ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​ប្រវត្តិ​ដើម​ទីតាំង និង​ឈ្មោះខេត្តពោធិ៍សាត់

3 ឆ្នាំ មុន
  • ពោធិ៍សាត់

«​ពោធិ៍សាត់​» គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​-​រាជធានី ចំនួន​២៥​របស់​កម្ពុជា ។ ខេត្ត​នេះ​មាន​ផ្ទៃដី​សរុប​១២.៦៩២​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស មាន​ព្រំប្រទល់​ជាប់​ខេត្ត​កំពង់​ឆ្នាំង កំពង់ស្ពឺ កោះកុង និង​ខេត្តបាត់ដំបង…

«​ពោធិ៍សាត់​» គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​-​រាជធានី ចំនួន​២៥​របស់​កម្ពុជា ។ ខេត្ត​នេះ​មាន​ផ្ទៃដី​សរុប​១២.៦៩២​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស មាន​ព្រំប្រទល់​ជាប់​ខេត្ត​កំពង់​ឆ្នាំង កំពង់ស្ពឺ កោះកុង និង​ខេត្តបាត់ដំបង ។ បច្ចុប្បន្ន​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​លំបាក​ក្នុង​ការ​កំណត់​យក​និយម​ន័យ​នៃ​អត្តសញ្ញាណ​របស់​ខេត្តពោធិ៍សាត់ និង​ការ​សរសេរ​ឈ្មោះ​ខេត្ត​មួយ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ។

តើ​ខេត្តពោធិ៍សាត់ មាន​ប្រវត្តិ​បែប​ណា ?
មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ បាន​លើកយក​ឯកសារ​សម្អាង​ចំនួន​ពីរ​ក្នុង​ការ​ឲ្យ​និយម​ន័យ និង​សរសេរ​ឈ្មោះ​ខេត្តពោធិ៍សាត់ គឺ​ទី​មួយ​វចនានុក្រម​សម្ដេច​សង្ឃរាជ​ជួន ណាត និង​ទី​ពីរ​សៀវភៅ​កម្ពុជសុរិយា ដែល​បោះពុម្ព​នៅ​ឆ្នាំ​២០០៣ ។ យោង​តាម​ឯកសារ​ទាំង​ពីរ​នេះ​បញ្ជាក់​ថា ពាក្យ «​ពោធិ៍សាត់ (Pursat)» គឺជា​ពាក្យ​ត្រឹមត្រូវ​របស់​ខេត្ត​នេះ មិនមែន «​ពោធិសាត់ (Podhisat)» នោះ​ទេ ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡា​ច ផេង​លី ឲ្យ​ដឹង​ថា ការ​ឲ្យ​និយម​ន័យ និង​សរសេរ​ឈ្មោះ​ខេត្តពោធិ៍សាត់ ខុស គឺជា​កំហុស​មួយ​ត្រូវ​កែ​ប្រែជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្មេង​ជំនាន់ ក្រោយ​ៗ​ភ័ន្ត​ច្រឡំ ។ លោក​នឹង​ព្យាយាម​កែតម្រូវ​មិន​ឲ្យ​មានការ​សរសេរ​ឈ្មោះ ឬ​ឲ្យ​និយម​ន័យ​ពីរ​បី​ទាក់ទង​នឹង​ខេត្តពោធិ៍សាត់ ស្រេច​តែ​មនុស្ស​នឹកឃើញ​នោះ​ទេ ដោយ​រាប់​ទាំង​ការ​សរសេរ​នៅ​លើ​ផ្លា​ក​លេខ​ម៉ូតូ​ជាដើម​៖ «​អ៊ីចឹង​ឈ្មោះ​ខេត្តពោធិ៍សាត់ មិនមែន​ជា​ពាក្យ​អាទិទេព​អី​ទេ គឺ​ដកស្រង់​ចេញពី​បាលី​មក ពោធិ៍ ឈ្មោះ​ដើម​ពោធិ៍ ពោធិ៍ និង​រសាត់ អ៊ីចឹង​ពាក្យ​ហ្នឹង​គេ​អាន​ពីរ​ម៉ាត់ គឺ​ពោធិ៍សាត់ ។ បច្ចុប្បន្ន​ដែល​សរសេរ​ផ្លូវការ​នៅ​ក្នុង​ផែនទី​គេ​ដាក់ PURSAT ពាក្យ​ហ្នឹង​ត្រឹមត្រូវ តែបើ​នរណា​ពោធិ ខុស​ហើយ ។ អ៊ីចឹង​ផ្លា​ក​លេខ​ម៉ូតូ​នៅ​ថ្ងៃ​អនាគត មន្ទីរ​វប្បធម៌​នឹង​ស្នើ​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ឲ្យ​កែតម្រូវ​ឡើង​វិញ​»​។

តាម​ពាក្យ​ពី​ព្រេងនាយ​តំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាសទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នកស្រុក​ក៏​នាំ​គ្នា​យក​ខ្សែពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទព្រះខ័ន ។ រសាត់​មក​ដល់ទី​នេះ​ព្រះសង្ឃ និង​អ្នកស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កា​ភ្ញី ដោយ​អធិដ្ឋាន​បួងសួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រ​តិ​ដ្ឋា​ន​ដាំ​ទុក​នៅ​ទីតាំង​នោះ ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ​៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍ រួច​ប្រគំ​ភ្លេងពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នកស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាងកើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ ។ អ្នកស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា «​បានការ​…​បានការ​» ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ «​ទួល​បានការ​» តរៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ​ស្ថិត​នៅ​ខាងកើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន ។

ដោយសារ​ប្រាសាទព្រះខ័ន មាន​បារមី​ខ្លាំងពូកែ និង​បួងសួង​សុំ​កំណប់ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេចឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំងនោះ ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើកដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌​កំបាំង ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូនភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា «​បាកាន​» វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន ។

ក្រៅពី​ខ្លឹមសារ​ដកស្រង់​ចេញពី​សៀវភៅ​កម្ពុជសុរិយា​ឆ្នាំ​២០០៣ ត្រង់​ទំព័រ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ​ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាងកើត​ខេត្តបាត់ដំបង ។ តាម​ពាក្យ​តំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាសទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ ។ ដោយហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន ។ លុះ​សំ​ណេ​រ​ជា​យូរអង្វែង​មក បាន​ក្លាយជា «​ពោធិ៍សាត់​» រហូត​ដល់​សព្វថ្ងៃ ។

កាលពីដើម ខេត្តពោធិ៍សាត់ មាន​សក្ដានុពល​សេដ្ឋកិច្ច សំខាន់​ៗ​ចំនួន​បួន គឺ​វិស័យ​កសិកម្ម នេសាទ ការ​ទាញ​យក​អនុ​ផល​ព្រៃឈើ និង​ធនធាន​ថ្មកែវ ។ ដើម្បី​ចង់​បង្ហាញ​ពី​សក្ដានុពល​នៃ​ចម្លាក់​ថ្មកែវ អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​សម្រេច​សង់​រូប​ផ្ដិល​ដ៏​ធំ​នេះ នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវជាតិ​លេខ​៥ នា​ក្រុង​ពោធិ៍សាត់ ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ លោក​ឡា​ច ផេង​លី ឲ្យ​ដឹង​ថា កន្លង​ទៅ​មន្ទីរ​ក៏​ចង់​យក​ដើម​ពោធិ៍ ធ្វើ​ជា​អត្តសញ្ញាណ​របស់​ខេត្ត​ដែរ ប៉ុន្តែ​មិនដឹង​សង់​យ៉ាងណា​ឲ្យ​សមសួន ឬ​ត្រូវ​ទៅ​នឹង​សក្ដានុពល​របស់​ខេត្តពោធិ៍សាត់ ។ ក្រោយមក​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​ដែល​កាល​ណោះ​ដឹកនាំ​ដោយ​លោក​ខូ​យ សុខា បាន​សម្រេច​សង់​រូបសំណាក​ផ្ដិល​នេះ​ឡើង​នៅ​ដើមឆ្នាំ​២០១៤៖ «​ក្បាច់​រចនាបថ​ដែល​ឆ្លាក់​នៅ​លើ​ផ្ដិល​នេះ តំណាង​ឲ្យ​ពោធិ៍សាត់ ដែល​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​ជាងចម្លាក់​ក្បាច់​ខ្មែរ​យើង​នៅ​ក្នុង​ឯកសារ​បង្ហាញ​ថា មាន​តែ​ខេត្ត​ពោធិ៍​សាត់ យើង​ទេ​ដែល​ឆ្លាក់​ថ្មកែវ​ហ្នឹង ។

ចំណុច​ទី​២ សំខាន់ គឺ​តំណាង​ឲ្យ​ខេត្តពោធិ៍សាត់ មាន​ជាប់​បឹង​ទន្លេសាប ហើយ​បងប្អូន​យើង​ទាំងអស់​ប្រើប្រាស់​ផ្ដិល​គ្រប់​ផ្ទះ និង​តំណាង​ឲ្យ​សេចក្ដីសុខ ។

ទី​៣ តំណាង​ឲ្យ​ជង្រុក​ទឹក​ស្រោចស្រព​ស្រែ​ចម្ការ ហើយ​បច្ចុប្បន្ន​គេ​អភិវឌ្ឍ​ខេត្តពោធិ៍សាត់ គេ​យក​វា​រី​អគ្គិសនី​ក៏​ចេញពី​ខេត្តពោធិ៍សាត់ ដែរ​»​។

លោក​ឡា​ច ផេង​លី បាន​លើក​ហេតុផល​បន្ថែម​ទៀត​លើ​ការ​សម្រេច​ដាក់​រូបសំណាក​ផ្ដិល ជំនួស​ដើម​ពោធិ៍ ដែល​ត្រូវ​ទៅ​នឹង​ឈ្មោះ​ខេត្ត និង​ប្រវត្តិ​ទាក់ទង​តាំងពី​ព្រេងនាយ​នោះ​ថា ការ​ពិត​គេ​មិន​ចង់​ដាក់​រូបសំណាក​ដើម​ពោធិ៍​ពីរ ឬ​បី​នោះ​ទេ ខណៈ​ដែល​រូបសំណាក​ដើម​ពោធិ៍​ក៏​មាន​មួយ​ដើម​ហើយ​ដែរ នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​មានបុណ្យ ស្ថិត​នៅ​ភូមិ​ដង្កៀបក្ដាម ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន។

សូម​បញ្ជាក់​ថា ផ្អែក​តាម​ឯកសារយោង ភូមិសាស្ត្រ​ខ្មែរ របស់​លោក​ឌឹ​ក គា​ម បាន​ឲ្យ​ដឹង​ថា ខេត្តពោធិ៍សាត់ មានស្រុក​ចំនួន​៣ ធំ​ៗ គឺ​ស្រុក​បាកាន ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ។ ដោយ​ឡែក​គោរមងារ​ចៅហ្វាយខេត្ត​ពោធិ៍សាត់ និង​ចៅហ្វាយស្រុក​ទាំង​៣ រួម​មាន​៖

-​ចៅហ្វាយខេត្ត​៖ ឧកញ៉ា សួ​គា​លោក ឥន្ទ្រា​ឫទ្ធិ​វិ​ជិត​សក្តា មហា​និគម​ធរណិន្ទ ស័ក្តិ​អគ្គ​សេនា​មហាមាត្យ ឧត្តម​ក្រម​ពាហុ ។
-​ភួ​ឈួ​យ​ខេត្ត​៖ សុ​គ៌ា​សមសក្តិ
-​បាឡាត់ខេត្ត​៖ ពិភ័ក្តិ​រឿងឫទ្ធិ
-​ចៅហ្វាយស្រុក​បាកាន​៖ សូ​គ៌ា​ធិ​បតី

-​បាឡាត់ស្រុក​បាកាន​៖ ពិនិត្យ​រឿង​រង្គ
-​ចៅហ្វាយស្រុក​ភ្នំក្រវាញ​៖ អរញ្ញ​ធិ​បតី
-​ចៅហ្វាយស្រុក​ក្រគរ​៖ ជំនិះ​សង្គ្រាម
-​បាឡាត់ស្រុក​ក្រគរ​៖ ពិ​ជិត​សង្គ្រាម ។
ឯកសារ​ស្រង់​ចាក​រដ្ឋបាល​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ