ខេត្តកំពង់ឆ្នាំង ៖ រយៈពេលឈប់សម្រាក៣ថ្ងៃ គឺចាប់ពីថ្ងៃ១៦កញ្ញា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តនៅរមណីយដ្ឋាននានា មានចំនួនជាង៨ម៉ឺននាក់ ដែលចំនួននេះ គឺបានកើនឡើងប្រមាណ៣១,១៧% ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេចរណ៍ខេត្ត ដែលបានស្រង់ទិន្នន័យពីតាមបណ្តាតំបន់ទេសចរណ៍ ទាំង១៨កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ក្នុងរយៈពេល៣ថ្ងៃ ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃទី១៦ដល់១៨ ខែកញ្ញា ភ្ញៀវទេចរបានទៅកំសាន្តនៅរម្មណីដ្ឋាន នានាមានចំនួន៨៥.៥៩៧នាក់ ក្នុងនោះ ជនបរទេសមានចំនួន១១នាក់ គឺបានកើនឡើង៩.៣៨៦នាក់ ស្មើនឹង៣១,១៧% ។
សម្រាប់ខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋានសរុប១៨កន្លែង ក្នុងនោះ ភ្ញៀវដែលចូលចិត្តទៅលេងកំសាន្តច្រើនជាងគេ គឺមានរមណីយដ្ឋានដែលមានទឹកធ្លាក់ធម្មជាតិ ដូចជា
រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល និងរមណីយដ្ឋានទឹកអន្លុងស្វាយ ។ រមណីយដ្ឋានធម្មជាតិទាំង៣កន្លែងនេះ ស្ថិតក្នុងស្រុកទឹកផុស ។ បន្ទាប់មក ។

មានរមណីយដ្ឋានកែច្នៃ គឺជាធារាសាស្ត្រស្ទាក់យកទឹក សម្រាប់បង្កបង្កើនផលជាដើម មានដូចជារម្មណីយ៍ដ្ឋាន ទំនប់គង្គារ ,ទំនប់២០ឧសភា, និងធារាសាស្ត្រាអាចាងជាដើម , ចំណែករម្មណីយដ្ឋានប្រវត្តិសាស្ត្រមានដូចជា ភ្នំព្រះធាតុ, វត្តត្រឡែងកែង(លង្វែក), វត្តពោធិរុក្ខរាម, និងភ្នំកង្រីជាដើម ។
លោក សេង សាលី ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ ដែលទៅលេងកម្សាន្តនៅតាមបណ្ដារមណីយដ្ឋាននានា សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ ជំងឺកូវីដ-១៩ ដោយត្រូវនៅគម្លាតឆ្ងាយពីគ្នា ត្រូវលាងដៃនឹងសាប៊ូ អាកុល ឬជែល និងត្រូវពាក់ម៉ាស់ទាំងអស់គ្នា។ សូមចូលរួមថែរក្សារអនាម័យ បរិស្ថានអោយបានល្អ ក្នុងនោះការហូបចុក ត្រូវវេចខ្ចប់សំរាម ដាក់តាមធុងសម្រាម ឫវេចខ្ចប់ដាក់ឱ្យបានត្រឹមត្រូវ ងាយក្រុមការងារ ប្រមូលសម្រាម យកទៅដាក់តាមធុងសម្រាម ។

អ្វីជាការកត់សម្គាល់ គឺភ្ញៀវទេសចរ ពិតជាមានការកើនឡើងពិតមែន ទោះស្ថិតក្នុងសម័យកូវីត១៩យ៉ាងណាក្តី ប៉ុន្តែពួកគាត់ហាក់សន្តិភាពនិយមខ្លាំង រហូតភ្លេចពីសុវត្ថិ
ភាពរបស់ខ្លួន ។ ជាក់ស្តែង ស្ទើរគ្រប់រមណីយដ្ឋាន ដែលពួកគាត់បានទៅលេងកំសាន្តទាំងអស់ ពុំសូវឃើញមានអ្នកពាក់ម៉ាស់ការពារនោះឡើយ លើសពីនេះទៀត ពួកគាត់បានប្រមូលផ្តុំនៅកៀកគ្នា ហើយកន្លែងខ្លះមានដល់ប្រជ្រៀតគ្នាទៀតផង ។
ទាំងអស់នេះ ជាការខុសទៅនឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលដែលត្រូវមានគម្លាតពីគ្នា សូម្បីតែសិស្សចូលរៀន ក៏ត្រូវចែកពេលគ្នារៀនដែរ៕


ចែករំលែកព័តមាននេះ