ខេត្តបន្ទាយមានជ័យ ៖ នៅពេលមានទឹកជំនន់ ហើយធ្លាក់ខ្យល់ផងនោះ ប្រជានេសាទបាននាំគ្នាទៅបង់សំណាង់ញឹក ឬសំណាញ់ប្រយ៉ុងក្រឡាញឹក១ហ៊ុនកន្លះទៅ២ហ៊ុន ដោយក្នុង១ថ្ងៃប្រជានេសាទចាប់ត្រីបានចាប់ពី៤ទៅ៥គីឡូក្រាមរយៈពេល២ទៅ៣ថ្ងៃមកហើយ សម្រាប់ធ្វើជាប្រហុក ឬត្រីឆ្អើរ និងយកទៅលក់នៅចំណុចស្ពានក្រឡោ ស្ថិតក្នុងភូមិ-ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

ជាក់ស្តែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចស្ពានក្រឡោ គេសង្កេតឃើញមានប្រជាពលរដ្ឋជាអ្នកនេសាទជាច្រើននាក់ ដែលកំពុងតែបង់សំណាញ់ប្រយ៉ុង ឬសំណាញ់ញឹក ដែលបានបង់អូសបានត្រីសរ ហើយក៏ឃើញមានគ្រួសារខ្លះក៏បានមកធ្វើត្រីជាស្រេចនៅកន្លែងបង់តែម្តង។

បើតាមប្រជានេសាទបានប្រាប់ថា ទើបតែរយៈពេល២ទៅ៣ថ្ងៃនេះទេ នៅពេលដែលមានទឹកជំនន់ជន់លិច ហើយមានធ្លាក់ខ្យល់ផងនោះ ពួកគាត់ក៏បាននាំគ្នាទៅនេសាទ ដោយបានបង់សំណាញ់ប្រយ៉ុង ឬសំណាញ់ក្រឡាញឹក ហើយបង់បានភាគច្រើនជាត្រីសរ ក្នុង១ថ្ងៃបានប្រមាណជា៤ទៅ៥គីឡូក្រាម ដើម្បីយកទៅធ្វើត្រីប្រហុក ឬត្រីឆ្អើរ សម្រាប់ទុករដូវប្រាំ ហើយអ្នកខ្លះទៀតបានច្រើនយកទៅលក់ ដោយត្រីសរ ១គីឡូក្រាមតំលៃជាង១ម៉ឺនរៀល។

ប្រជានេសាទបានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ដោយសារតែទឹកធំជន់លិចផង ទើបពេលទៅបង់បានត្រីអាចនិយាយបានថា ត្រីឆ្នានេះដូចជាសំបូរជាងឆ្នាំមុន នៅពេលបង់សំណាញ់ញឹក ឬសំណាញ់ប្រយ៉ុង ត្រូវបានសុទ្ធតែត្រីសរ ។ ចំណែកអ្នកនេសាទជាច្រើននៅស្ពានក្រឡោនេះ គឺភាគច្រើនសុទ្ធតែប្តីជាអ្នកបង់សំណាញ់ រីឯប្រពន្ធជាអ្នកធ្វើត្រី៕





ចែករំលែកព័តមាននេះ