ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៨ តុលា ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានចុះត្រួតពិនិត្យសត្វជ្រូករស់ចំនួន៦០០ក្បាល ដែលក្រុមហ៊ុនលឹម ស៊ីវម៉ី បានច្បាប់នាំចូលពីប្រទេសថៃដឹកឆ្លងកាត់រដ្ឋបាលខេត្តស្វាយរៀងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ដែលធ្លាប់មានការលិចឮថា មានក្រុមឈ្មួញដែលបានទទួលអាជ្ញាបណ្ណ័នាំជ្រូករស់ឆ្លងដែនទៅប្រទេសវៀតណាម ពេលមានជ្រូកងាប់ ឬជ្រូកអន់វៀតណាមមិនទិញត្រូវក្រុមឈ្មួញលក់ឲ្យឈ្មួញកាប់សាច់តាមឡសត្តឃាតនៅលើទីផ្សារធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាព។
ទាក់ទិនករណីនេះដែរលោក សាយ ពន្លឺមេត្តា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា អាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ទំនិញគ្រប់ប្រភេទតាមច្រករបៀង និងច្រកតំបន់ព្រំដែនទេ។ ហើយក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតនាំចូលជ្រូករស់ពីប្រទេសថៃឆ្លងកាត់ប្រទេសកម្ពុជា ឆ្លងដែនទៅប្រទេសវៀតណាម គឺដឹកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ មិនអនុញ្ញាតដឹកចេញតាមច្រករបៀងទេ។
ប្រភពដដែលបន្តទៀតថា ជ្រូករស់ចំនួន៦០០ក្បាលដឹកតាមរថយន្តយីឌុប២គ្រឿងដែលមកផ្ទេនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតនេះ គឺជ្រូករបស់ក្រុមហ៊ុន លឹម ស៊ីវម៉ី មានច្បាប់អនុញ្ញាតនាំជ្រូករស់ពីប្រទេសថៃ ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាមក្នុងមួយថ្ងៃ៦០០ក្បាល។លោក សាយ ពន្លឺមេត្តា បានឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន០៣នាំជ្រូករស់ពីប្រទេសថៃ ឆ្លងកាត់ទៅប្រទេសវៀតណាម គឺក្រុមហ៊ុន លឹម ស៊ីវម៉ី ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុមហ៊ុន ជីធីហ្វោនដេស៊ិន និងក្រុមហ៊ុន សុខ អង្គរជ័យ នាំជ្រូករស់ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ស្រុកកំពង់រោទិ៍។
ហើយក្រុមហ៊ុនមានលិខិតបញ្ជាក់ពីសុខភាពជ្រូកពីដើមទីចេញដោយនាយកដ្ឋានផលិតកម្មសត្វពីប្រទេសថៃ ហើយត្រូវបានមន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តត្រួតពិនិត្យគ្រប់ចំណតតាមខេត្តដែលឆ្លងកាត់។ ទាក់ទិនករណីនេះដែរ មានក្រុមហ៊ុនអ្នកនាំជ្រូកពីប្រទេសថៃទៅប្រទេសវៀតណាមម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ទៅប្រទេសវៀតណាម មានច្រើនក្រុមហ៊ុន ក៏ប៉ុន្តែក្រុមហ៊ុន លឹម ស៊ីវម៉ី កន្លងមកមាននាំជ្រូករស់ពីប្រទេសថៃ ដាក់ចែកចាយតាមឡសត្តឃាតក្នុងខេត្តស្វាយរៀងកាប់សាច់លក់នៅលើទីផ្សារផងដែរ។
ហើយក្រុមហ៊ុនដានីដេង នាំជ្រូករស់ពីប្រទេសថៃមកលក់ចែកចាយតាមឡសត្តឃាដនានាទូទាំងខេត្តស្វាយរៀងសម្រាប់កាប់សាច់លក់នៅលើទីផ្សាររាប់រយក្បាលក្នុង១ថ្ងៃ១ថ្ងៃ។ លោក ឈិន សៅ អនុប្រធានករិយាល័យផលិតកម្ម និងបសុព្យាបានៃមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា ករណីប្រជាពលរដ្ឋមានការព្រួយបារម្ភថា មានជ្រូកឈឺ ឬងាប់ឈ្មួញវៀតណាមមិនទទួលឬឲ្យដឹកចូលទីប្រទេសវៀតណាម ឈ្មួញលក់ជ្រូកទាំងនោះឲ្យតាមឡសត្តឃាតព្រះលះលក់ចែកចាយនៅលើទីផ្សារនានាក្នុងខេត្តស្វាយរៀងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះគឺគ្មានជ្រូកឈឺទេ គឺជ្រូកអន់ដឹកឆ្ងាយត្រូវក្តៅអន់ វៀតណាមគេមិនយកទេ ហើយចំពោះជ្រូកងាប់ ក៏មិនមែនងាប់ដោយជំងឺទេ គឺងាប់ដោយត្រូវក្តៅ ទោះបីយ៉ាងណាគឺមន្ត្រីជំនាញមិនអនុញ្ញាតឲ្យលក់ចែកចាយតាមឡសត្វឃាតទេ គឺត្រូវកប់ និងដុតចោល៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ