ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ជួប​សន្ទនា​ជាមួយ​មេបញ្ជាការ​កង​ស្វ័យការពារ​ជើង​គោក​ជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ​នាយ​ឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការ​កង​ស្វ័យការពារ​ជើង​គោក​ជប៉ុន តាម​សំណើ​របស់​នាយ​ឧត្តមសេនីយ៍ YUASA Goro ដើម្បី​រក្សា​ការ​ភ្ជាប់​ទំនាក់ទំនង និង​ឈាន​ទៅ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រត្តិការ រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​រឹង​មាំ និង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​។

គួរ​រំលឹក​ផង​ដែរ​ថា នាយ​ឧត្តមសេនីយ៍ YUASA Goro ទើបបាន​ដឹកនាំ​គណៈប្រតិភូ កង​ស្វ័យការពារ​ជើង​គោក​ជប៉ុន មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​នៅ​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​។ ក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ចែករំលែក និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ចូលរួម​របស់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ និង​កង​ស្វ័យការពារ​ជើង​គោក​ជប៉ុន​នៅ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​បញ្ហា​ប្រឈម​រួម​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​កំពុង​នៅ​បន្ត​រាតត្បាត​ពិភពលោក​នៅឡើយ​។

នាយ​ឧត្តមសេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការ​គោរព​កោតសរសើរ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន និង​កំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​យ៉ាង​ល្អ​ប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ ដែល​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​បាន​អនុវត្ត​នៅ​ក្នុង​ការងារ​នេះ​។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​កិច្ច សហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត ជា​អាទិ៍ កម្ពុជា​-​ជប៉ុន ជា​ពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​ជា​គន្លឹះ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ដោយ​បាន​សង្កត់ធ្ងន់​ថា បញ្ហា​កូ​វី​ដ​-១៩ ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ទាំងអស់​គ្នា ទាំង​ការ​សហការ​ដោះស្រាយ​ផ្ទៃក្នុង​ប្រទេស នីមួយ​ៗ ក៏​ដូច​ជា​ការ​សហប្រតិបត្តិការ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​បណ្តា​ប្រទេស ជា​ដៃគូរ​នៅ​ក្នុង​ឆ្លើយ​តប​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ឆ្លង​តាម​ការ​ប្រឈម​នៃ​ការ ដោះស្រាយ​រួម គ្នា​លើ​បញ្ហា​កូ​វី​ដ​-១៩​នេះ ទាំងអស់​គ្នា​នឹង​អាច​ស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុច​ប្រឈម​នានា ដើម្បី​ឈាន​ទៅ​ពង្រឹង​នូវ​យន្តការ​នៃ​ការ​សហប្រតិបត្តិការ ជាមួយ​គ្នា​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​។ នាយ​ឧត្តមសេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការ​ពេញចិត្ត និង​ការ​អរគុណ​ចំពោះ​ការ បន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ទោះបី​ក្នុង​ស្ថានភាព​វិបត្តិ​នៃ ជំងឺ​កូ​វី​ដ​-១៩ ដែល​ស្តែង​ឡើង​តាម​រយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នេះ និង​បាន​បញ្ជាក់​ឡើង​វិញ អំពី​ការ​គោរព​អញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស ជប៉ុន ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​។

ជា​ចុង​ក្រោយ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ទៅ​លើ​សារៈ សំខាន់​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជា​ពិសេស​រវាង​កងទ័ព និង​កងទ័ព​ជា​អាទិ៍​ការ​រួម​គ្នា​បង្កើន​សមត្ថភាព​ឆ្លើយ​តប​នឹង​យថាហេតុ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ, ការ​ផ្តល់​ឱកាស​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស ក៏​ដូច​ជា​ការ​បង្កើត​ឱកាស​ឱ្យ​មានការ​ភ្ជាប់​ទំនាក់ទំនង​មនោសញ្ចេតនា​រវាង​យោធិន​គ្រប់​លំដាប់ថ្នាក់ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាដើម ដែល​សុទ្ធ​សឹង​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​ទំនាក់ទំនង​យូរអង្វែង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​ឡើង​វិញ ឬ​បញ្ចប់​ក្នុង​ពេល​ខាង​មុខ​នេះ កងទ័ពជើងគោក​ទាំង​ពីរ​នឹង​អាច បន្ត​ជំរុញ​នូវ​ល្បឿន​នៃ​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ​ឱ្យ​មាន​សន្ទុះ​ឡើង​វិញ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ