ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញធនធានទឹកខេត្តបាត់ដំបង បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៣ តុលានេះ ស្ថានភាពទឹកស្ទឹងសង្កែ មានកម្ពស់១៣,១២ម៉ែត្រ ពោលគឺនៅមិនទាន់ឈានដល់ការប្រកាសអាសន្ននោះទេ ។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងថា ស្ថានភាព ទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី២៣នេះ ទឹកមានកម្ពស់១៣,១២ម៉ែត្រ ហើយកម្រិតទឹក ដែលត្រូវប្រកាសអាសន្ននោះ គឺនៅ កម្ពស់១៣,៨៥ម៉ែត្រ ។
លោកបានបន្តថា កម្ពស់ទឹកស្ទឹងសង្កែ បានហក់ឡើងនេះ ដោយសារកាលពីថ្ងៃម្សិលមិញ មានភ្លៀងធ្លាក់នៅប៉ែកខាងលើ នៃស្រុកសំឡូត មានចំនួន០៣ឃុំ បានធ្វើឲ្យទឹកក្នុងអាង ដែលពេញស្រាប់ ហក់ឡើងបន្តិច តែមិនមានផលប៉ះពាល់អ្វីទេ ។
លោក ឡុង ផលគុណ បញ្ជាក់ថា ចំពោះបញ្ហាអាកាសធាតុ ដូចជាអត់មានបញ្ហាអីជាដុំកំភួនទៀតទេ មិនទាន់ចប់ទេ ប៉ុន្តែដល់ថ្ងៃទី២៦ យើងអាចមានភ្លៀងតិចតួចមួយទៀតដែលក្នុងកម្រិតមួយដែលថា អត់មានឥទ្ធិពលអីដល់យើងទេ និយាយជារួម មិនមានឥទ្ធិពលអី ដែលធ្វើឲ្យយើងទទួលហានិភ័យពីទឹកភ្លៀងទៀតទេ ។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនដែលកំពុងរស់នៅតាមបណ្តោយមាត់ដងស្ទឹងសង្កែ ខេត្តបាត់ដំពង ជាពិសេសកុមារតូចៗ និងមនុស្សចាស់ជរា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹង នៅល្ងាចថ្ងៃទី២២ ខែតុលា ២០២០ អោយដឹងថា ជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំង ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹង សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ហើយទឹកហូរចូល ក្នុងស្ទឹងសង្កែ ដែលធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើងនៅយប់នេះ ឬថ្ងៃទី២៣ តុលានេះ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ៕
ចែករំលែកព័តមាននេះ