ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ចម្រៀង​អនុស្សាវរីយ៍​ស្នេហា និង​ជីវិត​លោក​ស៊ី​ន ស៊ី​សា​មុត

3 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ទូទៅ​បទ​ចម្រៀង​ជា​ការ​តាក់តែង​ប្រឌិត​របស់​អ្នកនិពន្ធ ប៉ុន្តែ​បទ​ចម្រៀង​មួយ​ចំនួន​របស់​លោក​ស៊ី​ន ស៊ី​សា​មុត គឺជា​អនុស្សាវរីយ៍​ជីវិត និង​ស្នេហា​របស់​លោក និង​ខ្លះ​ជា​សាច់​រឿង​ជីវិត​មិត្តភក្តិ​របស់​លោក ។ ជាក់ស្ដែង​ដូច​ជា​បទ​ឧត្តម​ដួងចិត្ត បទ​ខ្យង​ក្ដក់ ជាដើម…

ជា​ទូទៅ​បទ​ចម្រៀង​ជា​ការ​តាក់តែង​ប្រឌិត​របស់​អ្នកនិពន្ធ ប៉ុន្តែ​បទ​ចម្រៀង​មួយ​ចំនួន​របស់​លោក​ស៊ី​ន ស៊ី​សា​មុត គឺជា​អនុស្សាវរីយ៍​ជីវិត និង​ស្នេហា​របស់​លោក និង​ខ្លះ​ជា​សាច់​រឿង​ជីវិត​មិត្តភក្តិ​របស់​លោក ។ ជាក់ស្ដែង​ដូច​ជា​បទ​ឧត្តម​ដួងចិត្ត បទ​ខ្យង​ក្ដក់ ជាដើម ។

បទ​«​ខ្យង​ក្តក់​»​ជា​បទ​ដែល​មាន​អនុស្សាវរីយ៍​ខ្លោចផ្សា​មួយ​របស់​លោក​ស៊ី​ន ស៊ី​មុត នា​ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺ​នៅ​ម្តុំ​វត្ត​ចម្ប៉ា ឃុំ​ព្រែក​ឯង កន្លែង​ដែល​គាត់​ទៅ​ស្នាក់​នៅផ្ទះ​មួយ​ពេល​គេ​ជម្លៀស​ចេញពី​ទីក្រុង​នោះ ។

រៀង​រាល់​ល្ងាច​គឺជា​ពេល​ដែល​លោក​ស៊ី​ន ស៊ី​សា​មុត តែងតែ​បើករថយន្ត​ចេញ​ទៅ​កម្សាន្ត​តាម​មាត់ទន្លេ ឬ​ក៏​ទៅ​ជួប​បណ្តា​មិត្តភក្តិ​ជា​អ្នកនិពន្ធ ជា​តន្ត្រីករ​នោះ តែ​ពេល​ដែល​ប្រទេស​បែរជា​ត្រូវ​វឹកវរ ផ្លាស់​ប្តូរ​របប ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​បែប​នោះ អារម្មណ៍​គាត់​តប់ប្រមល់​រក​អ្វី​ថ្លែង​មិន​បាន​ឡើយ ។ ម្ល៉ោះហើយ​ក្នុង​កាលៈទេសៈ​នោះ លោក​ស៊ី​ន ស៊ី​សា​មុត តែង​គេចខ្លួន​ចូល​ទៅ​ក្នុង​រថយន្ត​របស់​គាត់ ដែល​យក​ទៅ​ជាប់​ជាមួយ ហើយ​គាត់​ចាក់​កាស្សែត​បទ «​ខ្យង​ក្តក់​» ស្តាប់​តែ​ម្នាក់ឯង​ជា​រៀង​រាល់ពេល​រហូត​ដល់​ពេល​គាត់​ត្រូវ​អង្គការ​អាវ ខ្មៅ​ចាប់​បញ្ជូន​យក​ទៅ​ដាក់​នៅ​មន្ទីរឃុំឃាំង​ឯ​កោះធំ ហើយ​ក្រោយមក​ជីវិត​គាត់​បាន​បាត់​រលត់​ពីលើ​លោក​នេះ​ទៅ​ជា​រៀង​រហូត លែង​វិល​វិញ មិន​ខុស​ពី​ម្ចាស់​បទ «​ខ្យង​ក្តក់​» កវី​ស្វាយ សំ​អឿ ឡើយ ។

តាម​ការ​រំឭក​អនុស្សាវរីយ៍​ពី​លោកស្រី​ខាវ ថង​ញ៉ុ​ត ថា នៅ​ដើម​ទស​វត្ស​ទី​៦០ ពោល​គឺ​ក្រោយ​ពី​ព្យុះ​ស្នេហា​ត្រីកោណ​ដែល​បាន​បោកបក់​លើ​ចំណងស្នេហា​លោកស្រី​អស់​ប្រមាណ​ជិត​ប្រាំពីរ​ឆ្នាំ​មក​នោះ នៅ​ខេត្តសៀមរាប មាន​រៀបចំ​ពិធីបុណ្យ​ឡើង​ព្រះរាជ​ដំណាក់​ដ៏​ធំ​មួយ ដែល​ស្ថិត​ក្រោម​ព្រះ​រាជាធិបតី​ភាព​ព្រះបាទ​នរោត្តម សីហ​នុ ព្រះមហាក្សត្រ ។

នា​ឱកាស​នោះ​លោក​ស៊ី​ន ស៊ី​សា​មុត និង​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ ដែល​តែងតែ​ដង្ហែ​សម្តេចឪ យាង​ទៅ​សម្ពោធ​សមិទ្ធផល​នានា​គ្រប់​ទីកន្លែង​មិន​ដែល​ខាន​នោះ ក៏​បាន​ទៅ​ចូលរួម​នៅ​ខេត្តសៀមរាប​ដូច​សព្វដង​ដែរ ។ គឺ​ក្នុងអំឡុងពេល​នោះ​ឯង​ចំណងចិត្ត អន្ទាក់​បេះដូង​ដែល​លោកស្រី​ថាវ ថង​ញ៉ុ​ត និង​លោក​ស៊ី​ន ស៊ី​សា​មុត ពុំដែល​សន្មត​ថា នឹង​ព្រាត់​និរាស​គ្នា​ទេ​នោះ​ក៏​បាន​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​វិញ ហើយ​លោក​ស៊ី​ន ស៊ី​សា​មុត ក៏​បាន​តែង​បទ​«​ចំប៉ី​សៀមរាប​» ។

បទ​ចម្រៀង​«​ឧត្តម​ដួងចិត្ត​» បើ​តាម​ភរិយា​លោក​ស៊ី​ន ស៊ី​សា​មុត និង​លោក​ស៊ី​ន ច័ន្ទ​ឆាយា​ជា​កូន ថា​វា​ជា​ចម្រៀង​អនុស្សាវរីយ៍​របស់​លោក​ស៊ី​ន ស៊ី​សា​មុត និង​អ្នកស្រី​ខាវ ថង​ញ៉ុ​ត ជា​ភរិយា ក្នុង​អំឡុងពេល​ដែល​ពួក​គាត់​ប្រេះឆា​ដួងចិត្ត​នឹង​គ្នា ហើយ​ភរិយា​ចាកចោល​លែង​រួមរស់​នឹង​លោក​អស់​ពេល​ជា​យូរ ។ ដូច្នេះ​ហើយ​លោក​ស៊ី​ន ស៊ី​សា​មុត បាន​តែង និង​ច្រៀង​បទ​នេះ​ឡើង ក្នុង​បំណង​បង្ហាញ​ពី​ចិត្ត​ពោរពេញ​ដោយ​វិប្បដិសារី​យ៍​របស់​លោក ។

បទ​«​អូន​ជា​ទេវី​ដួងចិត្ត​»​រៀបរាប់​ពី​ទឹកចិត្ត​ស្នេហា​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ចំពោះ​នារី​មាន​ឋានៈ​ខ្ពស់​ហួស​ឆា្ង​យ​ពី​លោក ហើយ​លោក​បាន​រក្សា​ក្ដី​ស្រលាញ់​ក្នុង​ដួងចិត្ត​តែ​ម្នាក់ឯង មិន​ហ៊ាន​បង្ហាញ​ឲ្យ​ដឹង​ទេ ។

បទ​«​មិនបាច់​រ៉ាយរ៉ាប់​ប្រាប់​ទៀត​ទេ​» បទ​ភ្លេងបរទេស តែ​លោក​ស៊ី​ន ស៊ី​សា​មុត យក​មក​ច្រៀង​ចំពោះ​នារី​ស្នេហា​ម្នាក់​ដែល​បាន​រួមរស់​នឹង​គ្នា​អស់​មួយ​រយៈពេល ហើយ​នាង​បាន​បែកចិត្ត​ពី​លោក​ដោយសារ​ខ្វះ​ភក្តីភាព ។

បទ​«​ស្លឹកឈើ​» ជា​បទ​របស់​លោក​ឧត្តមសេនីយ៍​សាក់ ស៊ុត​សា​ខន ដែល​លោក​ស៊ី​ន ស៊ី​សា​មុត ច្រៀង​បាន​ល្បី​ស្មើនឹង​បទ​«​សំរោង​ចុងកាល់​»​របស់​លោកហាស់ សាឡ​ន ដែរ ។

បទ​«​ចាំ​ជួប​រាល់​ថៃ្ង​លិច​» ជា​រឿង​ពិត​របស់​កវី​វ៉ោ​យ ហូរ ដែល​តាម​ស្រឡាញ់​អ្នក​នាង​តារា ចោម​ច័ន្ទ ជា​អ្នកចម្រៀង ។ សំឡេង​តន្ត្រី​ម៉ុង​ដូ​លី​ន ចេញ​ក្បាល​បទ លោក​ស៊ី​ន ស៊ី​សា​មុត ដេញ​ដោយ​ខ្លួនឯង​ផ្ទាល់ ជាមួយនឹង​ទឹកដម​សំឡេង​ដ៏​ពីរោះ​លន្លោច​របស់​លោក ។

បទ​«​ចម្រៀង​ឥត​ព្រាង​ទុក​» ទាក់ទិន​អនុស្សាវរីយ៍​ពេល​ជួប​នារី​ម្នាក់​នៅ​ក្នុង​រង្គសាល​ដោយ​ចៃដន្យ​របស់​លោក​ពៅ ស៊ី​ផូ ដែល​ជា​មិត្ត​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ។ សាច់​រឿង​នេះ​បាន​ផលិត​ជា​ខ្សែភាពយន្ត​រឿង​«​ចម្រៀង​ឥត​ព្រាង​ទុក​»​សម្តែង​ដោយ​លោក ជា យុទ្ធ​ថន , អ្នកស្រី​វិ​ច្ឆ​រ៉ា ដា​នី ,​អ្នកស្រី រស់ សេរី​សុទ្ធា ដោយ​បញ្ចូល​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​«​ចម្រៀង​ឥត​ព្រាង​ទុក​»​នេះ​ផង ។ ខ្សែភាពយន្ត​ដែល​ផលិត​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ផ្ទាល់​នេះ​បាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ហេម​ជាតិ ។

បទ​«​ពេល​រាត្រី​»​ស្នា​ព្រះ​ហស្ត​និពន្ធ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ដែល​ព្រះ​អង្គ​ពេញ​ព្រះ​ទ័យ​ឲ្យ​លោក​ស៊ី​ន ស៊ី​សា​មុត ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​កែវ សេដ្ឋា ។

ក្រៅពី​នេះ​នៅ​មាន​បទ​ចម្រៀង​អនុស្សាវរីយ៍​ជា​ច្រើន​បទ​ទៀត ដូច​ជា​បទ​«​ស្តាប់​ស្នូរ​ទឹកភ្លៀង​», បទ​«​លា​ហើយ​ប៉ា​រី​ស​», បទ​«​អង់​តូ​នី​ញ៉ែ​តា​», បទ​«​ម៉ា​រី​ណា​», បទ​«​ម៉ា​ន់​ដេ​», បទ​«​វី​យ៉ូ​ឡែ​តា​», បទ​«​រាត្រី​នៅ​ហុងកុង​» ជាដើម ជា​បទ​ចម្រៀង​អនុស្សាវរីយ៍​ពេល​ដែល​លោក​ស៊ី​ន ស៊ី​សា​មុត ទៅ​ប្រទេស​បារាំង និង​ក្រុង​ហុងកុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ