ខេត្តពោធិ៍សាត់កំពុងរងការវាយប្រហារជំនន់ទឹកភ្លៀង
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី០៩ តុលា នេះ ខេត្តពោធិ៍សាត់បានទទួលរងជំនន់ទឹកភ្លៀងជាលើកទី២ បណ្ដាលឲ្យលិចលង់តំបន់មួយចំនួនក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដែលនៅតាមបណ្ដោយដងស្ទឹងពោធិ៍សាត់។

ស្រុកភ្នំក្រវាញលិចផ្លូវជាតិលេខ៥៥ចំនួន០២កន្លែង ក្នុងឃុំសំរោង និងលិចទំនប់បង្ហៀរកាត់ស្ទឹងអារ៉ៃក្នុងឃុំរកាតមួយកន្លែងទៀត មិនអាចឲ្យអ្នកដំណើរឆ្លងកាត់បាននោះទេ លុះត្រាតែរង់ចាំទឹកស្រកសិន។ ក្រុងពោធិ៍សាត់ហៀរលើខឿនមាត់ស្ទឹងខាងមុខសាលាខេត្ត ខាងមុខមន្ទីរពេទ្យ ចូលកោះសំពៅមាស លិចផ្លូវគ្រួសក្រហម សាលារៀន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនដែលនៅតាមខ្នងប្រឡាយ មាត់ស្ទឹង និងជាយៗក្រុង។ ស្រុកណ្ដៀងហូរចាក់សាលាបឋមសិក្សាពោធិ៍កំបោរ ហៀរលើផ្លូវគ្រប់ទីកន្លែង និងមានកាត់ផ្ដាច់ផ្លូវថ្នល់មួយចំនួនផងដែរ។ ចំណែកស្រុកវាលវែងមិនជាបញ្ហាប៉ុន្មាននោះទេ ដោយសារនៅតំបន់ភ្នំ ទឹកលិចផ្លូវតែពេលកំពុងភ្លៀងប៉ុណ្ណោះ លុះពីរបីម៉ោងក្រោយមកទឹកនឹងហូរមកផ្នែកខាងក្រោមអស់ហើយ។

ទឹកស្ទឹងពោធិ៍សាត់បានចាប់ផ្ដើមឡើងយ៉ាងគំហក់ពីម៉ោង០៨ព្រឹក រហូតបែកវាលលិចស្រែស្រូវ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ។ ស្ថិតក្នុងស្ថានភាពបែបនេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចលនាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗយុវជនគ្រប់អង្គភាព បែងចែកកម្លាំងគ្នាចុះអន្ដរាគមន៍ ជួយទប់ទឹក ជន្លៀសរកទីទួលសុវត្ថិភាព និងនាំយកស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់គ្រប់ទីកន្លែង។

តាមការផ្ដល់ព័ត៌មានពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ៃក្នុងកម្រិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់មានសន្ទុះកើនឡើងជាបន្តបន្ទាប់ អាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ ដែលយើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជាយថាហេតុ។

លុះនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ទឹក កើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្នតែម្ដង។ លោក កែវ វ័យ ឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់ៗគ្នារហូត ទាំងនៅតំបន់ភ្នំ ទាំងនៅតាមបណ្ដាស្រុក ក៍ដូចក្នុងទីរួមខេត្ត និងនៅតែបន្តភ្លៀងទៀតមកដល់ថ្ងៃនេះ អាចទឹកជំនន់បន្តដល់ថ្ងៃស្អែកឫខានស្អែកទៀត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ៕













ចែករំលែកព័តមាននេះ