម្រើការងារក្នុងឃ្លាំងកើតហេតុខាងលើសុទ្ធតែជាប្រុសៗទាំងអស់សរុបមានចំនួន១៤នាក់ ហើយឃ្លាំងខាងលើមានបន្ទប់សម្រាប់កម្មករស្នាក់នៅចំនួន៦បន្ទប់ ដោយកម្មករទាំងអស់សម្រាកទៅតាមបន្ទប់រៀងៗខ្លួន ដោយក្នុងមួយបន្ទប់ៗមានពី២ទៅ៣នាក់ ដោយអ្នកខ្លះស្នាក់នៅខាងលើ រីឯអ្នកខ្លះស្នាក់នៅខាងក្រោម។
តាមប្រភពដដែលបានបន្តថា ពេលដែលរូបគាត់ និងក្រុមកម្មករផ្សេងទៀតកំពុងតែដេកលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់នោះ ក៏ស្រាប់តែឮសំឡេងផ្ទុះបំពង់ពន្លត់អគ្គិភ័យមួយនៅក្បែរខ្លួនគាត់លាន់ឮយ៉ាងខ្លាំង ទើបធ្វើអោយគាត់ភ្ញាក់ដឹងខ្លួន ក៏ស្រាប់តែឃើញ អណ្តាតភ្លើងយ៉ាងក្រហមច្រាលឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងនៅឡៅតឿ ហើយគាត់ក៏ស្ទុះស្រវ៉េស្រវ៉ាស្រែកឆោឡោរត់ទៅដាស់គេឯង អោយក្រោកឡើង និងនាំគ្នារត់ចេញមកខាងក្រៅមានតែខ្លួនទទេ ដោយអ្នកខ្លះស្លៀកតែលីអូ និងខ្លះទៀតស្លៀកក្រមា ដោយ មិនបានយកលុយកាក់ និងរបស់របរអ្វីចេញមកឡើយ គឺយកតែរួចខ្លួនប៉ុណ្ណោះ ។
តាមប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើនេះដែរ គាត់មិនបានដឹងថា អ្នកណាខ្លះបានរត់ចេញមកខាងក្រៅខ្លះនោះទេ ដោយសារតែម្នាក់ៗភ័យស្លន់ស្លោគ្រប់គ្នាខ្លាំងពេក ណាមួយអណ្តាតភ្លើងក៏ឆាបឆេះកាន់តែខ្លាំងៗទៅផងដែរ ដោយគាត់នឹកស្មានតែក្រុមកម្មករនាំគ្នារត់ចេញមកខាងក្រៅអស់ហើយនោះ លុះព្រឹកឡើងទើបបានដឹងថា បាត់បងថ្លៃរបស់គាត់ម្នាក់ និងបាត់បុរសម្នាក់ទៀតឈ្មោះថា វ័ន្ត ក្រោយក៏ត្រូវបានគេរកឃើញស្លា.ប់ទាំង២នាក់នៅក្នុងភ្នក់ភ្លើងនាពេលនេះ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីហេតុការណ៍បែបនេះកើតឡើង រូបគាត់ក៏បានទូរស័ព្ទទៅប្រាប់បងស្រីដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ និងក្រុមគ្រួសារអោយបានដឹងពីររឿងនេះ ចំណែកឯបុរសម្នាក់ទៀតឈ្មោះ វ័ន្ត មិនមានអ្នកណាម្នាក់បានស្គាល់ក្រុមគ្រួសារ និងសាច់ញាតិនោះទេ ព្រោះជនរងគ្រោះរូបនេះទើបមកធ្វើការនៅទីនេះ តែម្នាក់ឯងប៉ុណ្ណោះ និងសមត្ថកិច្ចក៏កំពុងប្រកាសរកក្រុមគ្រួសាររបស់បុរសរងគ្រោះរូបនេះផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

























ចែករំលែកព័តមាននេះ