រាជធានីភ្នំពេញ ៖ ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ ឬជប់លៀង នាងស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ ៥ពាន់ដុល្លារឯណោះក្នុងមួយកម្មវិធី ។

បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ 2020 នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង 400 លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះអាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសា ។

តាមប្រភពច្បាស់ការខាងលើបានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើ ។ មួយវិញទៀតទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនមិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃការច្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជាបានកំណត់ដូចបានលើកឡើងខាងលើពិតមែន ។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ ។

លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ ទងនាងទៅច្រៀងក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង ។ ក្រៅតែមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំៗ ២ នាពេលខាងមុខនេះ ។ នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរ ។

អ្នកគ្រប់គ្រងល្បីឈ្មោះរូបនេះបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមហ៊ុនកំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀងតាមកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ ឬជប់លៀង នាងស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ថ្លៃជាងច្រៀងតាម Concert ក៏ព្រោះផលិតកម្ម Galaxy Navatra នឹងGalaxy Navatra Thailand បានពិភាក្សាយ៉ាងល្អិតល្អន់ហើយនៅតម្លៃនេះ ជាតម្លៃស្តង់ដារអន្តរជាតិមួយ ព្រោះកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ ឬជប់លៀង ជាកម្មវិធីឯកជន ហេតុនេះមានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះទើបអាចជួលនាងទៅច្រៀងបាន ៕ ដោយសហការ
ចែករំលែកព័តមាននេះ