ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ទូ​ទាំង​ប្រទេស​ជួបជុំ​គ្នា​ប្រលង​សិល្បៈ​បុរាណ​នៅ​សាលសន្និសីទ​ចតុម្មុខ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដល់​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​១៧ ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដល់​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រៀបចំ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​១៧ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ក្នុង​ពិធី​បើក​មហោស្រព​កាលពី​ម្សិលមិញ ក្រុម​សិល្បៈ​ពី​ទូ​ទាំង​ប្រទេស​បាន​ជួបជុំ​គ្នា ។

គោលបំណង​សំខាន់​នៃ​មហោស្រព​ឆ្នាំ​នេះ ដើម្បី​អប់រំ បណ្តុះបណ្តាល​យុវជន​ខ្មែរ ពិសេស​សិស្ស​ថ្នាក់​មធ្យម និង​និស្សិត​ថ្នាក់ឧត្តម​ឱ្យ​យល់​ពី​តម្លៃ​សិល្បៈ​ប្រពៃណី​ជាតិខ្មែរ​គ្រប់​ទម្រង់ ។

ក្នុង​ពិធី​បើក​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​នា​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​សាលសន្និសីទ​ចតុម្មុខ​រាជធានី​ភ្នំពេញ លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​ថា មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០១៥​ដែល​រៀបចំ​ធ្វើ​ឡើង​នេះ គឺ​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​ណែនាំ​ក្នុង​ឱកាស​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​១៦​ឆ្នាំ​២០១៤ ។ នេះ​ជា​លទ្ធផល​នៃ​កម្លាំង​ពលកម្ម​របស់​សិល្បករ​សិល្ប​ការិនី លោកគ្រូ អ្នកគ្រូ​និង​សិស្ស​-​និស្សិត​ដែល​ជា​យុវជន​កម្លាំង​បន្តវេន​មិន​អាច​ខ្វះ​បាន ។ «​វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​» ការ​រួមចំណែក​របស់​យុវជន​សិស្ស​-​និស្សិត​ក្នុង​ចលនា​ការពារ និង​កសាង​ជាតិ គឺជា​កត្តា​ដ៏​ចាំបាច់​ពិតមែន តែ​ដោយឡែក​ការ​ចូលរួម​ក្នុង​ព្រិ​ត្ត​ការណ៍​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» គឺជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​រុងរឿង ។

សិល្បៈ​វប្បធម៌​ជា​ផ្នែក​មួយ​សំខាន់​នៃ​អត្តសញ្ញាណ​ជាតិ និង​ជា​ប្រភព​នៃ​អង្គ​ឯកភាព​ជាតិ​ផង​ដែរ ។ បំណង​ធំ​របស់​ក្រសួង​វប្បធម៌​ចង់​សាបព្រោះ​នូវ​សញ្ញាណ​នៃ​សិល្បៈ​ប្រពៃណី​ជាតិ​ឱ្យ​បាន​ជ្រាប​ចូល​យ៉ាង​ទូលំទូលាយ​ក្នុង​ស្រទាប់​យុវជន ព្រោះថា ភារកិច្ច​របស់​យុវជនគឺជា​អ្នក​បន្តវេន និង​ទ្រទ្រង់​កេរតំណែល​វប្បធម៌​។ ជឿជាក់​ថា គ្រាប់ពូជ​ទាំងនេះ​ពិតជា​នឹង​ដុះដាល​រីក​លូតលាស់​ច្រើន​ជា​បន្តបន្ទាប់ ។

លោក​ឃឹម សា​រិ​ទ្ឋ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ថ្លែង​ថា ក្រសួង​វប្បធម៌​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ​តាំងពី​ថ្នាក់​កណ្តាល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ក្នុង​ការ​បំផុស​ចលនា​ឱ្យ​យុវជន​ថ្នាក់​មធ្យម​នៅ​រាជធានី​-​ខេត្ត​និង​និស្សិត​ថ្នាក់ឧត្តម​ទទួល​ការ​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​ពី​បច្ចេកទេស​សម្តែង​សិល្បៈ​ពីរ​ទម្រង់ គឺ​សិល្បៈ​របាំ និង​ឈុត​ល្ខោន​អប់រំ ។ ជា​លទ្ធផល​បន្ទាប់​ពី​បាន​ចម្រាញ់​ជម្រើស​និង​ជម្រុះ​តាម​រយៈ​ការ​បើក​មហោស្រព​ត្រៀម​នៅ​តាម​រាជធានី​-​ខេត្ត ក្រសួង​ប្រមូលផ្តុំ​បាន​ក្រុម​សិល្បៈ​យុវជន​ឆ្នើម​ទូ​ទាំង​ប្រទេស​ចំនួន​៣៧​ក្រុម​ដែល​ក្នុង​នោះ​មាន​យុវ​សិស្ស និង​និស្សិត​ចូលរួម​ចំនួន​ជាង​១.០០០​នាក់ ។ ក្រុម​សិល្បៈ​យុវជន​ឆ្នើម​ទាំង​៣៧​ក្រុម​ជា​ទូទៅ​មាន​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ក្នុង​មួយ​ក្រុម​ចំនួន​២​ស្នាដៃ​គឺ​ស្នាដៃ​របាំ និង​ឈុត​ល្ខោន​អប់រំ​មួយ​ឈុត​ដែល​សរុប​ទាំងអស់​មាន​ចំនួន​៧២​ស្នាដៃ ។ បើ​បែងចែក​ឱ្យ​ដាច់​ស្រឡះ​គ្នា​រវាង​សិស្ស​ថ្នាក់​មធ្យម​រាជធានី​-​ខេត្ត និង​និស្សិត​ថ្នាក់ឧត្តម ឃើញ​ថា សិស្ស​ថ្នាក់​មធ្យម​ដែល​មក​ពី​២៥​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​មាន​៥០​ស្នាដៃ ។ និស្សិត​ថ្នាក់ឧត្តម​នៅ​រាជធានី​ភ្នំពេញ​ពី​សាកលវិទ្យាល័យ ធំ​ៗ​ចំនួន​១២​មាន​ស្នាដៃ​សិល្បៈ​ចំនួន​២២ ។ ស្នាដៃ​ទាំង​៧២​នេះ​ជា​ផលិតផល​វប្បធម៌​របស់​យុវជន​ដែល​បម្រើ​សេចក្តី​សប្បាយ​រីករាយ​ថ្លៃថ្នូរ​និង​ការ​អប់រំ ។
ក្រុម​សិល្បៈ​សិស្ស​ថ្នាក់​មធ្យម​រាជធានី​ភ្នំពេញ​ដែល​យក​របាំ «​ផ្កាម្លិះ​» និង​ឈុត​ល្ខោន​រឿង «​លា​សែន​ឆ្ងាយ​» ចូលរួម​សម្តែង​មាន​ទឹកចិត្ត​រីករាយ តែ​ថា​ការ​ចូលរួម​ប្រលង​នេះ គ្មាន​បំណង​ដណ្តើម​ជ័យ​លា​ភី​ពេក​ទេ សំខាន់​គឺ​បាន​ចូលរួម​រក្សា​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​ទាំងអស់​គ្នា ព្រោះ​ជា​កូន​ខ្មែរ ។ ម្យា​៉​ង​ទៀត​ពួក​គេ​បាន​បង្កើត​ចំណងមិត្តភាព​ជាមួយ​យុវជន​តាម​បណ្តា​ខេត្ត​-​ក្រុង​ទាំងអស់​ទូ​ទាំង​ប្រទេស ។ ពួក​គេ​សប្បាយ​ពេល​ឃើញ​យុវជន​ខ្មែរ​ជា​សិស្ស​ចូលរួម​ហាត់​សិល្បៈ​ដើម្បី​ប្រកួត​គ្នា​ក្នុង​ន័យ​ដឹង​ពី​សមត្ថភាព និង​យល់​ដឹង​ពី​អត្ត​សញ្ញា​ជាតិខ្មែរ​។

ក្រុម​សិល្បៈ​យុវជន​ដដែល​នេះ​អំពាវនាវ​ឱ្យ​មហាជន​ចូលរួម​ទស្សនាការ​សម្តែង​សិល្បៈ​នៅ​សាលសន្និសីទ​ចតុម្មុខ​ចាប់ពី​ថ្ងៃ​២៣​កុម្ភៈ​ដល់​២៨​មីនា​ដើម្បី​ជា​កម្លាំងចិត្ត​ដល់​សិល្បករ ៕