ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង សុជាតា បង្ហោះ​រូប​ភ្ជាប់ពាក្យ​ផ្អើល​អ្នកគាំទ្រ តែ​ការ​ពិត​ត្រូវ​ម្តាយ​នាង​លាត​ត្រដាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារា​សម្តែង​នាង អាង សុជាតា បាន​បង្ហោះ​រូបភាព​ភ្ជាប់ពាក្យ​របស់​ខ្លួន ជាមួយ​តារា​ចម្រៀង​ចំណូល​ថ្មី​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់…

រាជធានី​ភ្នំពេញ ៖ មហាជន​ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារា​សម្តែង​នាង អាង សុជាតា បាន​បង្ហោះ​រូបភាព​ភ្ជាប់ពាក្យ​របស់​ខ្លួន ជាមួយ​តារា​ចម្រៀង​ចំណូល​ថ្មី​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​ដែល​តារា​រូប​នេះ​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​សម្តែង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

រូបភាព​ដែល អាង សុជាតា បាន​បង្ហោះ​នោះ​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​ជជីក​សួរ​ជា​បន្តបន្ទាប់ ជុំវិញ​ការ​ភ្ជាប់ពាក្យ​របស់​តារា​រូប​នេះ​ថា តើ​វា​ជា​ការ​ពិត​ឬ​យ៉ាងណា? ក្នុង​ពេល​ដែល អាង សុជាតា ហាក់​មិន​ទាន់​លេចលឺ​ពី​ដំណឹង​ស្នេហា​ជាមួយ​អ្នក​ណា​ម្នាក់​នៅឡើយ​នោះ​។

យ៉ាងណា ការ​សាក​សារ​ពី​មហាជន ជា​ពិសេស​បណ្តាល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំង​អស់នោះ ហាក់​មិន​ទទួល​បានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណាមួយ​ពីសា​ម៉ី​ខ្លួន​នោះ​ឡើយ ក្នុង​ពេល​ដែល​ទាំង អាង សុជាតា និង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​ភ្ជាប់​សារ​ជាមួយ​រូបថត​នោះ​ច្បាស់​ស្រ​ដៀង​គ្នា​ថា «​អរគុណ​​សម្រាប់​ថ្ងៃនេះ លា​ហើយ​ភាព​នៅ​លីវ 12.01.2021 ល្ងាច​នេះ គឺជា​ថ្ងៃ​ពិសេស​របស់​យើងខ្ញុំ​ទាំង​ពី​នាក់​សុំ​ពាក្យ​ជូនពរ ពី​បងប្អូន​ម្នាក់​មួយ​មក​»​។

តាម​រយៈ​សារ​មួយ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​កាន់តែ​មាន​ភាព​ជឿជាក់​ថា តារា​ទាំង​ពីរ​ពិតជា​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ពិតមែន ដោយសារ​ពួក​គេ​ទាំង​ពីរ​ពិតជា​មាន​ភាព​សាក​សម​នឹង​គ្នា ព្រោះ​នៅ​វ័យក្មេង​ដូច​គ្នា និង​ជា​អ្នកសិល្បៈ​ដូច​គ្នា ។ ប៉ុន្តែ​ក៏​មាន​មហាជន​ខ្លះ​ក៏​មានការ​យល់​ឃើញ​​ខុស​គ្នា​ដែរ​ថា រូបភាព​សកម្មភាព​ទាំង​អស់នោះ គឺ​មិនមែន​ជា​ការ​ភ្ជាប់ពាក្យ​ពិតប្រាកដ​នោះ​ឡើយ ពោល​គឺ​គ្រាន់តែ​ជា​ការ​សម្តែង​នៅ​ក្នុង​បទ​ចម្រៀង ឬ​ក៏​សាច់​រឿង​ណាមួយ​ប៉ុណ្ណោះ ព្រោះ​សកម្មភាព​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ឡើយ សម្រាប់​អ្នកសិល្បៈ​ដែល​ចូល​ចិត្ត​បង្អើល​ទស្ស​និកជន​។

យ៉ាងណា​ជុំវិញ​បញ្ហា​ខាងលើ​នេះ ម្តាយ​របស់ អាង សុជាតា គឺ​អ្នក​នាង ផា​ន់ ផា​ភួង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា អ្វី​ដែល​កូនស្រី​របស់​នាង​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ពាក្យ​ជាមួយនឹង​តារាចម្រៀង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ នោះ​គឺជា​ការ​សម្តែង​នៅ​ក្នុង​រឿង​ប៉ុណ្ណោះ ពោល​គឺ​មិនមែន​ជា​រឿង​ពិត​នោះ​ឡើយ​។

អ្នក​នាង​បញ្ជាក់​ថា រូបភាព​ដែល​បានឃើញ​នេះ គឺជា​ឈុត​ភ្ជាប់ពាក្យ​របស់ អាង សុជាតា ដែល​បាន​សម្តែង​រឿង​ភាគ​មួយ​ឲ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែល​នាង​ជា​តួឯក ចំណែក​តួឯក​ប្រុស​មាន​ពីរ គឺ​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ និង​តារាចម្រៀង​លោក ដួង វី​រៈ​សិទ្ធ​។

អ្នក​នាង​ថា រឿង​នេះ អាង សុជាតា ត្រូវ​ដើរតួ​ពីរ គឺ​តួ​ស្លូត​ផង និង​តួ​កាច​ផង ចំណែក​ចំណងជើង​រឿង​អ្វី​នោះ​អ្នក​នាង​មិន​អាច​បញ្ជាក់​បាន​ឡើយ ដោយសារ​ខាង​ក្រុមហ៊ុន​គេ​រក្សា​សិទ្ធិ​មិន​ទាន់​ឲ្យ​បញ្ចេញ​នា​ពេល​នេះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ បើ​តាម អ្នក​នាង ផា​ន់ ផា​ភួង អ្វី​ដែល អាង សុជាតា និង​លោក សំ សុ​វ​ណ្ណា​រ៉ា​ក់ បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​សារ​នោះ គឺជា​ការ​និយាយ​លេង​ប៉ុណ្ណោះ ដោយសារ​តែ​ទាំង អាង សុជាតា និង សំ សុ​វ​ណ្ណា​រ៉ា​ក់ ឃើញ​រូបភាព​នោះ​មាន​ភាព​ស្រស់​ស្អាត​ក៏​នាំ​គ្នា​លេងសើច​បែប​នេះ​តែ​ម្តង សូមកុំ​មានការ​យល់​ច្រឡំ​។

ជា​ការ​កត់សម្គាល់ អាង សុជាតា ហៅ​ឈូ​ឈូ ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​គឺជា​តារា​ជើង​ថ្មី​មួយ​រូប​ដែល​កំពុង​ទទួល​បាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​សម្តែង​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាង​ត្រូវ​បាន​ផលិតករ​ផ្តល់​ឱកាស​ឲ្យ​សម្តែង​តាំងពី​កុមារភាព​។ រហូត​មក​ទល់​ពេល​នេះ អាង សុជាតា បាន​ចម្រើន​វ័យ​កាន់តែ​ពេញក្រមុំ និង​មាន​ភាព​ស្រស់​ស្អាត​យ៉ាង​ខ្លាំង ហើយ​នាង​ក៏​មាន​ឱកាស​ជា​បន្តបន្ទាប់ ដណ្តើម​ទីផ្សារ​ជា​តួ​ឯង​នៅ​ក្នុង​ខ្សែភាពយន្ត និង​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​ជា​បន្តបន្ទាប់ មិន​ចាញ់​តារា​មួយ​ចំនួន​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ដូច​គ្នា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ