ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ ដើម្បី​ពង្រឹង​លើ​ប្រសិទ្ធភាព​ការងារ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ពង្រឹង​លើ​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​សកម្មភាព​ការងារ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ គ្រប់​ការិយាល័យ​ទាំងអស់…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ពង្រឹង​លើ​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​សកម្មភាព​ការងារ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ គ្រប់​ការិយាល័យ​ទាំងអស់ កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ថ្លែង​ក្នុង​ពេល​ផ្តើម​កម្មវិធី លោក​ជំទាវ បាន ស្រី​មុំ បាន​ចាត់​ឱ្យ​ឲ្យ​ប្រធាន​ការិយាល័យ​ទាំងអស់​ឡើង​ធ្វើ​ជា​របាយការណ៍ វឌ្ឍនភាព​ការងារ ដែល​បាន​អនុវត្តន៍​កាលពី​កន្លង​មក ដើម្បី​មាន​ភាព​ជាក់ច្បាស់​ទាំងអស់​គ្នា​។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយការណ៍ ដែល​មន្ត្រី​មក​ពី​តាម​បណ្តា​មន្ទីរ​ឡើង​រាយការណ៍​រួច​មក លោក​ជំទាវ ក៏​បាន​មាន​ប្រសាសន៍​ថា ៖ នៅ​ក្នុង​អាណត្តិ​ដែល​លោក​ជំទាវ​ចូល​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​នេះ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ កុំ​មាន​បារម្ភ ឬ​មួយ​ភិតភ័យ ឬ​ខ្លាចក្រែង​រអែងចិត្ត​អ្វី​នោះ​ឡើយ ពោល​គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ និង​ទាន់​ពេលវេលា​។ ម្យ៉ាងវិញទៀត សូម​ឱ្យ​មាន​ស្នាមញញឹម និង​បើក​ចិត្ត​ទូលាយ កុំ​រើសអើង ឬ​ប្រកាន់​បក្សពួក ធ្វើ​យ៉ាងណា​ត្រូវ​គោរព​ពេលវេលា គឺ​ម៉ោង​ធ្វើការ​ឲ្យ​បាន​ទៀងទាត់​។ លើស​ពី​នេះ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការងារ​រៀង​ៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គោរព​ទៅ​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​។

លោក​ជំទាវ​ក៏​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​នៅ​ក្រោម​ឱវាទ​ទាំងអស់ ឱ្យ​ចេះ​ស្រឡាញ់ និង​សាមគ្គី​ផ្ទៃក្នុង​រវាង​គ្នា និង​គ្នា ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ប្រចាំ​គ្នា​នោះ​ឡើយ​។ ចំណែក​មន្ត្រីរាជការ ដែល​ចូលរួម​ប្រជុំ ក្រោម​អធិបតី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​ៗ បាន​យកចិត្តទុកដាក់​ស្តាប់​នូវ​ប្រសាសន៍​របស់​លោក​ជំទាវ ដោយ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​យក​ខ្លឹមសារ​ទៅ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បន្ត​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន ឱ្យ​មានការ​រីក​ច្រើន​ជឿនលឿន​ទៅ​មុខ​។ ហើយ​មន្ត្រី​ម្នាក់​ៗ នៅ​តាម​មន្ទីរ​នីមួយ​ៗ ខិតខំ​បង្ហើយ​ការងារ​របស់​ខ្លួន ដែល​នៅ​សេសសល់​ឱ្យ​បាន​រួចរាល់ និង​ទាន់​ពេលវេលា​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ