រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ជនឆ្លៀតឱកាសពីការបែងចែក និងទទួលដីធ្លីនឹងត្រូវមានទោស ដោយសម្ដេចបានបញ្ជាក់សារជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយៗឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត។
យោងតាមផេកផ្លូវការនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺសម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា ៖
១-ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាតជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើន ប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋ ក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ ២០ ក៏សម្តេចតេជោបានដឹង និងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថា អ្នកទាំងនោះបានប្រព្រឹត្តមែននោះ គឺនឹងត្រូវចាប់ខ្លួន។
២- ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។
៣-ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០ភាគរយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោ ក្របីស៊ីស្មៅជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយៗ ឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕
ចែករំលែកព័តមាននេះ