ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ម៉ា​លី ​ដោះ​លែង​ប្រធានាធិបតី​វិញ​ហើយ

3 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ អតីត​ប្រធានាធិបតី​ម៉ា​លី​លោក IBRAHIM BOUBACAR KEITA ត្រូវបាន​​ដោះ​លែង​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៧ សីហា ដោយ​ពួក​យោធា​ដែល​ផ្ដួលរំលំ​លោក​កាលពី​ស​ប្ដា​ហ៍​មុន ក្រោយ​ពី​កាន់​អំណាច​៧​ឆ្នាំ​មក…

ប្រទេស​ម៉ា​លី ៖ អតីត​ប្រធានាធិបតី​ម៉ា​លី​លោក IBRAHIM BOUBACAR KEITA ត្រូវបាន​​ដោះ​លែង​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៧ សីហា ដោយ​ពួក​យោធា​ដែល​ផ្ដួលរំលំ​លោក​កាលពី​ស​ប្ដា​ហ៍​មុន ក្រោយ​ពី​កាន់​អំណាច​៧​ឆ្នាំ​មក ។ នេះបើ​តាម​ការ​ប្រកាស​មួយ​របស់​ពួក​យោធា ។

គណៈកម្មាធិការ​ជាតិ​ដើម្បី​សង្គ្រោះ​ប្រជាជន CNSP ដែល​បង្កើត​ឡើង​ដោយ​ពួក​យោធា ដើម្បី​ដឹកនាំ​ប្រទេស​បាន​ជូនដំណឹង​ដល់​សាធារណ​ជនជាតិ​និង​អន្តរជាតិ​ថា អតីត​ប្រធានាធិបតី​លោក
IBRAHIM BOUBACAR KEITA ត្រូវ​បាន​ដោះ​លែង ហើយ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​និវេសនដ្ឋាន​របស់​លោក ។

សមាជិកគ្រួសារ​ម្នាក់​របស់​អតីត​ប្រធានាធិបតី​រូប​នោះ​គូសបញ្ជាក់​ថា លោក KEITA បាន
វិល​មក​កាន់​និវេសនដ្ឋាន​លោក​វិញ​នា​ពេល​យប់ ។​

អាយុ​៧៥​ឆ្នាំ​លោក IBRAHIM BOUBACARKEITA បាន​ប្រកាស​ពី​ការ​លាលែង​ពី​តំណែង តាម​ទូរទស្សន៍​ជាតិ ។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​អ្នក​ទទួលខុសត្រូវ​ច្រើន​នាក់​ទៀត កាលពី​ថ្ងៃ​ទី​១៨ សីហា ក្នុង​ពេល​មាន​រដ្ឋប្រហារ​យោធា​មួយ​របស់​បណ្ដា​នាយទាហាន​ម៉ា​លី បន្ទាប់​ពី​មាន
វិបត្តិ​ជា​ច្រើន​ខែ​មក ។ នាយទាហាន​ទាំងនោះ​បាន​ចាត់​ទុក​ប្រធានាធិបតី​រូប​នោះ​ថា ជា​អ្នក​ទទួលខុសត្រូវ​សំខាន់​នៃ​វិបត្តិ​សន្តិសុខ នយោបាយ​និង​សេដ្ឋកិច្ច ដែល​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ចុះ​ដុនដាប ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។

នា​យប់​ថ្ងៃ​ទិ​២៧​សីហា​ប្រធានាធិបតី​រូប​នោះ បាន​ប្រកាស​ពី​ការ​សុំ​លាលែង​ចេញពី​តំណែង​តាម​ទូរទស្សន៍​ជាតិ​ដោយ​លោក​និយាយ​ថា​គ្មាន​ជម្រើស​ណា​ផ្សេង ដើម្បី​ចៀសវាង​ពី​ការ​បង្ហូរឈាម​មួយ ។ ការ​ដោះ​លែង​រូប​លោក​កើត​មាន​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​រវាង​ពួក​យោធា​ដែល​ឡើង​កាន់​អំណាច និង​បណ្ដា​បេសកជន​របស់​សហគមន៍​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច CEDEAO ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ