រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមបាននាំគ្នាបង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ ចៃដន្យជួបកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានក៏បានប្រដេញតាមឃាត់ខ្លួនបាន៧នាក់ និងម៉ូតូ៣គ្រឿង នាំមកអធិការដ្ឋានខណ្ឌ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ ទល់មុខការដ្ឋានអាគារខ្ពស់ក្រុមហ៊ុនចិន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហៅក្មេងស្ទាវ ។
ក្មេងទំនើងចំនួន៧នាក់ សមត្ថកិច្ចមិនបានឱ្យដឹងឈ្មោះ គ្រាន់តែដឹងថា ពួកគេមានអាយុទើបតែ១៤-១៥-១៦ឆ្នាំ តែប៉ុណ្ណោះ ។
តាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ បានប្រាប់ថា មុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើនេះ គឺមានបទបញ្ជារបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យនោះ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដឹកនាំដោយរូបលោកដែលជាប្រធានក្រុមផ្ទាល់បានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានក៏ប្រទះឃើញក្មេងទំនើងមួយក្រុមកំពុងបង្ហោះម៉ូតូតាមបណ្ដោយផ្លូវ៦០ម៉ែត្រយ៉ាងអនាធិបតេយ្យក៏បានប្រដេញតាមភ្លាម ។ លោកថាយើងស្ទាក់នៅចំណុចខាងលើ ដោយឃាត់បានក្មេងទំនើងចំនួន៧នាក់ និងម៉ូតូចំនួន៣គ្រឿង ហើយបាននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរផងដែរ ។
ក្រោយពេលសាកសួររួច ពួកគេបានឆ្លើយប្រាប់ថា ពួកគេគ្រាន់តែរៀនបង្ហោះម៉ូតូប៉ុណ្ណោះ ទើបតែបង្ហោះបាន២-៣ដង ស្រាប់តែសមត្ថកិច្ចបានមកឃាត់ខ្លួនតែម្ដង ។
ក្រោយពេលសាកសួររួចហើយក្មេងទំនើងទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបានឱ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញដើម្បីអប់រំណែនាំបន្ត ព្រោះក្មេងខាងលើសុទ្ធតែមានអាយុចាប់ពី១៤ទៅ១៦ឆ្នាំប៉ុណ្ណោះ ។
ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួនពីរទៅបីថ្ងៃសិន ទើបឱ្យម្ចាស់យកឯកសារមកបញ្ជាក់ ហើយប្រគល់ឱ្យទៅវិញផងដែរ ៕
ចែករំលែកព័តមាននេះ