ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ បុរសម្នាក់បានមកដល់មន្ទីរពេទ្យក្នុងខេត្តក្វាងទុង ដោយត្អូញត្អែរពីការឈឺពោះធ្ងន់ធ្ងរជាច្រើនដង។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប្រជាជនចូវឈីង បានធ្វើការថតកាំរស្មីអ៊ិចលើអ្នកជំងឺអាយុ៣០ឆ្នាំ ដែលបង្ហាញឱ្យឃើញពីមូលហេតុនៃបញ្ហានេះ។ វាគឺជាត្រីមួយក្បាលជាប់នៅក្នុងរន្ធលាមករបស់គាត់។
នៅពេលត្រូវបានគេសួរអំពីរបៀបដែលត្រីនេះ មកនៅក្នុងផ្លូវលាមករបស់គាត់ បុរសម្នាក់នោះបានអះអាងថា វាបានចូលក្នុងគូថគាត់នៅពេលដែលគាត់អង្គុយពីលើវាដោយចៃដន្យ។
ដោយមិនគិតពីការបកស្រាយដ៏ចម្លែកនេះ គ្រូពេទ្យវះកាត់បានផ្តោតការយកចិត្តទុកដាក់របស់ពួកគេ ទៅលើការដកយកត្រីនោះចេញពីពោះវៀន តាមរយៈការធ្វើអង់ដូស្កុប។
ត្រីនេះត្រូវបានគេស្គាល់ថា ជាប្រភេទត្រី ទីឡាបយ៉ា ដែលជាប្រភេទត្រីធ្វើជាម្ហូបរបស់យើងទាំងអស់គ្នា។ វាអាចធំធាត់បានដល់ប្រវែង ៣៩សង់ទីម៉ែត្រ។ វាមានព្រុយវែង រួមទាំងទ្រនុងឆ្អឹងខ្នងមុតស្រួច ដែលធ្វើឱ្យមានរបួសដល់ពោះវៀនរបស់បុរសខាងលើ។
វាមិនច្បាស់ទេថា តើសត្វនេះមានជីវិតឬងាប់នៅពេលវា ត្រូវបានបុរសនោះអង្គុយពីលើ។ នេះក៏ដោយសារតែ ត្រីនោះបានស្អុយរលួយបាត់ទៅហើយ ពេលដែលគេយកវាចេញមក។ នេះបង្ហាញថា ហេតុផលរបស់បុរសខាងលើ គឺហាក់បីដូចជាមិនសូវសមហេតុផល៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ