រាជធានីភ្នំពេញ ៖ ចាត់ទុកជារឿងគួរឲ្យចាប់អារម្មណ៍មួយក្នុងចង្កោមអ្នកសិល្បៈក៏ដូចជា មហាជនជាទូទៅបន្ទាប់ពីអតីតតារាសម្តែងប្រុស ដែលធ្លាប់មានឈ្មោះបោះសំឡេង និងមានរូបសម្បត្តិស្រស់សង្ហា លោកសុវណ្ណ មករា ប្រកាសចង់រកដៃគូជីវិតសារជាថ្មី ក្រោយខកស្នេហ៍ដំបូងរហូតឈានដល់ការបែកបាក់អាពាហ៍ពិពាហ៍ជាមួយនឹងអតីតភរិយាអ្នកនាង ឈិន សុធារី ។

ក្រោយពីស្ពាយឈ្មោះជាបុរសពោះម៉ាយសង្ហាអស់រយ:ពេលជាច្រើនឆ្នាំ អតីតតារាសម្តែងប្រុសរូបនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍សារជាថ្មី បន្ទាប់ពីលោក សុវណ្ណ មករា បង្ហោះសារតាមរយ:បណ្តាញសង្គមហ្វេសប៊ុក ចង់បានអ្នកកាន់ដៃសាងគ្រួសារអស់មួយជីវិត ។

លោកសុវណ្ណ មករា បានលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំត្រូវការមនុស្សម្នាក់ដែលច្បាស់លាស់ជាមួយនឹងខ្ញុំ ដើម្បីខ្ញុំកាន់ដៃគាត់ទៅឆ្លងឆ្នាំជាមួយនឹងខ្ញុំ ហើយនឹងបន្តកាន់ដៃគាត់មិនលែងឡើយរហូតអស់មួយជីវិត» ។

គួរបញ្ជាក់ផងដែរថា សុវណ្ណ មករា បានចែកផ្លូវជាមួយអតីតភរិយា គឺពិធីការិនី ឈិន សុធារី ប្រមាណជាបីឆ្នាំមកហើយ ក្រោយពីពួកគេបានរៀបការ និងរួមរស់ជាមួយគ្នាមួយរយៈខ្លី ហើយអ្នកទាំងពីរបានបន្សល់កូនភ្លោះប្រុសស្រីពីររូបជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍បែកបាក់កន្លងមកនោះផងដែរ ។

យ៉ាងណាមិញ បន្ទាប់ពីឃើញសារនេះរួចមក ក៏មានការជូនពរឱ្យលោកបានសម្រេចតាមបំណងប្រាថ្នាមួយនេះឆាប់ៗផងដែរ ។ ខណៈលោកប្រកាសរកអ្នកច្បាស់លាស់ គេក៏សង្កេតឃើញថា អតីតភរិយារបស់លោក ក៏មិនទាន់មានដៃគូសេ្នហាថ្មីផងនោះទេ ហេតុដូច្នេះក៏កើតជាចម្ងល់មួយពីសំណាក់អ្នកគាំទ្ររបស់តារាទាំងពីរដួងថា តើអ្នកទាំងពីរអាចនឹងចាប់ដៃគ្នាកសាងអនាគតម្តងទៀត ឬយ៉ាងណា ?
ចែករំលែកព័តមាននេះ