នូវែលហ្សេឡង់ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសនូវែលហ្សេឡង់នឹងដកចេញនូវតម្រូវការនៃការរក្សាគម្លាតសង្គម បន្ទាប់ពីគ្មានករណីកូវីដ១៩ទាល់តែសោះ ដែលបានបង្ហាញថា ខ្លួនបានសម្រេចគោលបំណងលុបបំបាត់ជំងឺនេះចោលពីប្រទេស។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយកាលពីថ្ងៃច័ន្ទថា រាល់ការរឹតបន្តឹងដែលនៅសេសសល់លើប្រជាជន និងអាជីវកម្មក្រៅពីការគ្រប់គ្រងព្រំដែនយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់វីរុសនេះ នឹងត្រូវដកចេញនៅពាក់កណ្តាលអធ្រាត្រយប់នេះ ដែលបើកផ្លូវសម្រាប់ការរស់នៅធម្មតាវិញ។ ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងមុននេះ បានរាយការណ៍ថា អ្នកជំអឺឆ្លងកូវីដ១៩ ចុងក្រោយរបស់ខ្លួនបានជាសះស្បើយឡើងវិញ ដែលធ្វើឱ្យប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលបានលុបបំបាត់ភ្នាក់ងារបង្កជំងឺនេះដោយជោគជ័យ។
លោកស្រី Ardern បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Wellington ថា៖ «យើងបានរួបរួមគ្នាតាមរបៀបដែលមិនធ្លាប់មានពីមុនមក ដើម្បីកម្ទេចវីរុសនេះ។ គោលបំណងរបស់យើង គឺត្រូវឆ្លងផុតពីការរាលដាលនៃជំងឺនេះ ហើយឱ្យមានសុវត្ថិភាពជាទីបំផុត»។
ការចាក់សោរប្រទេសរយៈពេល ៧សប្តាហ៍ បានបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ហើយគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានសម្រេចថា វាមានសុវត្ថិភាពក្នុងការបន្ថយកំរិតប្រកាសអាសន្នរបស់ប្រទេសទៅត្រឹមកម្រិតទី១ ដែលអនុញ្ញាតឱ្យលុបចោលការរឹតបន្តឹង ដែលនៅសល់ចុងក្រោយ។ មនុស្សនឹងត្រូវបានស្នើសុំឱ្យតាមដានសុខភាពខ្លួនឯង និងប្រុងប្រយ័ត្នពេលជួបនឹងមនុស្សដទៃ។
គួរបញ្ជាក់ផងដែរថា ប្រទេសនូវែលសេឡង់ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស ១៥០៤ករណី និងមានករណីបាត់បង់ជីវិត ២២ករណី។ គេមិនឃើញមានការឆ្លងថ្មីរយៈពេល១៧ថ្ងៃហើយ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ