មានការភ្ញាក់ផ្អើល បន្ទាប់ពីអតីតតារាចម្រៀងដ៏ល្បីល្បាញនាង ទូច ស៊ុននិច បានចេញមុខឆ្លើយតបទៅកាន់តារាចម្រៀងជួរមុខអ្នកនាង ម៉េង កែវពេជ្ជតា ដោយសារការរំលឹកឡើងនូវរឿងអតីតកាលមួយដែលមានការចោទគ្នាទៅវិញទៅមករកត្រូវរៀងៗខ្លួន ។
ទូច ស៊ុននិច បានចេញជាសម្លេងសារតាមផេកហ្វេសប៊ុករបស់ខ្លួនឆ្លើយតបទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពីតារាចម្រៀងរូបនេះ បានធ្វើការចោទប្រកាន់មកលើខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ដែល ទូច ស៊ុននិច អះអាងថា នាងយកបទរៀមច្បង(ម៉េង កែវពេជ្ជតា)មកច្រៀងដើម្បីតោងល្បី។ ឈរលើបញ្ហាខាងលើនេះ ទូច ស៊ុននិច បានឆ្លើយតបថា «បងដា គាត់បានលើកឡើងតាំងពីខ្ញុំទើបអាយុបាន ៨-៩ឆ្នាំ ទើបតែប៉ិចពន្លកឡើងច្រៀងដំបូង គាត់ថាខ្ញុំក៏ច្រៀងតាមគាត់ ច្រៀងលំនាំតាមបទគាត់ ហើយចង់ល្បីតាមគាត់…!»។
នាងបញ្ជាក់ថា កាលណោះនាងខ្ញុំបានឡើងច្រៀងបទ «សូមពុកវិលវិញ» ហើយរៀមច្បងថា នាងខ្ញុំច្រៀងតាមខ្លួន និងចង់ល្បីតាមខ្លួន។ ចំពោះបញ្ហានេះ បើតាមទូច ស៊ុននិច កាលណោះ នាងខ្ញុំទើបតែអាយុបាន ៨-៩ឆ្នាំ អត់ដែលស្គាល់រៀមច្បង ម៉េង កែវ ពេជ្ជតា ជានរណាផង ដូច្នេះ បងថាខ្ញុំច្រៀងបទ «សូមពុកវិលវិញ” នេះថា ចង់ល្បីតាមបងហ្នឹង ដូចមិនសមហេតុផលសោះ!»។
នាងថា បទ «សូមពុកវិលវិញ» នេះ គឺជាបទដែលលោកឪពុកនាងខ្ញុំបាននិពន្ធដោយផ្ទាល់ ហើយបើទោះត្រូវរៀមច្បងចោទថា ឪពុកកូនទាំងពីរនាក់លួចចម្លងបទរបស់ខ្លួននោះ កាលនោះនាង និងឪពុក មិនដែលបានស្ដាប់បទចម្រៀងរបស់តារាចម្រៀងរៀមច្បងសោះ ព្រោះថា សម័យនោះ ប្រព័ន្ធផ្សព្វផ្សាយមិនទាន់រីកចម្រើនដូចបច្ចុប្បន្ន។ ដូច្នេះហើយ នាង និងឪពុកមិនដែលបានលឺបទចម្រៀងរបស់រៀមច្បង ម៉េង កែវពេជ្ជតា ទេ ប៉ុន្តែច្បាស់ណាស់ថា បទនោះ គឺនាងឃើញលោកឪពុកអង្គុយនិពន្ធខ្លួនឯងដោយផ្ទាល់។
យ៉ាងណាក៏ដោយ ទូច ស៊ុននិច បានអះអាងថា ដើមឡើយ នាងមិនចង់ធ្វើការបកស្រាយអ្វីទេ ប៉ុន្តែមិនអស់ចិត្តនឹងការអធិប្បាយរបស់រៀមច្បងថ្មីៗនេះពាក់ព័ន្ធនឹងខ្លួន ទើបសម្រេចចិត្តចេញមុខនិយាយឲ្យប្រិយមិត្តអ្នកគាំទ្របានដឹងច្បាស់សាច់រឿងទាំងអស់គ្នា។ ជាការកត់សម្គាល់ពាក់ព័ន្ធទៅនឹងការលើកឡើងពី ទូច ស៊ុនិច នាពេលនេះរហូតមកទល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អ្នកនាង ម៉េង កែវពេជ្ជតា នៅមិនទាន់មានការបកស្រាយណាមួយឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើសង្កេតលើហ្វេសប៊ុករបស់អ្នកនាងបែជាបានបង្ហោះបទចាស់ដែលនាងបកស្រាយ ជាមួយនឹងការភ្ជាប់សារក្នុងន័យឆ្លើយតបបែបបញ្ជិតបញ្ជៀងពាក់ព័ន្ធបញ្ហាមួយនេះ។
អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារថា ខ្ញុំមិនដែលផឹកទឹកភ្លេចនឹកប្រភពដើមទេ ។ ការយកបទគេច្រៀង ទោះក្នុងកាលៈទេសៈណា ក៏ត្រូវឆ្លៀតបង្ហាញឈ្មោះម្ចាស់ដើម ។ វាមិនពិបាកធ្វើទេ ។ ទាំងនេះអាចបញ្ជាក់ថា អ្នកជាមនុស្សចេះដឹង មានកត្តញ្ញូ ។ ព្រះមិនជួយមនុស្សរមិលគុណទេ !៕
ចែករំលែកព័តមាននេះ