ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ៗ​កម្ពុជា​បន្ត​ចុះ​ត្រជាក់​ជាង​១០​អង្សា​សេ ចាប់ពី​ថ្ងៃ​១៣-១៩​មក​រា នៅ​តាម​តំបន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​បន្ត​ចុះ​ត្រជាក់​រហូត​ដល់​ជាង​១០​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៩ ខែមករា ឆ្នាំ​២០២១ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​បន្ត​ចុះ​ត្រជាក់​រហូត​ដល់​ជាង​១០​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៩ ខែមករា ឆ្នាំ​២០២១ ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៣ – ១៩ ខែមករា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង​បាន និង​កំពុង​ធ្លាក់​ចុះ​មក​ក្រោម គួប​ផ្សំ​ជាមួយ និង​ខ្យល់មូសុង ឦសាន​ខ្លាំង ។ ដោយនៅ​ថ្ងៃ​១៣-១៥ ខែមករា ខ្យល់មូសុង​ឦសាន​បក់​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​១៦-១៩ ខែមករា ខ្យល់មូសុង​ឦសាន​ថមថយ​មក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣-១៤ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៣-១៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៣-២៦ អង្សា​សេ​ហើយ នៅ​ថ្ងៃ​ទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ អង្សា​សេ ។

ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន វិញ នៅ​ថ្ងៃ​ទី​១៣-១៤ ខែមករា មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១១-១៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៣-២៦​អង្សា​សេ និង​នៅ​ថ្ងៃ​ទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៩​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០​អង្សា​សេ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​វិញ​នៅ​ថ្ងៃ​ទី​១៣-១៤ ខែមករា​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១​អង្សា​សេ​ហើយ​នៅ​លើ​ផ្ទៃសមុទ្រ​មាន និង​រលក​សមុទ្រ​ខ្ពស់​ៗ នៅ​ថ្ងៃ​ទី​១២ ខែមករា ។

ជាមួយ​គ្នា​នោះ​ដែរ​នៅ​ថ្ងៃ​ទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ អង្សា​សេ ។

អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូចនេះ ក្រសួង​ធនធាន​បាន​ជម្រាប​ជូន​សូម ប្រជាពលរដ្ឋ និង​ជា​ពិសេស​វី​រៈ​កងទ័ព រស់នៅ និង​ឈរជើង​នៅ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បន្ត​បង្កើន​យកចិត្តទុកដាក់​ថែរក្សា សុខភាព​ចំពោះ​ធាតុអាកាស​ដែល​បន្ត​ត្រជាក់​នៅ​តំបន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ