រថយន្តប្រភេទ Ford Truck គឺជារថយន្តដែលមានប្រជាប្រិយភាពជាងគេសម្រាប់ប្រើប្រាស់នៅគ្រប់ប្រទេសទូទាំងពិភពលោក ដែលរួមមានទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជាប្រទេសកម្ពុជាជាដើម ។ ភាពរឹងមាំ ធន់ក្នុងការប្រើប្រាស់ ព្រមទាំងការរចនានូវតួរថយន្តដែលមានភាពល្អឥតខ្ចោះ សម្រាប់បំពេញនូវតម្រូវការនៃអ្នកប្រើប្រាស់ ដូចជាការបើកបរនៅគ្រប់ស្ថានភាពផ្លូវ ដឹកទំនិញធ្ងន់ៗក្នុងការឡើងភ្នំផងដែរ។ គួរបញ្ជាក់ផងដែរថា ចាប់ពីរថយន្តប្រភេទ Le Truck រហូតដល់ប្រភេទ Ford Ranger សុទ្ធសឹងតែជាប្រភេទរថយន្តដែលស្ថិតនៅក្នុងក្រអៅបេះដូង របស់អ្នកប្រើប្រាស់ពីជំនាន់មួយទៅជំនាន់មួយ។
ប្រភេទរថយន្ត Truck ដែលអតិថិជនកំពុងប្រើប្រាស់ និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយភាពឆ្លាតវៃខ្ពស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានអភិវឌ្ឍពីរថយន្តFord Truck ដំបូង ដែលបានវិវត្តចេញពីរថយន្តFord Model T ដ៏ល្បីល្បាញ ។ រោងចក្រតម្លើងរថយន្តPick up ដំបូងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៥ ហើយនៅពេលនោះ រថយន្តPick up ១គ្រឿងមានតម្លៃត្រឹមតែ២៨១ដុល្លាតែប៉ុណ្ណោះ។
ក្នុងឆ្នាំ១៩២៨ រថយន្តFord Model A ត្រូវបានបង្កើតឡើងសម្រាប់ជំនួសរថយន្តFord Model T ហើយរថយន្តថ្មីនេះបានក្លាយជារថយន្តPick up ដែលមានដំបូលបិទជិត និងមានរូបរាងបែបស្ព័រដំបូងគេបង្អស់ ដោយរថយន្តនេះបានបំពាក់ដោយកញ្ចក់សុវត្ថិភាពខាងមុខរថយន្ត, បង្អួចចំហៀងដែលអាចកាច់ចុះឡើងបាន និងមានចង្កឹះលេខចំនួន៣លេខ ។ មកត្រឹមឆ្នាំ១៩៣៦ ក្រុមហ៊ុនFord បានផលិតរថយន្តTruck ចំនួន៣លានគ្រឿង និងទទួលបានចំនួនការលក់ច្រើនជាងគេបំផុតនៅក្នុងវិស័យរថយន្ត។
ចំណែករថយន្តFord F-Series ដ៏ល្បីល្បាញត្រូវបានផលិតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៤៨។ ក្រោមការផ្សព្វផ្សាយដែលមានឈ្មោះថា “ Bonus-Built” រថយន្តFord F-1 បានក្លាយជារថយន្តFordប្រភេទអាជីវកម្ម សេរ៊ីថ្មីដំបូងគេបង្អស់ ក្រោយពីសង្គ្រាមលោកលើកទីII ដែលមានចាប់ពីប្រភេទរថយន្តF-1 កន្លះតោន រហូតដល់ប្រភេទរថយន្តF-8 ៨តោន។ ជាមួយនឹងការបង្កើតឡើងនូវរថយន្តប្រភេទថ្មី F100 ហ្វដបានខិតខំធ្វើយ៉ាងណាផលិតនូវរថយន្តដែលផ្តោតទៅលើ ភាពរឹងមាំនិងធន់ ហើយផ្តល់នូវផាសុកភាពខ្ពស់សម្រាប់អ្នកបើកបរ ។ កំណើនរថយន្តPickup ខ្នាតធំក្នុងឆ្នាំ១៩៧០ បានកើនឡើងដល់១.២លានគ្រឿង ដោយរថយន្តF-Seriesបានក្តោបចំណែកទីផ្សារដល់ទៅ៤១.៩% ។ ប្រភេទរថយន្តFord Truckធុនស្រាលត្រូវបានណែនាំក្នុងឆ្នាំ១៩៧៣ ដោយរថយន្តនេះបានបំពាក់ដោយទ្វារ ដំបូល រូបរាងខាងក្រៅ និងប្រអប់កុងទ័រថ្មីទាំងស្រុង។
រថយន្តSuper Duty F-Series ជាប្រភេទរថយន្តPickup ធុនធ្ងន់ ដែលត្រូវបានណែនាំលើទីផ្សារក្នុងឆ្នាំ១៩៩៨។ អតិថិជនពេញនិយមប្រើប្រាស់រថយន្តFord Super Duty F យ៉ាងខ្លាំង ដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ កម្លាំងខ្លាំង និងបត់បែនខ្លាំងសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ។
គួរបញ្ជាក់ផងដែរថា រថយន្តប្រភេទ F-Series នេះត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ជាមួយនឹងលទ្ធផលនៃការលក់គួរជាទីមោទននៅក្នុងឆ្នាំ២០១៤ ចំនួន ៧៥៣ ៨៥១គ្រឿង បានធ្វើឲ្យក្រុមហ៊ុនបានបង្កើតនូវក្រុមហ៊ុនតំណាងលក់រថយន្តរហួតដល់ ៣៨កន្លែងផ្សេងទៀតដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដែលទទួលបានការលក់ច្រើនជាងគេនៅសហរដ្ឋអាមេរិក។
រថយន្តប្រភេទ Ford Ranger គឺជារថយន្តដែលត្រូវបានគេស្គាល់ច្បាស់នៅក្នុងប្រវត្តិសាស្ត្រនៃការផលិតរថយន្តរបស់ Ford ។ មកទល់នឹងពេលនេះរថយន្ត Ford Ranger ទទួលបាននូវពានរង្វាន់ជារថយន្តដែលលក់ដាច់ជាងគេនៅក្នុង១៨០ប្រទេស ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជា រថយន្ត Ford Ranger បានទទួលការពេញនិយមនិងលក់ដាច់ជាងគេផងដែរ ។ ភាពរឹងមាំនិងធន់នៃប្រភេទរថយន្តនេះត្រូវបានផលិតឡើងសម្រាប់ការបើកបរនៅលើផ្លូវដែលមានស្ថានភាពរលាក់ ធន់នឹងអាកាសធាតុជាដើម ។
គួរបញ្ជាក់ផងដែរថា រថយន្ត Ford Ranger គឺជារថយន្តដែលតំណាងឲ្យកេរដំណែលដ៏អស្ចារ្យរបស់ក្រុមហ៊ុន Ford Motor Company ដែលជាក្រុមហ៊ុនមួយដែលផលិតរថយន្តសាកសមទៅនឹងស្តង់ដារ” នេះបើតាមប្រសាសន៍របស់លោក David Westerman អគ្គនាយកនៃទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃក្រុមហ៊ុន Ford Motor Company។
គួរបញ្ជាក់ផងដែរថា រថយន្ត Ford Ranger ២០១៦ នឹងនាំចូលមកប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោកអ្នកអាចធ្វើការបញ្ជាទិញចាប់ពីពេលនេះតទៅក្នុងតម្លៃពិសេស។ ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផុតកំណត់ត្រឹមថ្ងៃទី ១៥ ខែកក្តដា នេះ ។សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន www.ford-cambodia.com ៕





ចែករំលែកព័តមាននេះ