រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី29 ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយតិចទៅច្រើន ហើយមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2020 បានឲ្យដឹងយ៉ាងដូច្នេះថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ខ្យល់មូលសូងនិរតីបក់ក្នុងកម្រិតបង្គួរលើកម្ពុជា ។ ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលរបស់កម្ពុជាភ្លៀងនឹងធ្លាក់រាយប៉ាយជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។

ក្រសួងក៏បានលើកឡើងថា ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ ។ ចំណែកឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹកក៏បានអំពាវនាវប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ជាមួយគ្នានោះដែរ ក្រសួងក៏បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី ៤សីហា នៃទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹកសូមប្រុងប្រយ័ត្នកម្ពស់ទឹកជំនន់ ។ ដោយឡែកនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី 1 ដល់ទី 3 ខែសីហា ឆ្នាំ2020៕


ចែករំលែកព័តមាននេះ