ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កាកបាទក្រហមកម្ពុជា អំពាវ​នាវ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ កុំ​ឲ្យ​មាន​រលក​​ទី​២

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ…

ខេត្តសៀមរាប ៖ លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ និង​ប្រជា​ជា​ពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ថែម​ទៀត ក្នុង​ការ​ការពារ​ជំងឺ​កូ​វី​១៩ កុំ​ឲ្យ​មាន​រលក​ទី​២ ខណៈ​ដែល​ជំងឺ​ជាស​កល​មួយ​នេះ​មិន​ទាន់​ផុតរលត់​ពី​ភព​ផែនដី​យើង​នោះ​។

ការ​អំពាវនាវ​របស់​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ ដូចនេះ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​និង​ក្រុមការងារ​នាំ​យក​ទៀន​ព្រះ​វស្សា គ្រឿង​បរិក្ខារ ព្រមទាំង​បច្ច័យ​មួយ​នួន​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ដល់​វត្ត​ចំនួន​៣ ស្ថិត​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០២០​។

លោក​ជំទាវ ខៀវ ស៊ី​ណា បាន​ទូល​ប្រគេន​សង្ឃ​ក៏​ដូច​ប្រជា​ពុទ្ធបរិស័ទ​ដែរ​ថា ៖ ទោះបី​នៅ​កម្ពុជា មិន​មានការ​រីក​រាលដាល​ដល់​សហគមន៍ និង​គ្មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ដាច់ខាត​យើង​ត្រូវ​រួម​គ្នា​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា និង​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ដល់​មូលដ្ឋាន និង​សហគមន៍​។

លោក​ជំទាវ​បន្ត​ទៀត​ថា ៖ បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រីក​រាលដាល​លើ​ពិភពលោក​នៅឡើយ​ទេ ចំណែក​នៅ​កម្ពុជា​ប្រជា​ល​រដ្ឋ​ដែល​ឆ្លង​សុទ្ធតែ​ឆ្លង​មក​ពី​ប្រទេស​ក្រៅ​តែ​ប៉ុណ្ណោះ ហើយ​កាល​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០២០ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល មាន​អ្នក​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៩​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​១៩​។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ ប្រជាជន​កម្ពុជា​យើង​អាច​ធ្វើបុណ្យ​ទាន​បានជា​ធម្មតា តាម​ប្រពៃណី​​ដដែល ប្រការ​សំខាន់​នោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ​, ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​ក្រមា ឬ​ក្រដាសអនាម័យ រួច​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម ឲ្យ​បាន​ត្រឹមត្រូវ​, ជៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ឬ​អ្នកជំងឺ​, ពេល​មិន​ទាន់​លាងដៃ​សូមកុំ​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់​, បរិភោគ​អាហារ ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​, ស្វាគមន៍​គ្នា​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ​។

ទាក់ទង​ការ​ធ្វើបុណ្យ​ទាន​នានា​ក្នុង​ព្រះពុទ្ធ​សាសនា ព្រះ​មហា​វិ​មូល​ធម្ម ពិន សែ​ម ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្នុង​ក្រុង​សៀមរាប ដែល​ជា​វត្ត​ចំណាស់​មួយ​នៅ​លើក​ទឹកដី​វប្បធម៌ និង​ទេសចរណ៍​នេះ មាន​សង្ឃ​ដិ​កា​ឲ្យ​បានដឹង​ថា រាល់​ការ​ធ្វើបុណ្យ​ផង​ទាំងពួង ត្រូវ​តែ​មានការ​យល់​ដឹង​ពី​តម្លៃ​នៃ​ពិធីបុណ្យ​នីមួយ​ៗ​ឲ្យ​ច្បាស់ ទើប​ជា​ការ​ប្រពៃ និង​ទទួល​បាន​កុសល​តាម​កម្លាំង​សុទ្ធា​តាម​សេចក្ដី​ប្រាថ្នា​។

សូម​បញ្ជាក់​ជូន​ថា ៖ នៅ​ក្នុង​ខេត្តសៀមរាប មាន​វត្ត​ព្រះព្រហ្ម​រ័​ត្ន​, វត្ត​រាជ​បូ​ណ៌ និង​វត្ត​ប្រាសាទ​បាគង ត្រូវ​បាន​លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ និង​ក្រុមការងារ​បាន​ប្រគេន​នូវ​ទៀន​ព្រះ​វស្សា​១​គូ អង្ករ មី ត្រីខ ទឹកដោះគោ ទឹក​សុទ្ធ ទឹកក្រូច​ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ី​ចេ​ង តែ កាហ្វេ និង​បច្ច័យ​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់​តម្រូវការ​របស់​ព្រះសង្ឃ​នៅ​ក្នុង​រយៈ​៣​ខែ ពេល​ចូល​ព្រះ​វស្សា​ផង​ដែរ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ