លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងចិន អាចត្រូវចុះហត្ថលេខាជាផ្លូវការ នៅចុងឆ្នាំ២០២០នេះ ខណៈពេលនេះក្រុមការងារបច្ចេកទេសប្រទេសទាំងពីរបានឯកភាពគ្នាអស់ហើយ លើអត្ថបទខ្លឹមសារកិច្ចព្រមព្រៀងនោះ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរបស់កម្ពុជា ។ លោករដ្ឋមន្ត្រីសង្ឃឹមថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ក្លាយជាឯកសារផ្លូវការ ការនាំចេញរបស់កម្ពុជានឹងកើនឡើងប្រមាណ២០% ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន បានកើតមានឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ។
កិច្ចព្រមព្រៀងនេះ មានគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរ ។
កម្ពុជារំពឹងថា ប្រទេសចិនក្លាយជាទីផ្សារដ៏សំខាន់ក្នុងការទិញកសិផលខ្មែរដូចជា អង្ករ ស្វាយ ចេក និងដំណាំផ្សេងៗទៀត ។
គ្រាន់តែ៥ខែដើម ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួន១៣.៦ម៉ឺនតោន បើធៀបជាមួយនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ មានការកើនឡើង២៥% ស្មើនឹង៤០%នៃការនាំចេញសរុប ។
ជាមួយនឹងការប្រាប់ដំណឹងល្អនេះ ទៅដល់មន្ត្រីក្រោមឱវាទនៅខេត្តកែប កាលពីថ្ងៃទី១៩មិថុនា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្មត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀត ពិសេសពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗ នានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជា ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ថ្មីៗនេះជាដើម ៕
ចែករំលែកព័តមាននេះ