ក្រសួងយុត្តិធម៌ ៖ ៥​ចំណុច​អំពី​តម្លៃ និង​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស


រាជធានី​ភ្នំពេញ ៖ សម្រាប់​ខួប​លើក​២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ (២៣ តុលា ឆ្នាំ​១៩៩១-២៣ តុលា ឆ្នាំ​២០២០) អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បង្ហាញ​៥ ចំណុច​អំពី​តម្លៃ និង​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ ។

លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ៥​ចំណុច អំពី​តម្លៃ និង​សុពលភាព​គតិ​យុ​ត្តនៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ៖
១. កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស មាន​គោលដៅ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​រៀបចំ​នូវ​យន្តការ​ច្បាប់ និង​ស្ថាប័ន​បណ្តោះអាសន្ន​មួយ​ផង​ដែរ ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​សម័យ​អន្តរ​កាលពី​១៩៩១​ដល់​១៩៩៣ មុន​ពេល​កម្ពុជា​មាន​រដ្ឋាភិបាលចម្រុះ និង​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ដឹកនាំ​ប្រទេស ។

២.​ក្រោយ​ពេល​រដ្ឋាភិបាលចម្រុះ និង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ត្រូវ​បាន​បង្កើត​និង​រៀបចំ​ចប់​សព្វគ្រប់ ដើម្បី​ដឹកនាំ​ប្រទេស​នោះ​សម័យ​អន្តរកាល​ត្រូវ​បាន​បញ្ចប់ ហើយ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ក៏​ត្រូវ​អស់​សុពលភាព​ផង​ដែរ ។ ដូច្នេះ​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ភាព​ចាំបាច់ ឬ​កាតព្វកិច្ច​ក្នុង​ការ​គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ា​រី​ស​នេះ​ទេ តែ​ត្រូវ​គោរព និង​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​វិញ​ដែល​ជា ច្បាប់​កំពូល​ហើយ​គោលការណ៍​គ្រឹះ​ប្រជាធិបតេយ្យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ប៉ា​រី​ស ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣​រួច​អស់ហើយ​ដែរ ។
៣. ស្មារតី​នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​អំពី​ការ​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​មិន​ត្រូវ​បាន​អនុវត្ត និង​គោរព​ឱ្យ​បាន​ពេញលិញ​នោះ​ទេ ហើយ​ក៏​មិន​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលិញ​ពិតប្រាកដ​ជូន​កម្ពុជា​នោះ​ដែរ ព្រោះថា ភាគី​ខ្មែរក្រហម​មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​ទេ មិន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ហើយ​នៅ​តែ​បន្ត​ធ្វើសង្គ្រាម​រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលិញ និង​ពិតប្រាកដ​ទូ​ទាំង​ផ្ទៃ​ប្រទេស ដោយ​នយោបាយ​ឈ្នះ​ៗ​របស់​សម្តេច​តេ​ជោ ។

៤.​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុង​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ដែល​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ត្រូវ​បាន​គោរព និង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដែល​រួម​មាន​ដូច​ជា គោលការណ៍​សិទ្ធិ សេរីភាព គោលការណ៍​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​បូរណភាព​ទឹកដី គោលការណ៍​នៃ​ការ បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស របប​នយោបាយ​រា ជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នីតិរដ្ឋ​ជាដើម​។​ល​។ ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​រដ្ឋ​បរទេស​ណាមួយ​នោះ មិន​មាន​ន័យ​ថា កម្ពុជា​បាត់បង់​នូវ អធិបតេយ្យភាព​និង​ឯករាជ្យ​ភាព​របស់​ខ្លួន​នោះ​ទេ​។

ចំណែកឯ​វិធានការ​ច្បាប់​ចំពោះ បក្សនយោបាយ​ដែល​បំពាន​ច្បាប់ និង​ក្រុម​សកម្មជន​ដែល​ប្រព្រឹត្ត​បទល្មើស ក៏​មិនមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​នោះ​ដែរ ពោល​គឺ​ការ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដ៏​ទៃ សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ តែ​ជា​បទល្មើស ដែល​អ្ន​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន ។
ចំនែក​ទី ៥. ក្រុម​អង្គការ​សង្គម​ស៊ី​វី​ល​និង​ក្រុម​សកម្មជន​ប្រឆាំង​មួយ​ចំនួន ដែល​មាន​គម្រោង​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា និង​ទាមទា​ឱ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ប៉ា​រី​ស​នៅ​ថ្ងៃ​២៣ តុលា នេះ តាម​ការ​រៀបចំ​របស់​អង្គការ​ចលនា​ចាត់តាំង​ខុសច្បាប់​ពី​ខាងក្រៅ​ប្រទេស នឹង​មិន​ទទួល​បានការ​ស្វាគមន៍​ពី​មហាជន​នោះ​ទេ ព្រោះ​ពេល​នេះ​ពលរដ្ឋ​កំពុង​រង គ្រោះ​ដោយ​ទឹកជំនន់​ហើយ​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​គ្រប់​ភាគី​ទាំងអស់ ។

ដូច្នេះ ប្រសិនបើ​ក្រុម​អង្គការ​សង្គម​ស៊ី​វី​ល​ទាំងនេះ ប្រមូលផ្តុំ​និង​សហការ​គ្នា ជួយ​ដល់​ពលរដ្ឋ ដែល​កំពុង​តែ​រង​គ្រោះ​ដោយ​ទឹកជំនន់​វិញ ប្រហែលជា​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​សង្គម​ជាង​ជា​ជាង​ការ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​បែប​អនាធិបតេយ្យ​បែប​នេះ ដែល​អាច​បង្ក​ភាព​ចលាចល និង​អសន្តិសុខ​ដល់​សង្គម​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ