ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​រឿង «​បង​ទុំ​ អូន​ទាវ​2015» បកស្រាយ​ចំណុច​រិះគន់​របស់​មហាជន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង​ «​បង​ទុំ អូន​ទាវ ២០១៥» ដែល​ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​រ៉ក់ បាន​ប្រកាស​សម្ពោធ​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា ចាប់ពី​ថ្ងៃ​ទី​២១ ឧសភា ២០១៥​តទៅ ព្រមទាំង​បាន​បកស្រាយ​ពី​មតិ​រិះគន់​មួយ​ចំនួន​របស់​ទស្ស​

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​រឿង ​«​បង​ទុំ អូន​ទាវ ២០១៥» ដែល​ជា​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​រ៉ក់ បាន​ប្រកាស​សម្ពោធ​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា ចាប់ពី​ថ្ងៃ​ទី​២១ ឧសភា ២០១៥​តទៅ ព្រមទាំង​បាន​បកស្រាយ​ពី​មតិ​រិះគន់​មួយ​ចំនួន​របស់​ទស្ស​និកជន ។

នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ឧសភា ២០១៥ ផលិតកម្ម​រ៉ក់​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រោង​ភាពយន្ត Major Cineplex ដោយ​មានការ​ចូលរួម​ពី​លោក​ស៊ិ​ន ច័ន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក​យឹ​ម សុ​សត្យា ជំនួយការ​អគ្គនាយក និង​ជា​ប្រធាន​គ្រប់គ្រង​ផលិតកម្ម​រ៉ក់ និង​លោក​សៅ សុខ​នី តំណាង​រោង​ភាពយន្ត Major Cineplex ។

លោក​យឹ​ម សុ​សត្យា មាន​ប្រសាសន៍​ថា រឿង​«​បង​ទុំ អូន​ទាវ ២០១៥»​មិនមែន​យក​តាម​លំនាំ​ដើម​មក​សម្ដែង​នោះ​ទេ គឺ​យក​គោល​គំនិត​មួយ គឺ​ភាព​ស្មោះស្ម័គ្រ ព្រោះ​តួអង្គ​ទាំង​ពីរ បង​ទុំ អូន​ទាវ បាន​ស្រឡាញ់​គ្នា រហូត​ដល់​តួ​ស្រី​ស្លាប់​ហើយ ក៏​នៅ​តែ​ស្រឡាញ់​គ្នា​ទាំង​ម្នាក់​ជា​ខ្មោច និង​ម្នាក់​ទៀត​ជា​មនុស្ស ។ ចំពោះ​សាច់​រឿង​ផ្សេង​ទៀត លោក​សត្យា​ថា​សម្លឹង​មើល​ទីផ្សារ​សព្វថ្ងៃ​ដោយ​បាន​បញ្ចូល​ឈុត​ឆាកកំប្លែង និង​មាន​ខ្មោច​ជាដើម ដោយ​មិន​មាន​ចេតនា​និពន្ធ​រឿង​នេះ​បំផ្លាញ​រឿង​«​ទុំ​ទាវ​» ចាស់​ទេ ។

លោក​យឹ​ម សុ​សត្យា ឱ្យ​ដឹង​ថា មាន​ឈុត​ឆាក​មួយទៀត​មានការ​រិះគន់ នោះ​គឺ​ឈុត​ឆាក​លោកសង្ឃ​ជាប់​លើ​ចុង​ឫស្សី ។ តាម​រយៈ​ឈុត​ឆាក​នេះ លោក​បាន​ទៅ​ជួប​សម្ភាសន៍​ជាមួយ​សម្ដេចព្រះសង្ឃរាជ និង​ចៅអធិការ​ជា​ច្រើន​វត្ត ព្រមទាំង​គ្រូសូត្រឆ្វេង​-​ស្ដាំ​ផង​ដែរ ថា​តើ​វា​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ដែរ​ទេ ។ ចំពោះ​សម្ដេចព្រះសង្ឃរាជ ប៊ួ​រ គ្រី មាន​ព្រះរាជ​បន្ទូល​ថា ឈុត​ឆាក​នេះ មិន​មាន​អ្វី​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ទេ ។ ចំពោះ​សម្តេចព្រះ​មហាសុមេធាធិបតី​ន​ន្ទ ង៉ែត ក៏​មាន​សង្ឃដីកា​ដែរ​ថា​ឈុត​នេះ​មិន​ប៉ះពាល់​សាសនាព្រះពុទ្ធ​ទេ ។

លោក​ស៊ិ​ន ច័ន្ទ​សា​យ៉ា មាន​ប្រសាសន៍​ថា រឿង​«​បង​ទុំ អូន​ទាវ​២០១៥»​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ទទួល និង​បាន​ព្យួរ​ទុក​មួយ​រយៈ​រង់ចាំ​មើល​មតិ​រិះគន់ តែ​ដូច​លោក​សត្យា​លើក​ឡើង​ហើយ​ថា រឿង​នេះ​មិនមែន​យក​តាម​រឿង​ដើម​ទេ វា​គ្រាន់តែ​យក​គោល​គំនិត​ភាព​ស្មោះស្ម័គ្រ​ប៉ុណ្ណោះ ។ ដោយឡែក​ចំពោះ​បញ្ហា​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា ឬ​មិន​ប៉ះពាល់​ត្រង់​ចំណុច​ព្រះសង្ឃ​ជាប់​លើ​ចុង​ឫស្សី ដោយសារ​មហិទ្ធិឫទ្ធិ​ខ្មោច​នោះ ព្រះសង្ឃ​ដែល​មាន​ឋានៈ ខ្ពស់​ៗ បាន​បញ្ជាក់​ហើយ​ថា​វា​មិន​ប៉ះពាល់​ទេ ព្រោះ​រឿង​ខ្មោច​មាន​មែន ឬ​មិនមែន​នោះ សូ​ម្បី​អ្នកប្រាជ្ញ​ពិភពលោក​មួយ​ចំនួន​ក៏​មិន​ទាន់​សន្និដ្ឋាន​ច្បាស់លាស់​នៅឡើយ ។ អ្នកខ្លះ​ថា​មាន​ខ្មោច​មែន និង​អ្នកខ្លះ​ទៀត​ថា​មិន​មាន​នោះ​ទេ ។

ខ្សែភាពយន្ត​រឿង «​បង​ទុំ អូន​ទាវ ២០១៥» ចំណាយ​សរុប​អស់​ជាង​៤​ម៉ឺន​ដុល្លារ​ទាំង​បច្ចេកទេស និង​តម្លៃ​ខ្លួន​តួ​សម្ដែង និង​ត្រូវ​ចំណាយពេល​ថត​ជិត​កន្លះ​ឆ្នាំ ៕

                       

 

សុវណ្ណ​ណែ​ត
RA 201505019_029_27016
Savanneth  201505018(4-7)
កែ ១
កែ
ឦ ព៌​៌ា