ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទី​សក្ការបូជា​​នៃ​ភ្នំ​គូលែន​ដ៏​ល្បី​ល្បាញ គ្របដណ្តប់​ដោយ​សំរាម​រប៉ាតរប៉ាយ

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ ទី​សក្ការបូជា ​«​ព្រះ​អង្គ​ជប់​»​នៃ​ភ្នំ​គូលែន ជា​កន្លែង​ធ្លាប់​ល្បីល្បាញ និង​មាន​ពុទ្ធ​បរិស័ទ​ពី​គ្រប់​ទិស​ទី​ទៅ​គោរព​បូជា បាន​គ្របដណ្តប់​ដោយ​សំរាម​រប៉ាតរប៉ាយ ។ ស្រប​«​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣…

ខេត្តសៀមរាប ៖ ទី​សក្ការបូជា ​«​ព្រះ​អង្គ​ជប់​»​នៃ​ភ្នំ​គូលែន ជា​កន្លែង​ធ្លាប់​ល្បីល្បាញ និង​មាន​ពុទ្ធ​បរិស័ទ​ពី​គ្រប់​ទិស​ទី​ទៅ​គោរព​បូជា បាន​គ្របដណ្តប់​ដោយ​សំរាម​រប៉ាតរប៉ាយ ។

ស្រប​«​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០២០» ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោក​ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​បង្ហាញ​រឿង​នេះ ។ លោក​បាន​សរសេរ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​ទៅ​ដល់​«​ព្រះ​អង្គ​ជប់​»​ចាប់តាំងពី​លោក​បាន​បំពេញ​តួនាទី​ជា​អភិបាលស្រុក​បន្ទាយស្រី ។

លោក​តែងតែ​បានឮ​ពី​កិត្តិ​ស័ព្ទ ភាព​ខ្លាំងពូកែ​ស័ក្តិសិទ្ធិ និង​សក្តានុពល​ខាង​ផ្នែក​ទេសចរណ៍​សាសនា​នៃ​កន្លែង​ដ៏​វិសិដ្ឋ​មួយ​នេះ ប៉ុន្តែ​ដោយ​ហេតុតែ​ទី​នេះ​ជា​តំបន់​ឧទ្យាន​ជាតិ និង​ជា​បន្ទាត់​ព្រំប្រទល់​ខណ្ឌ​ចែក​រវាង​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ​(​ត្រឹម​ច្រក​ឡើង​នៅ​ជើងភ្នំ​ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ចំណែក​ផ្លូវ​ឡើង និង​ផ្នែក​ខាងលើ​ស្ថិត​ក្នុងស្រុក​ស្វាយ​លើ​) លោក​មិន​បាន​ចាត់​ទុក​ទី​នេះ​ជា​តំបន់​គ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ទេ ។

ទោះជា​យ៉ាងណា​ក្ដី ថ្មី​ៗ​នេះ​រដ្ឋបាល​ស្រុក​ទទួល​បាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ឱ្យ​ជួយ​ពិនិត្យ​លើ​បញ្ហា​សំរាម និង​កាក​សំណល់​​នានា​ដែល​បាន​ចោទ​ជា​បញ្ហា​ប្រឈម ទើប​សម្រេច​ប្រមូល​ប្រជា​ពលរដ្ឋ យុវជន​ស្ម័គ្រ​ចិត្ត ប្រជា​ការពារ ព្រមទាំង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ចំ​ប៉ីសៀមរាប សរុប​កម្លាំង​ជិត​២០០​នាក់ ដាក់​កម្មវិធី​សម្អាត​បរិស្ថាន​នៅ​ក្នុង​តំបន់​នោះ​ឱ្យ​ចំ​ថ្ងៃ​ទិវា​បរិស្ថាន​២៣​វិច្ឆិកា ។

អ្វី​ៗ​មាន​សភាព​ធ្ងន់​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ។ ចាប់តាំងពី​ចំណតរថយន្ត​នៅ​ខាង​ផ្នែក​ខាងក្រោម នៅ​តាម​សងខាង​ជណ្តើរ​ឡើង និង​ផ្លូវ​រថយន្ត​ចំណុច​សម្រាក​ជើង នីមួយ​ៗ ជា​ពិសេស​នៅ​ជុំវិញ​បរិវេណ​ដែល​មាន​អ្នក​លក់ដូរ និង​ផ្នែក​ខាងលើ​នៃ​ភ្នំ ក៏​ដូច​ជា​បរិវេណ​ជុំវិញ​បន្ទប់ទឹក សំរាម​យ៉ាងច្រើន​មាននៅ​ស្ទើរតែ​គ្រប់​ទីកន្លែង ហាក់ដូចជា​មិន​ដែល​មាន​អ្នក​ណា​ធ្លាប់​មក​សម្អាត​ទាល់តែ​សោះ ដែល​ធ្វើ​ឱ្យ​មានការ​ខ្ពើមរអើម មិន​ចង់​សូ​ម្បី​តែ​ដើរ​ឆ្លងកាត់ កុំ​ថា​ឡើយ​ឱ្យមក​លេង​កម្សាន្ត ។ តើ​ហេតុ​អ្វី?

ប្រភព​ដដែល​បន្ត​ថា នៅ​ទីនោះ​មិន​ទាន់​មានការ​គ្រប់គ្រង​ផ្ទាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ណាមួយ​នៅឡើយ​ទេ អាច​ថា​បណ្តាល​មក​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​ក៏​ថា​បាន ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ស្ថាប័ន​៤​ដែរ ដែល​ពាក់ព័ន្ធ​នៅ​ទីនោះ​(​បរិស្ថាន? អប្សរា? ស្វាយ​លើ? បន្ទាយស្រី?​) ។ ប៉ុន្តែ​កន្លង​មក​នៅ​ទីនោះ​ក៏​មាន​ក្រុម​អ្នក​ទទួល​បាន​ផលប្រយោជន៍​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​កាន់​ព្រះ​អង្គ​ជប់​រួច​ទៅ​ហើយ ទាំង​អ្នក​លក់ដូរ ទាំង​អ្នក​យក​ថ្លៃ​ចំណតរថយន្ត និង​ផ្លូវ​ឡើង ព្រមទាំង​គណៈកម្មការ​វត្ត និង​អាស្រម​នៅ​ផ្នែក​ខាងលើ​ផង​ដែរ ។ ចុះ​ហេតុ​អ្វី​បានជា​មិន​មាន​អ្នក​ណា​ទទួលខុសត្រូវ​លើ​បញ្ហា​សំរាម​យ៉ាង​ដូច្នេះ? តើ​ប្រយោជន៍​ឯកជន​គួរ​មាន​ចំណង​គណនេយ្យ​ភាព​ជាមួយ​ការ​ការពារ​ផលប្រយោជន៍​រួម​ដែរ ឬទេ? តើ​វា​ជា​កង្វះខាត​មធ្យោបាយ ឬ​ការ​គ្រប់គ្រង? ចុះបើ​យើង​ចង់​ចាប់ផ្តើម​គ្រប់គ្រង​វា គួរ​ធ្វើ​បែប​ណា? គួរ​ចាប់ផ្តើម​ពី​ចំណុច​ណា?

យើង​មិន​អាច​មាន​ចម្លើយ​ភ្លាម​ដោយ​មិន​សិក្សា​លម្អិត​ពី​ឫសគល់​នៃ​បញ្ហា និង​នាំ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​មក​ជួប​គ្នា​អង្គុយ​ពិភាក្សា​គ្នា​នោះ​ទេ ប៉ុន្តែ​រាល់​ការ​អភិវឌ្ឍ​ត្រូវ​តែ​មាន​ចីរភាព ។ ប្រសិនបើ​យើង​មិន​ទាន់​មាន​លទ្ធភាព​ធានា​ឱ្យ​បាន​ថា ការ​អភិវឌ្ឍ​ថ្ងៃនេះ​នឹង​មិន​ធ្វើ​ឱ្យ​មាន​វិនាសកម្ម​នៅ​ក្នុង​ថ្ងៃស្អែក យើង​មិន​គួរ​យក​អនាគត​នៃ​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ មក​ប្រថុយប្រថាន ឬ​យក​ផលប្រយោជន៍​រួម​មក​ប្តូរ​ជាមួយនឹង​ប្រយោជន៍​ឯកជន​បន្តិចបន្តួច​របស់​បុគ្គល ឬ​ក្រុម​ណាមួយ​នោះ​ទេ ។

ជា​ការ​ចាប់ផ្តើម​រដ្ឋបាល​ស្រុក​បន្ទាយស្រី​គ្រោង​នឹង​ពិភាក្សា​ជាមួយ​រដ្ឋបាល​ស្រុក​ស្វាយ​លើ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឈាន​ទៅ​រក​យន្តការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​មួយ​នៅ​ទី​នេះ ។ ការ​បង្កើត​គណៈកម្មការ​គ្រប់គ្រង ឬ​សហគមន៍​ផ្លូវការ​ច្បាស់លាស់​ណាមួយ​ដែល​មាន​លទ្ធភាព​អាច​ស្វ័យគ្រប់គ្រង​បាន គឺជា​ជម្រើស​ល្អ​មួយ ដែល​គួរ​យក​មក​ពិចារណា ប៉ុន្តែ​ទម្រាំ​នឹង​យើង​អាច​មាន​យន្តការ​ជាក់លាក់​ទាំងនោះ​បាន ក្នុង​នាម​រដ្ឋបាល​ស្រុក​បន្ទាយស្រី សូម​អំពាវនាវ ២​ចំណុច​ជា​បណ្តោះអាសន្ន​ ៖

-សូមអ្នក​ទេសចរ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់​ដែល​ទៅ​ទស្សនា​កម្សាន្ត ឬ​ធ្វើបុណ្យ​ធ្វើ​ទាន​មេត្តា​គ្រប់​គ្រង​សំរាម​ផ្ទាល់ខ្លួន និង​ផ្តល់​ភាព​ទទួល ខុស​ត្រូវ​លើ​សំរាម​ដែល​ខ្លួន​បាន​បង្កើត ព្រោះ​រាល់​សំរាម​ដែល​បោះចោល​នៅ​ទីនោះ​នឹង​បន្ត​នៅ​ទី​នេះ​ជា​រៀង​រហូត ។ បើ​អាច​សូម​កាត់​បន្ថយ និង​វេច​ខ្ចប់​យក​សំរាម​ត្រលប់​ទៅ​វិញ​ផង ។ ទោះបីជា​ក្រុមការងារ​បាន​សម្អាត​តាម​ដងផ្លូវ​បាន​មួយអន្លើ​ធំ​ក៏​ដោយ ក៏​យើង​មិន​ទាន់​មាន​យន្តការ​ប្រមូល​សំរាម ថ្មី​ៗ​នៅឡើយ​ទេ ចំណែកឯ​ធុងសំរាម​ច្រើន​ក៏​មិនមែន​ជា​ដំណោះស្រាយ​ដែរ ដរាបណា​មិន​ទាន់​មាន​យន្តការ​គ្រប់គ្រង​ជា​ប្រចាំ ។

សប្បុរសជន​ដែល​តែងតែ​បរិច្ចាគ ធ្វើបុណ្យ​ធ្វើ​ទាន​ទៅ​កាន់​ព្រះ​អង្គ​ជប់ គួរ​ពិចារណា​រំលែក​ការ​ចូលរួម​នេះ​មក​លើ​កិច្ច​គាំពារ​ថែរក្សា​បរិស្ថាន និង​គ្រប់គ្រង​សំរាម​ផង តាម​រយៈ​ការ​ជ្រោមជ្រែង​លើ​យុវជន​ស្ម័គ្រចិត្ត ឬ​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​សំរាម ។ ភាព​ស័​ក្ត​សិទ្ធិ និង​ការ​គោរព​បូជា​មិន​គួរ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ដែល​គគ្រិច​នោះ​ទេ ហើយ​ការ​ស្រលាញ់​ថែរក្សា​បរិស្ថាន​ក៏​អាច​រាប់​ថា ជា​ការ​ធ្វើបុណ្យ​បាន​ដែរ ។

លោក​ឃឹម ហ្វី​ណ​ង់ សង្ឃឹមថា «​ការ​លើក​ឡើង​របស់ខ្ញុំ​អំពី​ការ​ប្រឈម​ធ្ងន់​នៃ​បញ្ហា​សំរាម​នៅ​ក្នុង​តំបន់​ព្រះ​ជប់​ក្នុង​ថ្ងៃ​ទិវា​បរិស្ថាន ២៣​វិច្ឆិកា​នេះ​នឹង​បាន​ក្រើនរំលឹក​ពីសារ​សំខាន់​នៃ​ការ​ថែរក្សា​បរិស្ថាន​ធម្មជាតិ និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី អនាគត​យូរអង្វែង​របស់​យើង​ទាំងអស់​គ្នា​» ៕