សហរដ្ឋអាមេរិក ៖ បុគ្គលល្បីឈ្មោះក្នុងពិភពកំសាន្ត, កីឡា និងអ្នកនយោបាយនៅជុំវិញពិភពលោក បានកំពុងបង្ហោះសារចូលរួមរំលែកទុក្ខ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់តារាសម្តែងអាមេរិក លោក Chadwick Boseman ដែលបានស្លាប់នៅក្នុងវ័យ ៤៣ឆ្នាំ ដោយជំងឺមហារីកពោះវៀនធំ កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅ។
លោក Chadwick Boseman ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ជាតួអង្គ Black Panther ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពោះវៀនធំកាលពីឆ្នាំ ២០១៦ ប៉ុន្តែលោកមិនដែលនិយាយអំពីរឿងនេះ ជាសាធារណៈនោះទេ។
ដំណឹងមរណភាពរបស់លោក បានកក្រើកដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងបុគ្គលល្បីឈ្មោះនៅជុំវិញពិភពលោក។ ក្នុងចំណោមបុគ្គលល្បីឈ្មោះជាច្រើន ក្នុងនោះគេក៏ឃើញអតីតប្រធានាធិបតីសហអាមេរិក លោក បារ៉ាក់អូបាម៉ា ក៏បានបង្ហោះសាររំលែកទុក្ខក្នុងបណ្តាញទំនាក់ទំនងសង្គម ចំពោះការបាត់បង់តារាសម្តែង ដ៏មានប្រជាប្រិយភាពរូបនេះផងដែរ។
សូមរំលឹកថា Chadwick Boseman បានចាប់ផ្តើមអាជីពជាតារាសម្តែងនៅក្នុងឆ្នាំ ២០០៨ ដោយបានសម្តែងច្រើនជាង ១០ខ្សែភាពយន្ត និងជាតួអង្គ Black Panther ក្នុងចំណោមតួអង្គ Superhero ផ្សេងទៀត ក្នុងខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក Avengers។ ក្នុងការដើរតួជា Black Panther បានជួយអោយលោកឈ្នះរង្វាន់ធំៗ ចំនួន ៤ គឺ៖ Best Performance in a Movie, Best Hero, Outstanding Performance by a Cast in a Motion Picture និង Outstanding Actor in a Motion Picture ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ