ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ អ្នក​គ្មាន​លទ្ធភាព​ក៏​អាច​ចូល​លក់​បាន​ដែរ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ការ​សាងសង់​ផ្សារ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ដែល​ដាក់​ឈ្មោះ​ថា​៖(​ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ​) ដែល​កន្លង​ទៅ​ត្រូវ​បាន​អាជីវករ​លើក​ឡើង​ថា​៖ តូប​ក្នុង​ផ្សារ​នេះ ជួល​ថ្លៃ​ណាស់ គ្មាន​លទ្ធភាព​ចូល​ទិញ ឬ​ជួល​ឡើយ សុខចិត្ត​នៅ​លក់​តាម​ផ្លូវ​មាត់ទឹក​ដូច​សព្វដង​វិញ​។…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ការ​សាងសង់​ផ្សារ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ដែល​ដាក់​ឈ្មោះ​ថា​៖(​ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ​) ដែល​កន្លង​ទៅ​ត្រូវ​បាន​អាជីវករ​លើក​ឡើង​ថា​៖ តូប​ក្នុង​ផ្សារ​នេះ ជួល​ថ្លៃ​ណាស់ គ្មាន​លទ្ធភាព​ចូល​ទិញ ឬ​ជួល​ឡើយ សុខចិត្ត​នៅ​លក់​តាម​ផ្លូវ​មាត់ទឹក​ដូច​សព្វដង​វិញ​។ ប៉ុន្តែ​ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បដិសេធ​ថា​៖ មិន​ពិត​ទេ មាន​អ្នក​ចូល​ទិញ​ប្រមាណ​៨០%​ហើយ​ក្នុង​ចំណោម​តូប​ក្នុង​ផ្សារ​ជាង​២០០​តូប ហើយនឹង​ចូល​លក់​ព្រម​គ្នា​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ​ពេល​តូប​ទាំងអស់​បាន​សាងសង់​រួច​។

មេឃុំ​ឆ្នុកទ្រូ លោក សាំង គី​ម​ស៊ន បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​៖ មក​ដល់​ពេល​នេះ​មាន​អាជីវករ​បាន​ចូល​មក​ចុះ​ឈ្មោះ​ជួល​តូប លក់ដូរ ក្នុង​ផ្សារ​សមុទ្រ​ទឹកសាប ជាង​៨០%​ហើយ នៅ​សល់​តែ​ប្រមាណ​២២ តូប​ប៉ុណ្ណោះ ដែល​អាជីវករ​មិន​ព្រម​ចូល​មក​ចរចា​ជួល​។ អាជីវករ​ដែល​មិន​ទាន់​ចូល​មក​ជួល​តូប ទាំងនោះ​បាន​លើក​ឡើង​ថា​៖ តូប​ក្នុង​ផ្សារ​មាន​តម្លៃ​ថ្លៃ​គ្មាន​លទ្ធភាព​ទិញ​ឬ​ជួល​ឡើយ​។ ចំណុច​នេះ​លោក​សូម​បញ្ជាក់​ថា​៖ បើ​បងប្អូន​ពិតជា​ខ្វះខាត​ពិតមែន សូម​ចូល​មក​សុំ​ចរចា​ជាមួយ​ក្រុមហ៊ុន ក្រុមហ៊ុន​នឹង​បន្ធូ​បន្ថយ​ឲ្យ ហើយ​ឱ្យ​តែ​បងប្អូន​ចូល​មក​ចរចា​សុំ​បញ្ចុះ​ថ្លៃ​។ លោក សាំង គី​ម​ស៊ន បាន​បញ្ចា​ក់ថា​៖

កាល​ដើម​ឡើយ​បងប្អូន​អាជីវករ​លក់ដូរ​តាម​មាត់ទឹក ត្រូវ​រើ​ឡើង​ចុះ​រត់​តាម​ទឹក ក្នុង​១​ឆ្នាំ​៦​ដង គឺ​ខែ​ទឹក​ឡើង​៣​ដង​និង​ខែ​ទឹក​ស្រក​៣​ដង​។ ក្នុង​១​ដង​ត្រូវ​ចំណាយ​ប្រាក់​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ តាម​តូប​តូច​ធំ ។ ដោយហេតុ​នេះ​ហើយ គ្រា​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក ត្រូវ​បាន​រៀបចំ​ឱ្យ​រស់នៅ​លើគោក ទើប​យើង​រៀបចំ​កសាង​ផ្សារ​មួយ ឈ្មោះ​ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ ដើម្បី​ឱ្យ​អាជីវករ​ទាំងនោះ​ចូល​លក់ដូរ​មាន​លំនឹង មិន​ពិបាក​រត់​តាម​ទឹក​ទៀត​នោះ​ទេ​។

ផ្សារ​ថ្មី​ដែល​កំពុង​ធ្វើ​តូប​លក់ដូរ​នេះ​ដែរ ធ្វើ​តាម​ស្តង់ដា មាន​ខ្យល់​ចេញចូល មាន​ផាសុកភាព មាន​បង្គន់​អនាម័យ ដែល​សាងសង់​ឡើង​ផុត​ទឹក​ទៀត​ផង​។ អា​ជីរ​ករ​ដែល​ចូល​លក់​មុនគេ​បាន​បញ្ជាក់​ថា​៖ តម្លៃ​ដែល​ពួក​គាត់​បាន​ជួល​ក្នុង​តូប​មួយ​ថ្លៃ​៣៥​ដុល្លារ ក្នុង​១​ខែ ។ ប៉ុន្តែ​ត្រូវ​កក់​ចំនួន​១៥០០​ដុល្លារ សម្រាប់​ការ​ជួល​តូប​ក្នុង​រយៈពេល​៣​ឆ្នាំ​។

ពេល​ផុត​រយៈពេល​៣​ឆ្នាំ បើ​អាជីវករ​ណា​មិន​ជួល​បន្ត​ទៀត​នោះ​ទេ ក្រុមហ៊ុន​នឹង​សង​ប្រាក់​កក់​នោះ​មក​ពួក​គាត់​វិញ តែបើ​នៅ​ជួល​បន្ត ប្រាក់​កក់ នឹង​តម្កល់​រហូត​ពេល​អាជីវករ​ឈប់​ជួល គ្រាន់តែ​ត្រូវ​បង់ថ្លៃ​ជួល​តូប​១​ខែ​៣៥​ដុល្លារ​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​ដែរ​ថា​៖ ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ​នេះ រង់​ចាំតែ​សាងសង់​តូប​រួចរាល់ អាជីវករ​នឹង​ចូល​លក់​ជា​មិន​ខាន ចំណែក​អា​ជីរ​ករ​នៅ​សេសសល់​ដែល​ថា​ខ្វះ​លទ្ធភាព​ក៏​ក្រុមហ៊ុន​ត្រៀម​កន្លែង​សម្រាប់​ឱ្យ​ពួក​គាត់​ចូល​លក់ដូរ​ដែរ ដោយ​មិន​ទុក​ពួក​គាត់​នៅ​លក់​តាម​មាត់ទឹក​ទៀត​ឡើយ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ