រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកទំនិញបើកវ៉ាជែងក៏ជ្រុលទៅបុករថយន្តស្ទូចបើកឆ្លងផ្លូវ រួចក៏រេចង្កូតជ្រុលទៅកៀររថយន្តយីឌុបដឹកទំនិញមួយគ្រឿងផ្សេងទៀតក្នុងទិសដៅស្របគ្នា ធ្វើឱ្យរថយន្តទាំង៣គ្រឿងកៀបជាប់គ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែម្តង ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅជិតច្រកចូលពន្ធនាគារព្រៃ.ស ផ្លូវបេតុងព្រៃ.ស ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A2822 ធ្វើដំណើរចេញពីផ្លូវលំ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងផ្លូវបញ្ឆិតឡើងទៅផ្លូវបេតុងព្រៃ.ស ពីកើតទៅលិច លុះរថយន្តឆ្លងបានបន្តិចក៏ស្រាប់តែមានរថយន្តក្រុងដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A6128 បើកដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវបេតុងព្រៃ.ស ពីលិចទៅកើត បំរុងវ៉ាជែងក៏ជ្រុលទៅបុកនឹងរថយន្តស្ទូចចំទ្រុងក្រោយចំហៀងខាងស្ដាំ ហើយរថយន្តក៏រេចង្កូតទៅខាងស្ដាំវិញ រួចក៏ជ្រុលទៅកៀរនឹងរថយន្តយីឌុបមួយគ្រឿងទៀត ម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 3693 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរថយន្តទាំង៣គ្រឿងកៀបជាប់គ្នា បណ្តាលឱ្យរងការខូចខាតធ្ងន់គួរសមទាំង៣គ្រឿងតែម្ដង ។

ក្នុងហេតុការណ៍ខាងលើនេះ ក៏បានធ្វើឱ្យមានការកកស្ទះចរាចរណ៍បន្តិចផងដែរ ទំរាំតែកម្លាំងសមត្ថកិច្ចចុះទៅធ្វើការវាស់វែង និងបាញ់ថ្នាំយករថយន្តដាក់កៀន ដើម្បីឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ។
ក្រោយពេលកើតហេតុ ភាគីរថយន្ដទាំង៣គ្រឿងបានសម្របសម្រួលគ្នា ដោយខាងរថយន្ត ក្រុងគឺសុខចិត្តជួយចេញថ្លៃជួសជុលទៅខាងរថយន្តដែលខូចខាតទាំង២គ្រឿង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕





ចែករំលែកព័តមាននេះ