ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមិត្តភក្កិម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន លុះមកដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុលធ្លាក់ចេញពីផ្លូវចូលប្រឡាយអត់ទឹក បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត និងរងរបួសធ្ងន់បែបនេះតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១២នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចទល់មុខផ្សារកែវសារ៉ាន់ថ្មី តាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ១២៩-១២៨ ស្ថិតភូមិពូល សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះអ្នកបើកម៉ូតូឈ្មោះ ដាង ខេ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង មុខកសិករ រស់នៅភូមិវ៉ាលយូង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះឃាត់ ធឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង កសិករ រស់នៅភូមិឃុំជាមួយគ្នា បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអិចសិនធ័រ ពណ៍ខៀវ ស្លាកលេខគ្មាន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំណែកសពជនរងគ្រោះម្នាក់ទៀតត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ