ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង សុជាតា ​៖ ​បញ្ចប់​រឿង​ដើម្បី​ទាំង​​អស់​​គ្នា ​និង​ប្រហែល​ជាង​១ខែ​ទៀត​អាច​បន្ត​ថត​រឿង​បាន

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រយៈ​ពេល​ជិត​កន្លះ​ខែ​មក​ហើយ​ដែល​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​បង្ក្រាប​ក្រុម​ អ្នក​ផឹក​ស្រា​នៅ​ក្នុង​វត្ត​អធ្វា (ខ្លះ​ថា​នៅ​ក្រៅ​វត្ត) បាន​ធ្វើ​ឱ្យ​នាង​ស្វែង សុជាតា ដែល​ជា​តារា​ភាព​យន្ត​ឆ្នាស​ឆ្នើម​ម្នាក់​បាន​របួស​ដៃ​ស្តាំ និង​អ្នក​ថត​ភាព​យន្ត​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ។ ការ​ទាក់ទង​តាម​ទូរ​ស័ព្ទ​​អ្នក​នាង​ស្វែង សុជាតា និយាយ​ថា ដៃ​របួស​កំរើក​បាន​ខ្លះ​ៗ​ហើយ ព្រោះ​ឆ្អឹង​ដែល​បាក់​បាន​ត​រួច​រាល់។ នាង​បន្ត​ថា ដោយ​សារ​មុខ​របួស​ធំ​ពេក ទើប​ការ

រាជ​ធានី​ភ្នំពេញ ៖ រយៈ​ពេល​ជិត​កន្លះ​ខែ​មក​ហើយ​ដែល​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​បង្ក្រាប​ក្រុម​អ្នក​ផឹក​ស្រា​នៅ​ក្នុង​វត្ត​អធ្វា (ខ្លះ​ថា​នៅ​ក្រៅ​វត្ត) បាន​ធ្វើ​ឱ្យ​នាង​ស្វែង សុជាតា ដែល​ជា​តារា​ភាព​យន្ត​ឆ្នាស​ឆ្នើម​ម្នាក់​បាន​របួស​ដៃ​ស្តាំ និង​អ្នក​ថត​ភាព​យន្ត​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ។ ការ​ទាក់ទង​តាម​ទូរ​ស័ព្ទ​​អ្នក​នាង​ស្វែង សុជាតា និយាយ​ថា ដៃ​របួស​កំរើក​បាន​ខ្លះ​ៗ​ហើយ ព្រោះ​ឆ្អឹង​ដែល​បាក់​បាន​ត​រួច​រាល់។ នាង​បន្ត​ថា ដោយ​សារ​មុខ​របួស​ធំ​ពេក ទើប​ការ​ព្យា​បាល​យូរ។ អ្នក​នាង​ស្វែង​ សុជាតា បន្ត​ថា ប្រហែល​មួយ​ខែ ឬ​មួយ​ខែ​កន្លះ​ទៀត​អាច​នឹង​ជា​សះ​ស្បើយ​ធម្មតា​ដូច​ដើម​វិញ។ នាង​​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១០​នេះ នាង​ទើប​តែ​ចេញ​ថត​រឿង​”ព្រាយ​ដំបូក” ​ឬ “រឿង​វេន​កម្ម” ​ក៏​ជួប​គ្រោះ​ថ្នាក់​តែ​ម្តង។ ទោះ​បី​ជា​បែប​ណា​នាង​មាន​កុងត្រា​ថត​រឿង​មួយ​ចំនួន​ទៀត​តែ​មិន​ទាន់​ចេញ​ថត។

ចំពោះ​រឿង​រលក​សំលេង​ គឺ​បាន​ថត​ចប់​ផុត​កុងត្រា​ហើយ ដែល​រឿង​នេះ​កំពុង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍ CTN ។ រឿង​ព្រាយ​ដំបូក​​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​កន្លង​មកនេះ​មិន​ទាន់​ថត​ចប់​សព្វ​គ្រប់​នោះ​ទេ។ ទាក់​ទង​នឹង​រឿង​រ៉ាវ​ដែល​ថា​នាង​នឹង​ដាក់​ពាក្យ​ប្តឹង​នោះ នាង​បាន​បដិ​សេធ​ថា នាង​មិន​ប្តឹង​ទេ។ នាង​និយាយ​ថា នាង​ខ្ញុំ​លើក​លែង​អភ័យ​ទោស​ឱ្យ​គ្រប់​គ្នា​ទាំង​អស់។ ចំពោះ​ថា​អង្គ​ការ​​ក្រៅ​​រដ្ឋា​ភិបាល​មួយ​ចំនួន​ចង់​ជួយ​នាង​ប្តឹង​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​នោះ​ នាង​និយាយ​ថា នាង​បាន​ពិភាក្សា​សំរួល​គ្នា​រួច​រាល់​ហើយ ​មិន​ឱ្យ​មាន​ការ​ប្តឹង​អ្វី​ទាំង​អស់​​សូម​បញ្ចប់​ត្រឹម​នេះ​ទៅ​ចុះ។ ការ​​មិន​ប្តឹង​នេះ​នាង​និយាយ​ថា នាង​ខ្ញុំ​ធ្វើ​ដើម្បី​អ្នក​ទាំង​អស់​គ្នា ដោយ​មិន​ចង់​ឱ្យ​អ្នក​ដែល​មិន​ដឹង​អ្វី​ជាប់​គុក​នោះ​ឡើយ។ ដូច្នេះ​​រឿង​នេះ​នាង​ខ្ញុំ​សូម​បញ្ចប់​ហើយ។

ចំពោះ​ការ​ថត​​បន្ត​នៅ​ពេល​នាង​ជា​សះ​ស្បើយ នាង​ស្វែង សុជាតា ថា នាង​ត្រៀម​នឹង​សំដែង​ថត​បញ្ចប់​រឿង​ឱ្យ​គេ​បើ​ចាំ​បាច់។ អ្នក​ស្រី​ភរិយា​​លោក​ម្ចាស់​ផលិត​កម្ម​សាវីន​ប្រូដាកសិន​បាន​ឱ្យ​ដឹង​ថា ការ​ថត​បន្ត​បញ្ចប់​សាច់​រឿង​នោះ ផលិត​កម្ម​ និង​ក្រុម​ការ​ងារ​មិន​ទាន់​សំរេច​គ្នា​​បែប​ណា​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​បាន​ពិភាក្សា​គ្នា។ ចំណែក​ស្វាមី​របស់​អ្នក​ស្រី​ពេល​នេះ​មិន​នៅ​ជិត​គ្នា​ទេ គឺ​នៅ​​ឆ្ងាយ​​ពី​គ្នា ដូច្នេះ​មិន​ទាន់​ច្បាស់​ថា ត្រូវ​ថត​បន្ត ឬ​ក៏​ផ្អាក​នោះ​ឡើយ ដោយ​រង់​ចាំ​​ការ​ពិភាក្សា​គ្នា​សិន។

គួរ​រំលឹក​ថា កាលពីវេលាម៉ោង​១២​យប់ ថ្ងៃទី​២៩ តុលា ឆ្នាំ​២០១០ អំពើ​ហិង្សា​ដោយ​មាន​ការ​ផ្ទុះ​អាវុធ​ពី​សំណាក់​កម្លាំង​ប៉េអឹម នៅ​ក្នុង​បរិវេណ​វត្ត​អធ្វា បង្ក​ឡើង​ដោយ​ក្រុម​អ្នក​ថត​ភាពយន្តរឿង «វេនកម្ម» របស់​​​ផលិត​កម្ម​សាវីន​ប្រូដាកសិន​ដែល​នាំគ្នា​ផឹកស៊ី​ស្រវឹង​អួទីនួ​និយាយ​គ្នា​លែង​ស្តាប់។ ខណៈ​នោះ​ក៏​កើត​ជំលោះ​ពាក្យ​​សំដី​យ៉ាង​តឹង​សរសៃ​ក​ជាមួយ​ម្ចាស់​ផលិត​កម្ម​ រួច​ឈាន​ទៅ​វាយ​សមត្ថ​កិច្ច​ដែលចុះ​​ទៅ​ធ្វើ​អន្តរា​គមន៍​​ឱ្យ​របួស​បែក​ក្បាល​​ហូរ​ឈាម​ជោក​ខ្លួន​ចំនួន​២នាក់ មុននឹងមាន​ការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​​បណ្តាល​ឱ្យ​ត្រូវ​តួ​ឯកស្រី​នាង​ស្វែង សុជាតា ។

ជនជាប់​ចោទ​ទាំង​៤នាក់​​ត្រូវ​ចាប់​ខ្លួន​មាន ១-ឈ្មោះ​អឹម​​ សៀកឡេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គីមី​វិទ្យា នៃ​សាកលវិទ្យា​ល័យតិច​ណូ ​​២-​ឈ្មោះ​​ជុំ​ វិឆៃ ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅភូមិ​អភិវឌ្ឍន៍​យោធិនពិការ​៣១៧ នៅតាកែន​​កោះស្លា ខេត្ត​កំពត អ្នក​ទាំង​ពីរ​នេះ​​ជា​អ្នក​ថត​​ភាព​យន្ត​ឱ្យ​ផលិត​កម្ម «សាវីន​ប្រូដាក​សិន»។ ៣-ឈ្មោះ​សាយ សុផេង ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​៤-​​ឈ្មោះ​ខ្វា​ ផុល អាយុ​៤២​ឆ្នាំ រស់នៅ​​ភូមិជ្រាង សង្កាត់​ជ្រាវ ។

ព្រះ​​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប-ឧត្តរ​មានជ័យ លោក​តូច សុភក្តី ​​បញ្ជាក់​ថា ក្នុង​ចំណោម​ជនជាប់​ចោទ​​ទាំង​៤នាក់​នោះ ឈ្មោះ​អឹម សៀក​ឡេង ត្រូវ​បាន​រក​ឃើញ​ថា​ជា​ជន​ដៃដល់​វាយ​ទៅ​លើ​​កម្លាំង​ប៉េអឹម​ចំនួន​ពីរ​រូប​បណ្ដាល​ឱ្យ​បែកក្បាល​គឺ​លោក​វរ​សេនី​យ៍ត្រី​វូ សុ​ភេ​ន នាយ​រង​មន្ទី​រ​ប្រ​តិ​បត្ដ​ការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដ​សៀម​រាប និង​លោក​អនុ​សេ​នីយ៍​ទោ ឆាយ​ រ៉​ង ខណៈ​ពេល​ដែល​ពួក​គាត់​ចុះ​ទៅ​ធ្វើ​អន្ដរា​គម​ន៍​ជម្លោះ​ពាក្យ​សំដី​រវាង​ក្រុម​ថត​ភាពយន្ដ​ជាមួយ​ម្ចាស់​ផលិតកម្ម​។

ចំណែក​លោក​ទី សុ​វិ​ន​ថា​ល់ ព្រះរាជ​អា​ជា្ញ​អម​​សាលាដំបូង​សៀមរាប​-​ឧត្ដរមានជ័យ ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​បាន​មាន​ប្រសាស​ន៍​ប្រាប់ថា​​ ជន​ជាប់ចោទ​ទាំង​៤​​នាក់​នោះ​ត្រូវ​បាន​តុលាកា​​រ​សម្រេច​ធ្វើការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនា​គារ ព្រោះ​​មាន​ភស្ដុតាង​មិន​អាច​ប្រកែក​បាន​។

លោក​ប៉ិច សា​វី​ន ​ដែល​អះអាង​ខ្លួន​ថា​ ជា​ថៅកែ​​ផលិតកម្ម​សា​វី​ន​ប្រូ​ដាក​សិន ​​ហើយប​​​ជួប​រឿង​ចំ​រូង​ចំ​រា​សនា​ពេល​ថត​រឿង​ខ្មោច​នោះ​និយាយ​ថា ក្រុម​​ហ៊ុន​លោក​បាន​ចំណាយ​លុយ​ប្រមាណ​ជាង ៦​ពាន់​ដុល្លា​រ​ក្នុង​ការ​ថត​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា «វេនកម្ម» ប៉ុន្ដែ​នៅ​ឈុត​បញ្ចប់​ដែល​មាន​រយៈ​ពេល​​ប្រមាណ​ជា​២​ទៅ៣​នាទី​តែ​ប៉ុណ្ណោះ​ យើង​ត្រូវ​ជ្រើសរើស​ទីតាំង​វត្ដ​អ​ធា្វ​​នេះ​ដើម្បី​ថត​ស្រាប់តែ​ជួប​រឿង​ដ៏​អាក្រក់​បែប​ហ្នឹង​។ ​លោក​បាន​បញ្ជា​ក់​បន្ថែម​ថា រឿងហេតុ​វា​កើតឡើង​ដោយសា​រ​តែ​​​​ពួក​គេ​បាន​​នាំ​គ្នា​ផឹកស៊ី និង​ចាក់​ធុងបាស់កងរំពង​ផ្អើល​អស់អ្នក​ភូមិ ហើយ​លោក​បាន​តំរូវ​ឱ្យ​បញ្ឈប់​ជា​ច្រើន​ដង​ តែ​គេ​មិន​ស្ដាប់ ផ្ទុយ​ទៅ​វិញ​​ពួក​គេ​​បាន​ហៅ​ក្មេង​កាង​ប្រចាំ​ភូមិ​មក​ស្ទាក់ផ្លូវ​ក្នុង​បំណង​វាយ​​រូប​លោក​ទៀត ទើប​​​លោក​ប្ដឹង​សមត្ថកិច្ច​ប៉េអឹ​ម​ឱ្យមក​ជួយ​អន្ដរា​គម​ន៍​។

លោក​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​ដល់​ក្រុមការងារ​មួយ​ចំនួន​បាន​បញ្ឈប់ និង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​អស់ហើយ នៅ​សល់​តែ​មួយ​ចំនួន​​ខ្លះ​កាន់ដំបង​វែង-ខ្លី​ បាន​សំរុក​វាយ​មក​លើ​ក្រុម​សមត្ថកិច្ចរ​ហូ​ត​ដល់​បែក​ក្បាល​ទើប​មានការ​ផ្ទុះអាវុធ​ត្រូវ​ចំ​ដៃ​តួ​ឯក​ស្រី ​នាង​ស្វែង សុជាតា មួយ​​គ្រាប់៕