ត្រីមាសទី1ដើមឆ្នាំ2015 កម្ពុជានាំអង្ករចេញទៅបរទេសកើនឡើង77%
រាជធានីភ្នំពេញ ៖ លោកឧកញ៉ា គឹមសាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា នៅក្នុងត្រីមាសទី១នេះការនាំចេញអង្កររបស់កម្ពុជាកើនឡើងជាង៧៧%
រាជធានីភ្នំពេញ ៖ លោកឧកញ៉ា គឹមសាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា នៅក្នុងត្រីមាសទី១នេះការនាំចេញអង្កររបស់កម្ពុជាកើនឡើងជាង៧៧%
រាជធានីភ្នំពេញ ៖ លោកឧកញ៉ា គឹមសាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា នៅក្នុងត្រីមាសទី១នេះការនាំចេញអង្កររបស់កម្ពុជាកើនឡើងជាង៧៧% នេះក៏ដោយសារតែយើងទទួលបានលក្ខខណ្ឌបន្ធូរបន្ថយមួយចំនួនដូចជាប្រទេសចិននិងវៀតណាម ចំណែកការនាំចេញទៅទីផ្សារនៅអឺរ៉ុប ក៏នៅតែកើនឡើងដែរ ។
លោកឧកញ៉ាបញ្ជាក់ថា នៅខែមីនាកន្លងមកនេះប្រភេទអង្ករក្រអូបមានតម្លៃ៧៥០ដុល្លារក្នុងមួយតោន ចំណែកប្រភេទអង្ករសធម្មតាមានតម្លៃប្រមាណ៤៣០ដុល្លារក្នុងមួយតោន។ ចំពោះការនាំចេញអង្ករទៅបរទេស ក្នុងខែមេសានេះ លោកឧកញ៉ារំពឹងថា នឹងនៅតែកើនឡើងដដែលដោយផ្អែកទៅលើការនាំចូលទៅទីផ្សារប្រទេសចិន ។
ទាក់ទងនឹងការនាំចេញអង្ករនៅក្នុងត្រីមាសទី១នេះ សម្រាប់ក្រុមហ៊ុនតូចតែពេជ្រ អីុមផត អិុចផតបាននាំចេញក្នុងកម្រិតតិចតួច ព្រោះតែបញ្ហាតម្លៃនៅលើទីផ្សារឲ្យថ្លៃទាបពេកមិនអាចឲ្យក្រុមលក់ចេញបាន ។ ប៉ុន្តែនៅខែមេសានេះ លោកតូច តែពេជ្រ អគ្គនាយកក្រុមហ៊ុនគ្រោងនឹងនាំចេញប្រភេទអង្ករក្រអូបចំនួន៣០០តោនទៅក្នុងទីផ្សារកាណាដា និងសហគមន៍អឺរ៉ុប។ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៥នេះក្រុមហ៊ុនរបស់លោកគ្រោងនាំចេញឲ្យបានចំនួន២.០០០តោន តែប្រហែលជាមិនសម្រេចតាមទិសដៅនោះទេ ដោយសារក្រុមហ៊ុនពុំទាន់មានសាច់ប្រាក់គ្រប់គ្រាន់ក្នុងទិញស្រូវស្តុកទុកសម្រាប់ធ្វើការកែច្នៃ ។ ទោះបីយ៉ាងណា លោកថា ប្រហែលជាអាចបានត្រឹមជាង១.០០០តោន ។
យោងតាមរបាយការណ៍ក្រុមការងារផ្នែកស្រូវអង្ករនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជនបានបង្ហាញថា នៅត្រីមាសទី១ដើមឆ្នាំ២០១៥នេះ កម្ពុជាបាននាំចេញអង្ករទៅបរទេសមានចំនួន១៤៩.៤៦៤តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤មានចំនួន៨៤.៣៣០តោន កើនឡើងប្រមាណ៧៧,២០% ។ នៅត្រីមាសទី១នេះផងដែរ ប្រភេទអង្ករក្រអូបចម្រុះមានចំនួន១១.៣១៣តោន នាងម្លិះ៥.២៦៦តោន សូមាលី២៣៩តោន ផ្កាម្លិះឬផ្ការំដួល៥៣.៤៨៩តោន សរីរាង្គ២១៤តោន អង្ករភ្លឺ៤៨តោន ។ ចំណែកប្រភេទអង្ករសចម្រុះគ្រាប់វែងមាន៦៩.២១១តោន អង្ករប្រណីតគ្រាប់វែង១.៣៧៩តោន និងអង្ករចំហុយគ្រាប់វែង៨.៣០៥តោន ។
ចំណែកប្រទេសដែលនាំចូលច្រើនជាគេមានដូចជា ប្រទេសបារាំង ចំនួន១៨.៨៣៥តោនប៉ូឡូញ ចំនួន១៣.១៩២តោន ហូឡង់ ចំនួន១២.១៩០តោន ឆែក ចំនួន៤.៩៨៩តោន អង់គ្លេស ចំនួន៤.២៦១តោន ប៊ែលហ្សិក ចំនួន៤.៥៦៩តោន អេស្ប៉ាញ ចំនួន៤.០៧៧តោន និងអីុតាលី ចំនួន៣.២៧០តោន ។ រីឯក្រុមហ៊ុនដែលមានភាគរយនាំចេញកើនឡើងមានដូចជា ក្រុមហ៊ុន KHMER FOODS GROUP CO.,LTD កើនឡើង១៤,៥០% ក្រុមហ៊ុនGOLDEN RICE (CAMBODIA) CO.,LTD. កើនឡើង១១,២២% ក្រុមហ៊ុនAMRU RICE (CAMBODIA) CO.,LTDកើនឡើង៨,៧៤% ក្រុមហ៊ុនBAITANG (KAMPUCHEA) PLC.កើនឡើង៦,៥៣% ក្រុមហ៊ុនINTERNATIONAL RICE TRADING (CAMBODIA) CO.,LTD.កើនឡើង៥,២៣% ក្រុមហ៊ុនHUNG HIEP (CAMBODIA) CO.,LT កើនឡើង៤,៦៨% ក្រុមហ៊ុនNIKOLINE INVESTMENT CO.,LTD.កើនឡើង៤,៥៦% ក្រុមហ៊ុនT.O.T ( TRUST OUR TRADE) CO., LTD.កើនឡើង៤,៣៣% ក្រុមហ៊ុនMEKONG ORYZA TRADING CO., LTD.កើនឡើង ៣,៨២% និងក្រុមហ៊ុនGOLDEN DAUN KEO RICE MILL CO., LTD. កើនឡើង៣,៥៩% ៕
ចែករំលែកព័តមាននេះ