ខេត្តស្វាយរៀង ៖ បែកធ្លាយរឿងឪពុកចុងចាប់រំលោភកូនស្រី អាយុ១១ឆ្នាំ ហើយត្រូវប្រជាពលរដ្ឋជិតខាងបានទាន់ហើយក៏សម្រេចចិត្តប្តឹងសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា២០២០ ដែលជនសង្ស័យបម្រុង និងចាប់រំលោភម្តងទៀត ។
បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)ករណីឪពុកចុងចាប់បង្ខំកូនស្រីរួមភេទនេះកើតឡើង កាលពីយប់ថ្ងៃទី២៨ កញ្ញា ២០២០ នៅវេលាម៉ោង៩និង៣០នាទីយប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនហ៊ានប្តឹង លុះនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ជនគម្រក់នេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀត ទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹង និងរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង ។
ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែក ជនរងគ្រោះ អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុងរួមភេទបានចំនួនពី៧ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ កញ្ញា ២០២០នេះ។
បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភនៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្ត្រីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការដែរ នៅពេលណាមានទទួលភ្លេងការទៅលេងភ្លេងការឲ្យគេ មានឱកាសប្តីតែងតែរកលេះទៅនេះទៅនោះមួយភ្លែត ឬអត់ស្រួលខ្លួនត្រឡប់ទៅផ្ទះមុន ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយ បើប្រាប់និងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយស៊ូទ្រាំឈឺចាប់អស់រយៈពេល៩ខែមកហើយ ទើបតែបែកធ្លាយអ្នកជិតខាងមានការសង្ស័យទៅលបមើលឃើញទើបប្តឹងសមត្ថកិច្ចតែម្តង ។
បើតាមអ្នកស្រុកនិយាយថា ជនកម្រក់នេះ មានប្រពន្ធច្រើននាក់មកហើយ ក្រោយមកបានលែងលះជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុងជាអ្នកចំរៀងភ្លេងការជាមួយគ្នា រួចលែងលះយកអ្នកផ្សេងទៀតលើកចុងក្រោយ គឺបានម្តាយកុមារីរងគ្រោះក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ ។ នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ