ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​៖ សេដ្ឋកិច្ច​ខ្មែរ​ព្យាករណ៍​នឹង​អាច-១,៩% ​តែ​គ្មាន​ក្រុមហ៊ុន​ណាមួយ​ក្ស័យ​ទុន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមិថុនា​នេះ​ថា ដោយសារ​តែ​វិ​បត្ត​ជំងឺឆ្លង​កូ​វី​ដ ១៩ បាន​ដាក់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​យើង​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមិថុនា​នេះ​ថា ដោយសារ​តែ​វិ​បត្ត​ជំងឺឆ្លង​កូ​វី​ដ ១៩ បាន​ដាក់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​យើង​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ ហើយ​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​និង​តាម​ប្រទេស​នីមួយ​ៗ ជាក់ស្តែង​សម្រាប់​កម្ពុជា​ផ្ទាល់​ខាង​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) ក៏​ដូច​ជា​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់ -១,៥ ទៅ​ដល់ – ២,៩ ភាគរយ ខណៈ​ភាគី​រដ្ឋាភិបាល​ផ្ទាល់​ការ វាយតម្លៃ​ភាព​ប្រាកដប្រជា​គឺ​អាច​នឹង​ធ្លាក់​ចុះ -១,៩ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០២០ នេះ​ក៏​ពិតមែន តែ​ការ​អភិវឌ្ឍន៍​ចាំបាច់​សំខាន់​គឺ​ត្រូវ​តែ​បន្ត ដូច​ជា​ការ​កសាង​នូវ​ព្រ​លាន​យន្តហោះ​ជាដើម ។

សម្តេច​បាន​ប្រកាស​បែប​នេះ​ជា​ឱកាស​អញ្ជើញ​ពិនិត្យ​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ខេត្តកណ្តាល ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ មិថុនា ដែល​ក្នុង​នោះ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ដូច្នេះ​ឆ្នាំ​នេះ ប្រាកដជា​មាន​ប្រទេស​តិច​ណាស់​ដែល​នឹង​មាន​សេដ្ឋកិច្ច​ព្យាករណ៍​ថា​នឹង​វិជ្ជមាន ខណៈ​ប្រទេស​ច្រើន​ណាស់​នឹង​មាន​សេដ្ឋកិច្ច​អវិជ្ជមាន គឺ​ធ្លាក់ បាន​សេចក្តី​ថា ដក (-) ដូច​ជា​សិង្ហ​បូ​រី ប្រកាស​ថា​សេដ្ឋកិច្ច​ប្រទេស​ខ្លួន​នឹង​ធ្លាក់​ដល់​ទៅ – ៧ ភាគរយ ខណៈ​មាន​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ប្រទេស​ខ្លួន​នឹង​អាច​ធ្លាក់​ដល់ -១០ ភាគរយ ។

សម្តេច​តេ​ជោ បាន​ហៅ​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ឃើញ​សញ្ញា ( -) នេះ​យ៉ាង​ដូច្នេះ​ថា «​ដែល​នេះ​ជា​ស្ថានភាព​មិន​ធ្លាប់​មាននៅ​កម្ពុជា​នៅ​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ ។ ប៉ុន្តែ​សួរ​ថាបើ​អ្នកឯង​មាន​វិបត្តិ​សេដ្ឋកិច្ច​អត់​ឡើង​អ​ញ្ចឹ​ង តើ​ព្រ​លាន​យន្តហោះ​ចាំបាច់​ត្រូវការ​កសាង​ទេ ? ម៉េច​ក៏​មិន​ទុក​លុយ​យក​ទៅ​ធ្វើ​អី​ផ្សេង ?​» ។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា បើសិន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឃើញ​សញ្ញា​អវិជ្ជមាន (-) ទៅ​ហើយ ហេតុ​អី​ចាំបាច់​សាងសង់​ព្រ​លាន​យន្តហោះ​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​សូម​បញ្ជាក់​ជូន ក្រុមហ៊ុន​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ប្រកាស​ក្ស័យធន​ទេ ហើយ​ប្រកាស​អាសន្ន​អំពី​ការ​ខ្វះ​ទុន​និង​ធន​ដែរ​ទៅ​លើ​ការ​វិនិយោគ ។ យើង​ឧទាហរណ៍​នៅ​ទីកន្លែង​នេះ ត្រូវការ​វិនិយោគ ១៥០០​លាន​ដុល្លារ ក្រុមហ៊ុន​មួយ​នេះ​អត់​ទាន់​និយាយ​ពី​រឿង​ខ្វះ​លុយ ហើយ​ផ្អាក​ដំណើរការ​សាងសង់​ទេ​» ។

សម្តេច​បាន​បញ្ជាក់​ថា​ លោក​បាន​ជួប​ក្រុមហ៊ុន​ដទៃ​ទៀត ដូច​ជា​ក្រុមហ៊ុន​ប៉េង ហួត ក្រុមហ៊ុន ជីព ម៉ុង ជាដើម ដែល​កំពុង​តែ​បើក​ការដ្ឋាន​សាងសង់​ទាំងអស់ ។ ពី​មុន​ធ្លាប់​សាងសង់​យ៉ាងម៉េច នៅ​តែ​សាងសង់​ដដែល ។ សម្តេច​តេ​ជោ​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​ការ​សាកសួរ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ការ​លក់​ផ្ទះ​គឺ​នៅ​លក់ដាច់​ដដែល គ្រាន់តែ​ទាប​ជាង​មុន​បន្តិច​។ ជាក់ស្តែង​ការ​លក់​ផ្ទះ​ក្នុង ខែ ៥ នេះ​គឺ​តួលេខ​ហក់​ឡើង​វិញ ដែល​កាលពី ខែ ៤ តួលេខ​នៃ​ការ​លក់​ធ្លាក់​ចុះ​បន្តិច អ​ញ្ចឹ​ង​ត្រង់នេះ​គឺ​មាន​ន័យ​ថា​បងប្អូន​នៅ​មាន​លទ្ធភាព​ជាវ​ផ្ទះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ