ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ព្រមទាំងឃាត់ខ្លួនជន សង្ស័យប្រុសស្រីចំនួន៤នាក់ រួចយកមកសួរនៅការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅតុលាការខេត្ត។
លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយ ការិយាល័យនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់ក្នុងនោះ ១-ឈ្មោះ យ៉ែន សុយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកកាសែត រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ២-ឈ្មោះ សុ វិសាល អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ៣-ឈ្មោះ អ៊ុន ស្រីពេជ្រ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបប្រក់ខាងត្បូង សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៤-ឈ្មោះ ជា ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
បន្ទាប់ពីកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នោះ ក៏បានចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនម្សៅក្រាមព៍ណសថ្លាចំនួន៣កញ្ចប់, ទូរស័ព្ទដៃចំនួន៥ គ្រឿង, វិទ្យុទាក់ទងចំនួន០១គ្រឿ, ជញ្ជីងថ្លឹងថ្នាំញៀចំនួន១គ្រឿង, ថង់ពណ៌សកិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យទាំង៤នាក់ រកឃើញវិជ្ជមានទាំង៤នាក់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ