ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​រវាង​លោក​ជា យុទ្ធ​ថន និង​សោម វ៉ា​ន់​ស៊ូ​ដា​នី

3 ឆ្នាំ មុន
  • ភ្នំពេញ

រវាង​តារាភាពយន្ត​សោម វ៉ា​ន់​ស៊ូ​ដា​នី និង លោក​ជា យុទ្ធ​ថន គឺជា​គូស្នេហ៍​ទាំង​ក្នុង​ខ្សែភាពយន្ត និង​ទាំង​នៅ​ក្រៅ​ឆាក ។ អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី…

រវាង​តារាភាពយន្ត​សោម វ៉ា​ន់​ស៊ូ​ដា​នី និង លោក​ជា យុទ្ធ​ថន គឺជា​គូស្នេហ៍​ទាំង​ក្នុង​ខ្សែភាពយន្ត និង​ទាំង​នៅ​ក្រៅ​ឆាក ។ អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី តារា​ពានមាស​មនោសញ្ចេតនា​កម្សត់​ដែល​មានឈ្មោះ​ល្បីល្បាញ​តាំងពី​អំឡុង​ពាក់កណ្តាល​ទស​វត្ស​៦០ ដំណាល​នឹង​ភាព​ល្បីល្បាញ​របស់​លោក​ជា យុទ្ធ​ថន ដែរ ។

ទស្សនិកជន​បាន​ឃើ​ញ​អ្នកស្រី​សោម វ៉ា​ន់​សូ​៊​ដា​នី និង​លោក​ជា យុទ្ធ​ថន សម្តែង​ជា​ដៃគូ​ស្នេហា​នឹង​គ្នា​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើ​ន​រឿង​តាំងពី​ពាក់កណ្តាល​ទស​វត្ស​៦០​មក ។

បើ​តាម​«​ក្រុមព្រះ​សុរិយា​» បង្ហាញ​ឲ្យ​ដឹង​ថា​នៅ​ដើ​ម​សម័យ​សាធារណរដ្ឋ​ខ្មែរ មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​ល្បី​ពេញ​ប្រទេស​តែ​ម្តង​ថា លោក​ជា យុទ្ធ​ថន និង​អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី សាង​ស្នេហ៍​លួចលាក់​នឹង​គ្នា ខណៈ​ដែល​លោក​ជា យុទ្ធ​ថន មាន​ភរិយា និង​កូនច្បង​អាយុ​ជាង​១០​ឆ្នាំទៅ​ហេ​ី​យ ។ ទោះជា​យ៉ាងណា​ក្ដី​ពេល​នោះ​អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី នៅ​វ័យ​ក្រមុំ ។

ពាក្យ​ចចាមអារ៉ាម​នោះ​គឺជា​រឿង​ពិត​មួយ​នៃ​ជីវិត​ឯកជន​របស់​តារា​ឯក​ទាំង​ពីរ ។ មាន​សាក្សី​បញ្ជាក់​ច្បាស់​ណាស់​អំពី​រឿង​នេះ ពិសេស​មិត្ត​សិល្បករ​រួម​អាជីព ក៏​ដូច​ជា​អ្នក​តាមដាន​សង្គម​សិល្បៈ​នា​ជំនាន់​នោះ​ដែរ ។

លោក​ជា យុទ្ធ​ថន និង​អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី បាន​បង់ជីវិត​នៅ​សម័យ​ប៉ុ​ល ពត ហើយ​ក៏​រលត់​ទាំង​ជីវិត​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ផង ។

ឯកសារ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា លោក​ជា យុទ្ធ​ថន កើត​នៅ​ជ្រោយចង្វា ក្រុងភ្នំពេញ នា​ឆ្នាំ​១៩៣៥។ លោក​ជា ថោ​ង និង​អ្នកស្រី​ស ងួ​ន បាន​ផ្តល់​កំណើត​ឱ្យ​លោក​ជា យុទ្ធ​ថន ។ ឪពុក​របស់​លោក​ជា យុទ្ធ​ថន មាន​អាជីព​ជា​គ្រូពេទ្យ និង​ម្តាយ​ជា​មេផ្ទះ ។

លោក​ជា យុទ្ធ​ថន បាន​សិក្សា​វិជ្ជាពេទ្យ ហើយ​បាន​ចូល​បម្រើ​ការងារ​ជា​គ្រូពេទ្យ​បឋម​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ នៃ​រាជធានី​ភ្នំពេញ ។ អាជីព​ជា​គ្រូពេទ្យ​របស់​លោក​ជា យុទ្ធ​ថន​នេះ​កាត់​ទៅ​តាម​ឪពុក​របស់​លោក ។

លោក​ជា យុទ្ធ​ថន មាន​រូបរាង​ខ្ពស់​សង្ហា​ដោយសារ​អំណោយផល​នៃ​រូបសម្បត្តិ​នេះ​ហើយ​ទើប​លោក​មានឱកាស​បាន​ក្លាយទៅជា​តារាភាពយន្ត ។

នៅ​អំឡុង​ឆ្នាំ​១៩៦២ លោក​ប៊ី​វ ឆៃ​លាង ជា​ចាងហ្វាង​ផលិតកម្ម​«​ឥន្ទ្រ​ទេវី​ភាពយន្ត​» ពេល​ប្រទះ​ឃើញ​លោក​ជា យុទ្ធ​ថន ក៏​ចាប់អារម្មណ៍ និង​ពេញចិត្ត​ចំពោះ​រូបសម្បត្តិ​របស់​លោក ហើយ​ផ្តួច​ផ្តើម​ឱ្យ​លោក​បាន​ក្លាយទៅជា​តារាភាពយន្ត​។ លោក​ជា យុទ្ធ​ថន បាន​សម្រេចចិត្ត​ធ្វើ​តាម​គំនិត​របស់​លោក​ប៊ី​វ ឆៃ​លាង ។ ការ​បាន​ជួប​លោក​ជា យុទ្ធ​ថន គឺ​ស្រប​ពេល​លោក​ប៊ី​វ ឆៃ​លាង ជា​អ្នកនិពន្ធ និង​ជា​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​ផង​នោះ​កំពុង​រៀបចំ​ត្រៀម​ដំណើរការ​ផលិត​ខ្សែ​ភាពយន្ត​ថ្មី​មួយ ។ លោក​ប៊ី​វ ឆៃ​លាង ផ្តល់​ឱកាស​ឱ្យ​លោក​ជា យុទ្ធ​ថន ចូលរួម​សម្តែង​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​រឿង «​ជីវិត​ក្មេង​កំព្រា​» សម្រាប់​ផលិតកម្ម «​ឥន្ទ្រ​ទេវី​» របស់​លោក ។

ចំណែក​អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី មានឈ្មោះ​ដើម​សោម វណ្ណ​ស៊ុ​ក ប្រភព​កំណើត​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ឪពុក​ឈ្មោះ​សោម ផ​ន ជា​ទាហាន​ហ្លួង ម្តាយ​ឈ្មោះ​ព្រាប មុត ជា​មេផ្ទះ ។ ម្ដាយ​អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី ជា​បងប្អូន​ជីដូនមួយ​នឹង​អ្នក​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ម៉ុង​តា​ណា ។

អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី បាន​ចូល​ប្រឡូក​សិល្បៈ​ភាពយន្ត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ទី​៦០ ហើយ​បាន​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ដ របស់​លោក​អ៊ី វ៉ុ​ង​ហែម​,​ផលិតកម្ម​ឥន្ទ្រ​ទេវី​ភាពយន្ត​របស់​លោក​ប៊ី​វ ឆៃ​លាង​, ផលិតកម្ម​ហេមពាន្ត​ភាពយន្ត របស់​លោក​លី យូ​ស្រ៊ា​ង​, ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត របស់​លោក​សា​រ៉ា​វុ​ធ​, ផលិតកម្ម​កងចក្រ​ភាពយន្ត របស់​លោក​អ៊ួ​ង កន្ធ​ន់​, ផលិតកម្ម​ពិស្ណុការ​ភាពយន្ត របស់​លោក​វណ្ណ វណ្ណៈ​, ផលិតកម្ម​អប្សរា​ភាពយន្ត​របស់​លោក​លី សុង​ហេង ជាដើម ។

តួឯក​ប្រុស​ដែល​អ្នកស្រី​សោម វ៉ា​ន់​ស៊ូ​ដា​នី​ធ្លាប់​សម្ដែង​ជាមួយ​មាន​លោក​គង់ សំ​អឿ​ន និង​លោក​ជា យុទ្ធ​ថន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ