ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ការ​ហ្វឹកហាត់​លើក​ទី​2 ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បច្ចេកទេស​​កីឡាករ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ផល​ប៉ះពាល់​ពី​ការ​ផ្អាក​ការ​ហ្វឹកហាត់​ជា​លើក​ទី​ពីរ​របស់​កីឡាករ​កីឡាការិនី ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ លោក​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ផល​ប៉ះពាល់​ពី​ការ​ផ្អាក​ការ​ហ្វឹកហាត់​ជា​លើក​ទី​ពីរ​របស់​កីឡាករ​កីឡាការិនី ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ លោក​អះអាង​ថា ការ​ផ្អាក​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកទេស​របស់​កីឡាករ ក្នុង​ដំណើរ​ត្រៀម​ទៅ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម និង​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ការ​ហ្វឹកហាត់​ត្រូវ​ប៉ះពាល់ ព្រោះ​យើង​បាន​ផ្អាក​ហ្វឹកហាត់​ពីរ​ដង​ហើយ ដូច្នេះ​វា​ត្រូវ​តែ​ប៉ះពាល់​ដល់​គុណ​ផល​។ ប៉ុន្តែ​យើង​ធ្វើ​យ៉ាងម៉េច បើ​វា​ជា​ស្ថាន​ភាព​ដែល​យើង​ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ។ ផែនការ​យុទ្ធសាស្ត្រ​យើង​នៅ​រក្សា​ដដែល គ្រាន់តែ​វា​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់ និង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកទេស​។

ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល​ក្នុង​កា​រប​ញ្ចូ​ន​កីឡាករ​ទៅ​ហ្វឹកហាត់​ពង្រឹង​សមត្ថ​ភាព​នៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ចិន​។ លោក វ៉ា​ត់ ចំរើន បាន​បង្ហាញ​ជំហរ​ដូច្នេះ​ថា​៖«​មក​ដល់​ពេល​នេះ​យើង​នៅ​រក្សា​ការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ចិន​ដដែល ហើយ​ភាគី​ចិន​បាន​រៀប​គម្រោង​ផែនការ​ថ្មី គឺ​នៅ​ឆ្នាំ​ក្រោយ​អាច​រួចរាល់​អ្វី​ៗ​ទាំងអស់ អ៊ីចឹង​យើង​អាច​បញ្ជូន​ទៅ
បាន ។ ប្រសិនបើ​បាន​មុន​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​៤​ទៅ​៥​ខែ​ក៏​ល្អ​ដែរ​»​។

បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ដើមឆ្នាំ​២០២១ ខាង​មុខ​នេះ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ជាង​១០០​នាក់ ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រយៈពេល​វែង ។ ប៉ុន្តែ​គម្រោង​នេះ​អាច​ដំណើរការ​ទៅ​បាន​តាម​ការ​គ្រោងទុក លុះត្រាតែ​ស្ថានភាព​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​លើ​ពិភពលោក​មាន​ភាព​ធូរស្បើយ​។

អគ្គលេខាធិការ​រូប​នេះ ធ្លាប់​អះអាង​កន្លង​មក​ថា ក្នុង​ករណី​មិន​អាច​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​នឹង​ជួល​គ្រូបង្វឹក​បរទេស​មក​បង្វឹក​នៅ​ប្រទេស​កម្ពុជា​។

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​សម្រេច​ផ្អាក​ការ​លេង​កីឡា និង​ហាត់ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ និង​ផ្អាក​ចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​ជា​បណ្តោះអាសន្ន​។ ការ​សម្រេច​បែប​នេះ​របស់​ក្រសួង ធ្វើ​ឡើង​ក្រោយ​រក​ឃើញ​អង្គរក្ស​ម្នាក់ ដែល​ជា​គ្រូបង្វឹក​កីឡា​មួយ​ប្រភេទ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ហើយ​លោក​បាន​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយ​កីឡាករ និង​មន្ត្រី​មួយ​ចំនួន​។

អង្គរក្ស​រូប​នេះ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ពី​លោក Peter Szijjarto រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ បាន​ជួប​ជាមួយ​សម្តេច ហ៊ុន សែន រដ្ឋមន្ត្រី និង​មន្ត្រី​ថ្នាក់ដឹកនាំ​មួយ​ចំនួន និង​ក្រុម​អ្នក​សារព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ