ត្រឹមព្រឹកនេះ! បន្តរុករកកម្មករ២នាក់ជាប់ក្នុងគំនរឃ្លាំងឆេះ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ មករា ឆ្នាំ២០២១ នេះ សមត្ថកិច្ចនៅតែបន្តសកម្មភាពរុករកកម្មករចំនួន២នាក់ជាប់ក្នុងគំនរឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូន (រថយន្តក្រុង) ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ ២០២១ នៅចំណុចឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូន (រថយន្តក្រុង) ម្តុំខាងក្រោយអតីតតុលាការយោធា ផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ទោះជាបែបនេះក្តី នៅតែមិនទាន់រកឃើញសពកម្មករទាំង២នាក់នោះនៅឡើយទេ ខណៈអគ្គិភ័យមិនទាន់រលត់ជាស្ថាពរនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមទាំងគ្រឿងចក្រកំពុងតែអន្តរាគមន៍បាញ់ពន្លត់ជាបន្តទៀតផងដែរ ។
គិតត្រឹមព្រឹកថ្ងៃដដែលនេះដែរ គេសង្កេតឃើញវត្តមានរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យនៅកន្លែងកើតហេតុផងដែរ ។
គួររំលឹកថា បុរសជាកម្មករចំនួន២នាក់បានបាត់បង់ជីវិតក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូន (រថយន្តក្រុង) មួយកន្លែង នៅម្តុំខាងក្រោយអតីតតុលាការយោធា ផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១និង៥នាទីរំលងធ្រាត្រឈានចូលព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ ២០២១ ។
ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆេះឃ្លាំងខាងលើនេះដែរ គេនៅមិនទាន់បានដឹងពីមូលហេតុនៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

































ចែករំលែកព័តមាននេះ