ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​រឿង «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» ត្រៀម​ចូលរួម​ក្នុង​មហោស្រព​អន្តរជាតិ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​ហនុមាន បាន​ប្រកាស​ដល់​សាធារណជន​ថា ខ្សែភាពយន្ត​រឿង «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» នឹង​ត្រៀមខ្លួន​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែសីហា ឆ្នាំ​២០១៥ ។

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​ហនុមាន បាន​ប្រកាស​ដល់​សាធារណជន​ថា ខ្សែភាពយន្ត​រឿង «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» នឹង​ត្រៀមខ្លួន​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែសីហា ឆ្នាំ​២០១៥ ។

លើស​ពី​នេះ ខ្សែភាពយន្ត «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» នឹង​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក រួម​មាន​មហោ​ស្រព​​ភាពយន្ត​អន្តរជាតិ ឡូ​ស​អេ​ន​ចឺ​ឡេ​ស និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៥ ។ មហោស្រព​ភាពយន្ត​អន្តរជាតិ​អាស៊ី​ខាងកើត នៅ​ទីក្រុង Udine ប្រទេស​អីុ​តា​លី ចាប់ពី​ថ្ងៃ​ទី​២៣ មេ​សា ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៥ មុន​នឹង​ត្រៀមខ្លួន​បន្តដំណើរ​ទៅ​ចូលរួម​មហោស្រព​ភាពយន្ត​អន្តរជាតិ Bentonville នៅ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៥ ។

ខ្សែភាពយន្ត «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» ធ្លាប់​ទទួល​បាន​ពានរង្វាន់​ចំនួន​២ ទី​មួយ​គឺ ពានរង្វាន់ Spirit of Asia ដល់​អ្នកដឹកនាំ​រឿង សុទ្ធោ គុល្លិការ​នៅ​ប្រទេស​ជប៉ុន កាលពី​ខែតុលា ឆ្នាំ​២០១៤ និង​ពានរង្វាន់​តួរង​ល្អ​បំផុត​ដល់​លោក​សុខ សុ​ធន ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​អាសា​៊​ន នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ខែមេសា ឆ្នាំ​២០១៥ ។

ដោយសារ​មាន​វត្ត​មានរឿង «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» បាន​ធ្វើ​ឱ្យ​វិស័យ​ខ្សែភាពយន្ត​របស់​ប្រទេស​កម្ពុជា ងើបមុខ​ឡើង​វិញ និង​បន្ត​ខ្លួន​ឱ្យ​កាន់តែ​រីក​ចម្រើន ។ សុទ្ធោ គុល្លិការ បាន​ប្រើ​ទេព​កោសល្យ​របស់​ខ្លួន​បង្កើត​ឱ្យ​មាន​លទ្ធផល​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​ដ៏​ជូរ​ចត់​នៃ​ការ​បែកបាក់​គ្នា​របស់​ប្រជាជន​ខ្មែរ តាម​រយៈ​ការ​ប្រៀបធៀប​ជីវិត​របស់​ក្រុម​គ្រួសារ​មួយ​នៅ​ក្នុង​រឿង​នេះ ។

កំណត់​ត្រា​ដែល​ធ្វើ​ឱ្យ​រំជួល​អារម្មណ៍​នៅ​ក្នុង​វិស័យ​ខ្សែភាពយន្ត​នៅ​សម័យ​យុគមាស​របស់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់តែ​ពង្វក់​ចិត្ត​អ្នក​ទស្សនា តែ​ចុង​ក្រោយ​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ដោយ​ពួក​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៧៩ គឺ​ត្រូវ​លេចឡើង​នៅ​ក្នុង​រឿង «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» របស់​សុទ្ធោ គុល្លិការ ។

«​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» ជា​ខ្សែភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ផ្ទាល់ខ្លួន ជា​រឿងនិទាន​ឆ្លង​ជំនាន់​បង្ហាញ​ពី​ការ​ស្រឡាញ់ និង​ការ​ស្អប់ ដែល​កើតឡើង​ពី​ការ​បាត់បង់​បេតិកភណ្ឌ និង​អត្តសញ្ញាណ ដោយសារ​ការ​បំផ្លាញ​ដោយ​ខ្មែរក្រហម ។ នៅ​ក្នុង​រឿង​នេះ​ផ្ទាល់​មានការ​បង្ហាញ​ទាំង​ការ​អប់រំ និង​មនោសញ្ចេតនា​ដ៏​ជូរ​ចត់​ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជួប​ប្រទះ ។ រឿង «​ដុំ​ហ្វ៊ីល​ចុង​ក្រោយ​» ជា​ខ្សែភាពយន្ត​មួយ​ដែល​លេច​ចេញ​ឡើង​ក្រោម​ស្នាដៃ​របស់​អ្នកដឹកនាំ​រឿង​ជា​ស្ត្រី​ខ្មែរ​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​អន្តរជាតិ ។ រឿង​នេះ​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា អំឡុង​ឆ្នាំ​២០១៣ ដោយ​មានការ​ចូលរួម​ពី​អ្នក​សម្តែង​ដ៏​មាន​ទេព​កោសល្យ​ជា​ច្រើន​រូប រួម​មាន​កញ្ញា​ម៉ា​រី​ណែ​ត អ្នកស្រី​ឌី សា​វ៉េ​ត លោក​រស់ មុន្នី និង​ជា​ស្នាដៃ​របស់​ផលិតកម្ម​ហនុមាន ។

រឿង​មួយ​ដែល​បាន​កប់​ចោល​នៅ​ក្នុង​វាល​ពិឃាត គឺ​ត្រូវ​បាន​លាតត្រដាង​ចេញ​នូវ​ការណ៍ ពិត ។ នៅ​ក្នុង​រោងកុន​មួយ​ដែល​គេ​បោះបង់​ចោល សោ​ភ័​ណ្ឌ ដែល​ជា​យុវតី ចចេស​រឹងរូស បាន​រក​ឃើញ​រឿង​ចាស់​មួយ ដែល​សម្តែង​ដោយ​ម្តាយ​របស់​នាង ដែល​នេះ​ផ្តល់​ឱកាស​ឱ្យ​នាង​បានដឹង​រឿង​រ៉ា​វ​ជា​ច្រើន ទាក់ទិន​នឹង​ក្រុម​គ្រួសារ​របស់​នាង នៅ​ពេល​រស់នៅ​ក្នុង​សម័យ​ខ្មែរក្រហម ៕