រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​វៀតណាម​ត្រូវ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩


រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​ពង្រឹង​និង​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​។

នា​ពេល​ថ្មី​ៗ​នេះ នៅ​តំបន់​ខ្លះ​នៃ​ប្រទេស​វៀតណាម​មានការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​រី​ដ​-១៩ ហើយ​អាជ្ញាធរ​វៀតណាម​បាន និង​កំពុង​ចាត់វិធានការ​បិទ​ការ​ចេញចូល​នៅ​តំបន់ ដែល​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​ផង​ដែរ ។

យោង​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៣១ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្នុង​ស្មារតី​នេះ ដើម្បី​ចូលរួម​សហការ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា សម្តេច ស ខេ​ង សូម​ណែនាំ​ដល់​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ដូច​ខាងក្រោម​៖ ទី​១-​ត្រូវ​ណែនាំ​ដល់​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន ឱ្យ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ត្រួតពិនិត្យ មធ្យោបាយ​ដឹក​ជញ្ជូន និង​អ្នកដំណើរ ដែល​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​- វៀតណាម ស្រប​តាម​វិធាន​ច​ត្តា​ឡី​ស័ក ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល​ឱ្យ​បាន​ម៉ត់ចត់​បំផុត​។

ទី​២-​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់​កុំឱ្យ​មានការ​លួច​ឆ្លង​ដែន ដោយ​ខុសច្បាប់ ចេញចូល​ឆ្លងកាត់​ព្រំដែន តាម​ច្រករបៀង​នានា ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​។ និង​ទី​៣-​បន្ត​ជំរុញ​ការ​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ តាម​តំបន់​ព្រំដែន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន ស្រប​តាម​ការ​ណែនាំ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​កុំឱ្យ​មាន​វីរុស​កូ​វី​ដ​១៩​ឆ្លង​មក​លើ​បុគ្គល និង​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​។

សូម​រំលឹក​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២៣៩​នាក់ ក្នុង​នោះ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន​១៦៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៧៣​នាក់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ