ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុះ ម៉ាច មិន​សប្បាយចិត្ត​អ្នក​យក​បទ​ចម្រៀង​«​ខាន់ស្លា​ឥត​ន័យ​» របស់​ឪពុក​ទៅ​កែ​ទំនុកច្រៀង​ថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុះ ម៉ាច មាន​ប្រតិកម្ម​ចំពោះ​ផលិតកម្ម​ក្នុងស្រុក​មួយ​ដែល​យក​បទ​ចម្រៀង​ឪពុក​របស់​លោក គឺ​បទ «​ខាន់ស្លា​ឥត​ន័យ​» ទៅ​កែ​ទំនុកច្រៀង​ថ្មី ។

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុះ ម៉ាច មាន​ប្រតិកម្ម​ចំពោះ​ផលិតកម្ម​ក្នុងស្រុក​មួយ​ដែល​យក​បទ​ចម្រៀង​ឪពុក​របស់​លោក គឺ​បទ «​ខាន់ស្លា​ឥត​ន័យ​» ទៅ​កែ​ទំនុកច្រៀង​ថ្មី ។

ជាមួយនឹង​ការ​បញ្ចេញ​ប្រតិកម្ម​ដ​នោះ​លោក​សុះ ម៉ាច បាន​អំពាវនាវ​ដល់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ និង​បណ្តា​ផលិតកម្ម​នៅ​ក្នុងស្រុក​នានា សូម​ឈប់​យក​បទ​ចម្រៀង​ពី​ដើម​ប្តូរ​ទំនុកច្រៀង និង​កែ​បទ​ភ្លេង​ជាដើម ។

ប្រតិកម្ម​របស់​លោក​សុះ ម៉ាច ដែល​ជា​ឈាមជ័រ​តែ​មួយ​គត់​បន្ត​អាជីព​ចម្រៀង​ពី​ឪពុក​របស់​ខ្លួន​គឺ​លោក​សុះ ម៉ាត់ ធ្វើ​ឡើង​បន្ទាប់​ពី​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​លើ​លោក​នេះ​មាន​អ្នក​ណា​ចង់​ក្រ » បកស្រាយ​ដោយ​តារាចម្រៀង​លោក​ខេ​ម នៅ​ក្នុង​ផលិតកម្ម​ថោ​ន យក​លំនាំ​តាម​បទ «​ខាន់ស្លា​ឥត​ន័យ​»  ច្រៀង​ដោយ​លោក​សុះ ម៉ាត់ តែ​កែ​ទំនុកច្រៀង​ថ្មី និង​បទ​ភ្លេង​ចាស់ ។

លោក​សុះ ម៉ាច បាន​ចាត់​ទុក​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​លោក ខេ​ម គឺជា​ការ​ខុសឆ្គង​មួយ​ដោយ​យក​បទ​ចម្រៀង​របស់​ឪពុក​លោក​មាន​ចំណងជើង​ថា «​ខាន់ស្លា​ឥត​ន័យ​» កែ​ទំនុកច្រៀង​ថ្មី បន្ទាប់​ពី​លោក​បាន​សំណូមពរ​ជា រឿយ​ៗ​កុំ​ឲ្យ​ធ្វើ​ដូច្នេះ ។

លោក​សុះ ម៉ាច បាន​សរសេរ​សារ​ប្រតិកម្ម​ចំពោះ​រឿង​នោះ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​សូម​សំណូមពរ និង​សំពះ​អង្វរ​ដោយ​គោរព​ចំពោះ​ក្រសួង​វប្បធម៌ ផលិតកម្ម អ្នកនិពន្ធ​ទំនុកច្រៀង ព្រមទាំង​អ្នកនិពន្ធ​បទ​ភ្លេង​មួយ​ចំនួន​ដែល​និយម​យក​បទ​ចម្រៀង​ពី​សង្គមចាស់ ជា​ពិសេស​បទ​ចម្រៀង​របស់​លោកឪពុក​ខ្ញុំ​មក​ប្តូរ​ទំនុកច្រៀង កែ​បទ​ភ្លេង សូម​មេត្តា​ផ្អាក និង​បញ្ឈប់​ជា​បន្ទាន់ ។ បើ​លោក​អ្នក​មិន​ជួយ​អភិរក្ស​ថែរក្សា​ទេ សូម​មេត្តា​កុំ​ជួយ​បំផ្លាញ ។ ខ្ញុំបាទ​មិន​យក​បទ​ចម្រៀង​ទាំងអស់​របស់​លោកឪពុក​ខ្ញុំ​ទៅ​បញ្ចូល​ក្នុង​កម្មសិទ្ធិបញ្ញា​ទេ ដោយ​ទុកជា​សម្បត្តិ​សាធារណៈ​ទៅ​ចុះ ព្រោះ​បទ​ចម្រៀង​របស់​ឪពុក​ខ្ញុំ​នៅ​សល់​តិច​ណាស់ តែ​ក៏​មិនមែន​មាន​ន័យ​ថា​ទុក​ឱ្យ​អស់លោក​យក​បទ​ទាំងនោះ​ទៅ​កែ​ប្តូរ​ទំនុកច្រៀង​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ។

កាលពី​អំឡុង​ទស​វត្ស​ទី​៨០ និង​ទី​៩០ អ្នកចម្រៀង​មួយ​ចំនួន​ដូច​ជា​លោក​កែវ សា​រ៉ាត់​, លោក​អោម គឹ​ម​ហ៊ែ​ល​, លោក​ធឹង សុ​ន និង​អ្នកចម្រៀង​ដទៃ​ទៀត​យក​បទ​ចម្រៀង​របស់​ឪពុក​ខ្ញុំ​ទៅ​កែ និង​ប្តូរ​ទំនុកច្រៀង​ដូច​ជា បទ     «​ផ្ញើ​កង​ចងដៃ​» និង​បទ «​ខាន់ស្លា​ឥត​ន័យ​» ជាដើម ។ ខ្ញុំ​បាន​និយាយ​សំណូមពរ​ជា រឿយ​ៗ​ថា មេត្តា​កុំ​យក​បទ​ចម្រៀង​របស់​ឪពុក​ខ្ញុំ​ទៅ​កែ​និង​ប្តូរ​ទំនុក​ទៀត​អី តែ​ហាក់​មិន​ទទួលយក​សំណូមពរ​របស់ខ្ញុំ​ទាល់តែ​សោះ ។ ថ្មី​ៗ​នេះ​មាន​ផលិតកម្ម​មួយ (​សូម​មិន​បញ្ចេញ​ឈ្មោះ​) បាន​យក​បទ​ចម្រៀង «​ខាន់ស្លា​ឥត​ន័យ​» (​ពី​មុន​លោក​ធឹង សុ​ន យក​ទៅ​ប្តូរ​ទំនុកច្រៀង​ជា​បទ «​ដឹក​ប្រពន្ធ​ទៅ​រាំ​» ) ទៅ​កែ​ប្តូរ​ទំនុកច្រៀង គឺ​បទ «​ក្នុង​លោក​នេះ​មាន​អ្នក​ណា​ចង់​ក្រ​» ដែល​រូប​ខ្ញុំ​ផ្ទាល់​ជា​កូន​មិន​ហ៊ាន​យក​បទ​របស់​ឪពុក​ខ្ញុំ​ទៅ​កែ​ឡើយ ។

ការ​ធ្វើ​បែប​នេះ​នាំ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ថា ជា​បទ​របស់​អ្នក​ផ្សេង មិនមែន​ជា​បទ​របស់​ឪពុក​ខ្ញុំ​ទៅ​វិញ ។ តើ​វិស័យ​សិល្បៈ​ចម្រៀង​យើង​សព្វ​ថ្ងៃនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ឬ បានជា​នាំ​គ្នា​យក​តែ​បទ​ចាស់​ៗ និង​បទ​បរទេស​មក​កែ និង​ចម្លង​ធ្វើ​ឱ្យ​អាប់អោន​ដល់​វិស័យ​សិល្បៈ​ជាតិ​ដូច្នេះ ម្តេច​មិន​ខំ​សាង​ស្នាដៃ​ដោយ​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ដើម្បី​យុគសម័យ​របស់​ខ្លួន​ទៅ ! ឯណា​ទៅ​គុណភាព​សិល្បៈ​ចម្រៀង​យើង​សព្វថ្ងៃ ?

ខ្ញុំ​ក៏​សូម​គោរព​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អ្នកនិពន្ធ​មួយ​ចំនួន​ដែល​លោក​បាន​ខំ​បង្កើត​ស្នាដៃ ដោយ​ខ្លួនឯង ពិត​ៗ​។ ឈប់​ផ្តេកផ្តួល​ទៅ​តាម​ពាក្យ​ដែល​និយម​ថា ប្រទេស​យើង​ទើបតែ​ងើប​ពី​សង្គ្រាម យើង​ខ្វះ​ធនធានមនុស្ស​តទៅ​ទៀត​ទៅ ។ ពី​ឆ្នាំ​១៩៧៩​មក​ដល់​ឥឡូវ​៣៦​ឆ្នាំ​ហើយ យើង​មិនមែន​កូន​ក្មេង​ទៀត​ទេ ! គួរ​ធ្វើ​អ្វី​ជា​ស្នាដៃ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ទៅ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ និង​ជា​កេរដំណែល​ដល់​អ្នក​ជំនាន់​ក្រោយ ។ គួរ​មើល​គំរូ​ដល់​វរ​កវីនិពន្ធ​ជំនាន់​មុន​ខ្លះ​ផង ។ ខ្ញុំ​មិន​ជឿ​ថា​កូន​ខ្មែរ​ជំនាន់​នេះ​ខួរក្បាល​ក្រិន​នោះ​ទេ ! (​បើ​មិន​ជួយ​អភិរក្ស​ថែរក្សា​ទេ សូម​មេត្តា​កុំ​ជួយ​បំផ្លាញ​) ។ គួរ​គិត និង​អាណិត​ដល់​ម្ចាស់​ស្នាដៃ​ដើម​ផង  តែបើ​បាន​ហូប​ផ្លែ​ឈើ​គេ​ហើយ​កុំ​ភ្លេច​អរគុណ​ដល់​ម្ចាស់​ចម្ការ​ផង » ។

ជា​ការ​កត់សម្គាល់​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ផលិតកម្ម​ថោ​ន​បាន​លើកយក​បទ​ចម្រៀង​ពី​ដើម​មក​កែ​ទំនុកច្រៀង​ថ្មី​ឲ្យ​លោក ខេ​ម ច្រៀង ដោយ​កន្លង​មក​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​ជីវិត​ក្មេង​ពាល​» ក៏​បាន​យក​លំនាំ​បទ​ភ្លេង​ចាស់​ដែរ ៕