រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការឆ្លងថ្នល់ មិនប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ នាព្រឹកថ្ងៃទី ២៤ ខែកក្កដា នេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងថ្មីនេះគឺជាអំណោយរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកបានបន្តថា ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ និងជួយកាត់បន្ថយហានិភ័យនៃការដើរឆ្លងផ្លូវ កាត់បន្ថយការកស្ទះចរាចរណ៍ សម្រួលលំហូចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង ។ ការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារដើមគរនេះ គឺសម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទៅ និងមិនមែនសម្រាប់តែប្រើជាពលរដ្ឋនៅម្តុំតំបន់នោះទេ ។

លោកស្រី អៀង ចាន់ធី ប្រជាពលរដ្ឋនៅម្តុំផ្សារដើមគរបានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ បានធ្វើឲ្យប្រជាពលរដ្ឋងាយស្រួកក្នុងការធ្វើដំណើរ និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ។

លោកស្រីបន្តថា បើសិនជារាជរដ្ឋាបាលភិបាលមានថវិការគ្រប់គ្រាន់អាចសាងសង់ស្ពានអាកាសមានជណ្តើយន្តទៀតនឹងកាន់តែល្អនិនឹងជួយសម្រួលការលំបាករបស់មនុស្សចាស់ដែលពិបាកឡើងស្ពាន ជាពិសេសនោះ ជនពិការដែលត្រូវការរុញរទេះ ។ មានស្ពានអាកាសនិងទី១ ប្រជាជនឆ្លងកាត់ស្រួលអត់ប៉ះពាល់និងគ្រោះថ្នាក់ចរាចរណ៍ ហើយសូមថ្លែងអំណរគុណដល់សម្តេចតេជោដែលបានធ្វើស្ពាននេះជូនប្រជាជនឆ្លងកាត់បានស្រួល ។ ពេលយើងឆ្លងផ្លូវម៉ូតូវាឆាបដួលទាំងជំហរក៏មាន វាឆាប់អ្នកធ្វើដំណើរឆ្លងថ្នល់ចាស់ជរា ហើយយើងពិបាកលើកគាត់ ដល់អញ្ចឹងយើងអរដែលបានគាត់ ធ្វើស្ពានអញ្ចឹងប្រជាជនអរ ហើយថ្លែងអំណរគុណក្រៃលែង ។

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុងបានបើកការដ្ឋាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដែលការសាងសាង់បានប្រើប្រាស់រយៈពេល៧ខែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។

ស្ពានអាកាសផ្សារដើមគរនេះមានបណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤ម៉ែត្រ ទទឹងផ្លូវដើរផ្នែកខាងក្នុង ២,៨ម៉ែត្រ កម្ពស់៥.៥ម៉ែត្រ ។

គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៦កន្លែងហើយ គឺស្ពានអាកាសថ្មើរជើងនៅតំបន់សាលាជម្ពូវន្ត័ចំនួន២ រង្វង់មូលនាងគង្ហីង១ ស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរដែលដាក់អោយដំណើរការក្នុងពេលនេះ១ និង ស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក ទល់មុខសាលាបឋមសិក្សាសន្ធរម៉ុកដែលកំពុងដំណើរការផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ