ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ដឹក​ទំនិញ​តាមអនឡាញ​ផ្ទុះការ​តវ៉ា​ ទាមទាររកដំណោះស្រាយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​ដឹក​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​ជាង១០០​នាក់ ដែល​ភាគច្រើន​ជា​ក្រុម​យុវជន​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន foodpanda ដោយ​ទាមទារ​អោយ​ក្រុមហ៊ុន​រក្សា​តំលៃ​ឈ្នួល​អោយ​នៅ​ដូច​ដើម​ និង​មាន​ម៉ោង​ធ្វើការ​ដឹក​ជញ្ជូន​ជា​ប្រចាំ​ថ្ងៃ ក្រោយ​ពី​ធ្វើការ​ចរចាគ្នា​នៅ​មិនទាន់​​មាន​ដំណោះស្រាយ ​ទើប​នាំ​គ្នា​ឈប់​ធ្វើ​ការ​តទៅ​ទៀត​ លុះត្រា​ណា​តែ​មាន​ដំណោះស្រាយ​នោះ​។​…

រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​ដឹក​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​ជាង១០០​នាក់ ដែល​ភាគច្រើន​ជា​ក្រុម​យុវជន​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន foodpanda ដោយ​ទាមទារ​អោយ​ក្រុមហ៊ុន​រក្សា​តំលៃ​ឈ្នួល​អោយ​នៅ​ដូច​ដើម​ និង​មាន​ម៉ោង​ធ្វើការ​ដឹក​ជញ្ជូន​ជា​ប្រចាំ​ថ្ងៃ ក្រោយ​ពី​ធ្វើការ​ចរចាគ្នា​នៅ​មិនទាន់​​មាន​ដំណោះស្រាយ ​ទើប​នាំ​គ្នា​ឈប់​ធ្វើ​ការ​តទៅ​ទៀត​ លុះត្រា​ណា​តែ​មាន​ដំណោះស្រាយ​នោះ​។​

ការ​តវ៉ា​​ខាងលើ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ចំ​ណុ​ច​ខាង​មុខ​ក្រុមហ៊ុន foodpanda ទីតាំង​លេខ ៨៨ ផ្លូវ​លេខ ៣៨៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ពី​អ្នក​ដឹក​ទំនិញ​ឱ្យ​ក្រុមហ៊ុន​ខាងលើ​​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ ពួក​គាត់​ដែល​ជា​ក្រុម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ធ្វើការ​ដឹក​ជញ្ជូន​អោយ​ក្រុមហ៊ុន foodpanda ដែល​ជា​ក្រុមហ៊ុន​ទទួល​ដឹក​ជញ្ជូន​ម្ហូបអាហារ​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​រហូត​ទៅ​ដល់​ចំនួន​ជាង​១០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ទៅ​ក្រុមហ៊ុន​ចំនួន​២​ចំណុច​ ក្នុង​នោះទី​​១-​សុំ​អោយ​ក្រុម​ហ៊ុន​រក្សា​តំលៃ​ឈ្នួល​អោយ​នៅ​ដូច​ដើម​ដដែល និង​ទី​២-​សុំ​អោយ​មាន​ម៉ោង​សំរាប់​ពួក​​គាត់​ទាំងអស់​គ្នា​ គឺ​មាន​ម៉ោង​ធ្វើការ​ដឹ​ក​ជញ្ជូន​ជា​ប្រចាំ​ថ្ងៃ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ការ​តវ៉ា​នេះ​ដែរ ពួក​​គាត់​បាន​ធ្វើការទាមទារ​​ទៅ​​ក្រុម​ហ៊ុ​ន​ខាងលើ​នេះអស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ តែ​ខាង​ក្រុមហ៊ុន​ហាក់​ព្រងើយកន្តើយ និង​មិន​រក​ដំណោះស្រាយ​ដល់​ពួក​គាត់​ឡើយ​ ។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ដោយ​កាលពីមុន​ ដឹក​ក្នុង​មួយ​ជើង​ក្នុង​​ចម្ងាយ​​ក្រោម​១​គីឡូម៉ែត្រ ចាប់ពី​៧០​សេន​ទៅ​១​ដុល្លារ និង​ចាប់ពី​​ចម្ងាយ​​លើស​ពី​១​គីឡូម៉ែត្រ​ឡើង​ទៅ ​ក្នុង​មួយ​ជើង​បាន​ចំនួន​២​ដុល្លារ លុះ​មក​ដល់​ប៉ុន្មាន​ថ្ងៃ​កន្លងមក​​នេះ​ ទោះ​ក្នុង​ចម្ងាយ​ពី​១​គីឡូ​ម៉ែត្រ​ទៅ​ដល់​៤ ឬ​៥​គីឡូម៉ែត្រ ត្រូវ​បាន​ក្រុមហ៊ុន​ទម្លាក់​តំលៃ​មក​សល់​នៅ​ត្រឹម​៨០​សេន​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ក៏​មាន​ដឹក និង​ពេល​ខ្លះ​ក៏​មិន​មាន​ម៉ោង​ដឹក ​ឱ្យ​បាន​ត្រឹម ក៏​​នាំ​គ្នា​អង្គុយ​លេង​ឥតប្រយោជន៍​ប៉ុណ្ណោះ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​ក្រុមហ៊ុន foodpanda បាន​ធ្វើការ​បញ្ចុះតំលៃ​ដឹក​ជញ្ជូន​ទាប​ជាង​មុន និង​ម្យ៉ាងទៀត​មិន​មាន​ម៉ោង​ធ្វើការ​ដឹក​ជញ្ជូន​នោះ ទើប​ពួក​គាត់​បាន​នាំ​គ្នា​ព្យាយាម​ធ្វើការ​និយាយ​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន ដើម្បីជួយ​​ដោះស្រាយ​គ្នា​ តែ​ខាង​ក្រុមហ៊ុន​បែ​រ​ជា​មិន​មាន ដំណោះស្រាយ និង​និយាយ​ដដែលៗ ដោយ​ឱ្យ​​រង់ចាំ​៣ថ្ងៃសិនដើម្បីរកដំណោះស្រាយជូន​ ទើប​ពួក​គាត់​សម្រេច​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​បែប​នេះ​តែ​ម្តង​។

តាម​ប្រភពដដែល​បានបន្ត​ថា ​ក្នុង​ការ​ចុះ​ឈ្មោះ​ធ្វើការ​ដឹក​ជញ្ជូន​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ គឺ​ខាង​ក្រុមហ៊ុន​មិន​មាន​អ្វី​ផ្តល់​អោយ​ឡើយ ដោយ​ម៉ូតូ​ជា​របស់​ផ្ទាល់ខ្លួន ចំណែកឯ​ធុង​ដាក់​អី​វ៉ា​ន់​ខាងក្រោយ និង​អាវ​ពាក់​ក្នុង​ការ​បម្រើ​ការងារ គឺជា​របស់​ទិញ​ពី​ក្រុមហ៊ុន​ក្នុង​តម្លៃ​ចំនួន​៣៥​ដុល្លារ​។​ កាលពី​ពេល​មុន​ ក្នុង​មួយ​ថ្ងៃ​​ពួកគាត់​អាច​ដឹក​បាន​លើស​ពី​១០​ម៉ោង​ឡើង និង​បាន​ប្រាក់​ឈ្នួល​១៥​ដុល្លារ លុះ​មក​ដល់​មួយ​រយៈ​នេះ ខាងក្រុមហ៊ុន​ក៏​បាន​បន្ថយ​ម៉ោង​ធ្វើការ​មក​នៅ​ត្រឹមតែ​៥​ទៅ​៦​ម៉ោង ម្យ៉ាងទៀត​ប្រាក់​ឈ្នួល​មិន​ថា​ជិត ឬ​ឆ្ងាយ​ក៏​បញ្ចុះ​មក​នៅ​ត្រឹមតែ​៨០​សេន ក្នុង​មួយ​ជើង​ ។ មិន​ថា​ជិត ឬ​ឆ្ងាយ ​ក្នុង​​មួយ​ថ្ងៃ​អាច​រក​លុយ​បាន​ត្រឹម​៥​ទៅ​៨​ដុល្លារ​​ប៉ុណ្ណោះ ​ដោយទូទាត់​​ថ្លៃ​ចាក់​សាំង និង​ហូប​បាយ​អស់​ទៅ​ ពួកគាត់​នៅ​ត្រឹមតែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ និង​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​។

ក្នុង​ការ​តវ៉ា​របស់​ក្រុម​អ្នក​ដឹក​ជញ្ជូន​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំង​ជាង​១០០​នាក់​នា​ព្រឹក​​នោះ​ដែរ ខាង​តំណាង​​ក្រុម​អ្នក​ដឹងកជញ្ជូនទំនិញ​ចំនួន​៥​នាក់ ត្រូវ​បាន​ភាគី​ខាង​ក្រុមហ៊ុន foodpanda អនុញ្ញាត​អោយ​ចូល​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា «ដោយ​តម្រូវ​អោយ​រង់​ចាំ​រ​យៈ​ពេល​៣​ថ្ងៃ​ទៀត និង​បន្ត​រក​ដំណោះស្រាយ​គ្នា​​ជា​បន្ត​ទៅ​ទៀត​» ។ ដោយសារ​​គ្មាន​ដំណោះស្រាយ ទើប​​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ក៏​បាននាំ​​គ្នា​​​ជិះ​ម៉ូតូ​តវ៉ា​​បន្ត​ទៅ​ទៀត និង​សម្រេច​ឈប់​ធ្វើការ​អោយ​ក្រុមហ៊ុន​មួយ​នេះ​ចាប់ពី​ពេល​នេះ​តទៅ​ផង​ដែរ​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ