ព្យុះឈ្មោះ«នូល» វាយប្រហារស្រុកព្រៃនប់ខ្លាំងក្លាបំផុត
- ព្រះសីហនុ
ស្រុកព្រៃនប់៖ គិតចាប់ពីយប់ពីថ្ងៃទី១៧ កញ្ញា មកទល់ព្រឹកថ្ងៃទី១៩ កញ្ញា នេះ ស្ថិតនៅឃុំចំនួន១០ ក្នុងចំណោមឃុំទាំង១៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺបានរងនូវឥទ្ធិពលនៃព្យុះទី១១ ដែលមានឈ្មោះ«នូល»យ៉ាងខ្លាំងក្លាបំផុត ។

ជាក់ស្តែង ភ្លៀងបានធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បោកបក់ គ្របដណ្ដប់ រហូតបង្កឱ្យមានទឹកជំនន់ជន់ហូរចូលប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៦០០គ្រួសារ និង១៦០០ផ្ទះ និងបាត់បង់ជីវិតក្មេងស្រីតូចម្នាក់អាយុជាង១ខួបទៀតផង ។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ប្រាប់ឱ្យដឹងថា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមកកាន់ទីទួលសុវត្ថិភាព។

ក្នុងហេតុការណ៍នេះ ជាអកុសលមានក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី អាយុ១ខួបកន្លះ រស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ព្រះសីហនុ បានលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតក្នុងករណីជំនន់ទឹកភ្លៀង ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចម្រុះ បានបន្ដការងារជួយសង្គ្រោះនេះទាំងយប់ទាំងថ្ងៃបន្ដទៀត ដើម្បីជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព។ សម្រាប់អាកាសធាតុនៅថ្ងៃទី១៩ កញ្ញា នេះ នៅបន្តអួរអាប់ និងមានភ្លៀងរាំងពីតិចទៅច្រើន។
ចែករំលែកព័តមាននេះ